ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់ ​មក​លោតទឹក​សម្លាប់​ខ្លួន​ ព្រោះតែ​ចាញ់បោក​ប្តី​បរទេស

ភ្នំពេញ ៖​ ដោយសារតែ​ជំពាក់​បំណុល​គេ​រុំកោះ​ ហើយ​ម្យ៉ាងទៀត ​ត្រូវ​ចាញ់បោក​ប្តី​ ដែល​ជនជាតិ​បរទេស​ផង​នោះ​ បានធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​សម្រេចចិត្ត​គិត​ខ្លី​មក​លោតទឹក​សម្លាប់​ខ្លួន ​តែ​សំណាង​បាន​អ្នកជិតខាង​ជួយ​ស្រង់​ពី​ទឹក​ទាន់​ពេល។

ហេតុការណ៍​នោះ ​បាន​ភ្ញាក់​ផ្អើល​ឡើង​នៅ​វេលា​ម៉ោង២០​និង​៤០​នាទី​ យប់​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ក្បែរ​នឹង​ព្រះអង្គ​ដងកើរ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌ​ដូនពេញ។

ស្ត្រី​ដែល​ប៉ុនប៉ង​សម្លាប់​ខ្លួន​នោះ​ឈ្មោះ សោម ស៊ី​ហួ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះសំណាក់​មួយ​កន្លែង និង​មាន​កូន​ចំនួន​២​នាក់​ក្នុង​បន្ទុក រួម​នឹង​នៅ​ក្នុង​ពោះ​ចំនួន​៨​ខែ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​មាន​ការ​ភ្ញាក់ផ្អើល ​និង​មាន​ការ​ជួយ​សង្គ្រោះ​ពី​សំណាក់​ប្រជាពលរដ្ឋ ​រួម​នឹង​អាជ្ញាធរ​ផង​នោះ ស្ត្រី​មាន​វិបត្តិ​ផ្លូវចិត្ត​ខាង​លើ ត្រូវ​បាន​អាជ្ញាធរ​សាកសួរ​នាំ និង​ដឹក​​យក​មកកាន់​ប៉ុស្តិ៍​នគរបាល​ជ័យជំនះ​ ដើម្បី​សាក​សួររក​សាច់ញាតិ និង​បញ្ហា​ដែល​បណ្តាល​ឲ្យ​គាត់​ប៉ុនប៉ង​បញ្ចប់​ជីវិត​ដោយ​លោតទឹក​សម្លាប់​ខ្លួន​បែប​នេះ។

ស្ត្រី​ដែល​មាន​វិបត្តិ​ផ្លូវ​ចិត្តបាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​គិត​ខ្លី​បែបនេះ​ព្រោះតែ​គាត់​សព្វថ្ងៃ ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​បីបាច់​មើល​ថែ​កូន​រហូតដល់​ទៅ​៣​នាក់​ ព្រោះតែ​ចាញ់​បោក​ប្តី​ជនជាតិ​បរទេស​ម្ដង​ហើយ​ម្តង​ទៀត​(​ប្តី​បរទេស​២​នាក់ ​បាន​កូន​៣​នាក់​) ​ហើយ​ម្យ៉ាង​វិញ​ទៀត​គាត់​ត្រូវ​ជំពាក់​គេ​រុំកោះ​ផង​នោះ ​ទើប​គាត់​ត្រឡប់​មកពី​ប្រទេស​វិញ​ ក៏​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​ដូច្នេះ​តែ​ម្តង ​ព្រោះ​អី​គាត់​បាន​ប៉ុនប៉ង​សម្លាប់​ខ្លួន​នៅ​ប្រទេស​គេ​ជាច្រើនលើក​ដូចជា​ រត់​ចូល​ឡាន​និង​លេប​ថ្នាំ​ប៉ា​រ៉ា​តែ​មិន​ស្លាប់​ ពេល​មក​ដល់​ស្រុក​ខ្មែរ​វិញ​ ក៏​គិត​ខ្លី​បែបនេះ​ទៀត​តែម្ដង៕

ដោយ ៖ រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114