ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ជប៉ុន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ត្រូ​ពិ​ក​ដ៏​មាន​ឥទ្ធិពល

ព្យុះ​ត្រូ​ពិ​ក​ដ៏​មាន​ឥទ្ធិពល​មួយ​បាន​វាយប្រហារ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយ​នាំមក​នូវ​ខ្យល់​បក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​ព្រមាន​អំពី​បំណាក់​ដី​និង​ទឹកជំនន់​ព្រមទាំង​នាំ​ឲ្យ​មានការ​ផ្តល់​ប្រឹក្សា​អំពី​ការជម្លៀស​មនុស្ស​និង​ភាពវឹកវរ​ក្នុងការ​ធ្វើដំណើរ​អំឡុង​ថ្ងៃ​សម្រាក​ដ៏​សំខាន់​មួយ​ផងដែរ​។​

​ព្យុះ​ត្រូ​ពិ​ក​ដ៏​ធ្ងន់ធ្ងរ​ឈ្មោះ Krosa កំពុងធ្វើដំណើរ​មកលើ​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​ជប៉ុន​ដោយ​នាំមក​ជាមួយនឹង​ខ្យល់​បក់​ក្នុង​ល្បឿន​រហូតដល់​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អាជ្ញាធរ​បានចេញ​សេចក្តីណែនាំ​អំពី​ការជម្លៀស​ដោយ​ស្ម័គ្រចិត្ត​ដល់​មនុស្ស​ប្រមាណ​៥៥០,០០០​នាក់​ដែល​ស្ថិតនៅ​ចំ​ផ្លូវ​នៃ​ព្យុះ​នេះហើយ​ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ​និង​គ្រោះមហន្តរាយ​របស់​ជប៉ុន​បាន​និយាយថា មនុស្ស​៤​នាក់​បាន​រងរបួស​ស្រាល​ខណៈ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​

​ទីភ្នាក់ងារ​នេះ​ក៏បាន​និយាយ​ផងដែរ​ថា ពិធីជប់លៀង​មួយ​ដែលមាន​មនុស្ស​ចូលរួម​១៨​នាក់​រួមទាំង​កុមារ​ផងដែរ​បាន​ជាប់គាំង​អំឡុងពេល​អាំង​សាច់​ក្នុង​ជ្រលង​ភ្នំ​មួយ​នៅពេល​ទឹកទន្លេ​ឡើង​យ៉ាង​លឿន​។ ចាប់តាំងពី​ពេលនោះ​មក ពួកគេ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ហើយ​អាច​ត្រូវបាន​ជួយសង្គ្រោះ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​ព្យុះ Krosa ក៏បាន​បង្ក​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុងការ​ធ្វើដំណើរ​ផងដែរ​នៅពេល​មនុស្ស​បាន​វិលត្រឡប់​ទៅកាន់​ទីក្រុង​ធំៗ​វិញ​បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក Obon ។​

​ជើងហោះហើរ​ក្នុងស្រុក​ជាង​៦០០​ជើង​ត្រូវបាន​លុបចោល​ទាំង​ទៅ​និង​មកពី​ទីក្រុង​នានា​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ហើយ​សេវា​រថភ្លើង​ល្បឿន​លឿន​ត្រូវបាន​បញ្ឈប់​ឬ​កាត់បន្ថយ​។​

​ការធ្វើដំណើរ​តាម​សាឡាង​ដែល​ភ្ជាប់​កោះ Shikoku ភាគខាងត្បូង​និង​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ជប៉ុន​ក៏ត្រូវ​បាន​លុបចោល​ផងដែរ​នៅពេលដែល​រលក​ខ្ពស់ៗ​បោកបក់​លើ​ឆ្នេរសមុទ្រ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114