ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trudeau ទទួលស្គាល់ថា​គាត់​បាន​រំលោភ​លើ​ច្បាប់​សីលធម៌​កាណាដា​ប៉ុន្តែ​បដិសេធ​សុំទោស

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau កាលពី​ថ្ងៃ​ពុធ​បាន​ទទួលយក​របាយការណ៍​របស់​ក្រុម​ឃ្លាំមើល​មួយ​ដែលថា គាត់​បាន​រំលោភ​លើ​ក្រមសីលធម៌​ដោយ​ការព្យាយាម​ដាក់​ឥទ្ធិពល​លើ​ករណី​ច្បាប់​ក្រុមហ៊ុន​មួយ​ប៉ុន្តែ​បាន​បដិសេធ​សុំទោស​ដោយ​និយាយថា គាត់​ព្យាយាម​ការពារ​ការងារ​។​

​លោក Mario Dion ស្នងការ​នៃ​ក្រមសីលធម៌​ឯករាជ្យ​បាន​និយាយថា លោក Trudeau និង​ក្រុម​របស់គាត់​បាន​ប៉ុនប៉ង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការសម្រេចចិត្ត​របស់​ព្រះរាជអាជ្ញា​សហព័ន្ធ​ដែលថា​ក្រុមហ៊ុន​សំណង់ SNC-Lavalin Group Inc ត្រូវតែ​ប្រឈម​នឹង​ការកាត់ក្តី​ពីបទ​អំពើពុករលួយ​។​

​ការវាយតម្លៃ​៥៨​ទំព័រ​របស់លោក Dion អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​រក្សា​អំណាច​របស់លោក Trudeau ក្នុងការ​បោះឆ្នោត​សកល​មួយនា​ខែ​ខែតុលា​។​

​លោក Trudeau បាន​និយាយថា “​ខ្ញុំ​ទទួលយក​របាយការណ៍​នេះ​ទាំងស្រុង​ហើយ​ខ្ញុំ​ទទួលខុសត្រូវ​ទាំងស្រុង​”​។ ប៉ុន្តែ​លោក​បាន​បន្ថែមថា លោក​មិន​យល់ស្រប​នឹង​ការសន្និដ្ឋាន​មួយចំនួន​របស់លោក Dion ទេ​។​

​រឿងអាស្រូវ​ពាក់ព័ន្ធ​ក្រុមហ៊ុន SNC-Lavalin ដែល​បាន​ផ្ទុះឡើង​កាលពីដើម​ខែកុម្ភៈ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព​របស់លោក Trudeau ដែល​បាន​ប្តេជ្ញាចិត្ត​បើកចំហ​និង​មាន​តម្លាភាព​។ គាត់​គឺជា​នាយករដ្ឋមន្ត្រី​កាណាដា​ដំបូង​គេ​ដែល​ត្រូវបាន​គេ​រកឃើញថា​បាន​រំលោភច្បាប់​ក្រមសីលធម៌​សហព័ន្ធ​។​

​ក្រុមហ៊ុន​នេះ​ដែល​បាន​ជួល​កម្មករ​ជាច្រើន​នៅក្នុង​ខេត្ត Quebec គឺ​ចង់​ទាញយក​ផលប្រយោជន៍​ពី​ច្បាប់​ឆ្នាំ​២០១៨​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​គេចផុត​ជាមួយនឹង​ការផាកពិន័យ​ជាជាង​ត្រូវបាន​កាត់ទោស​ពីបទ​សូកប៉ាន់​មន្ត្រី​នៅក្នុង​ប្រទេស​លី​ប៊ី​។​

​លោក Trudeau បាន​សារភាពថា កាលពី​ឆ្នាំមុន គាត់​បាន​ព្យាយាម​បញ្ចុះបញ្ចូល​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោកស្រី Jody Wilson-Raybould ឲ្យ​ពិចារណា​ឡើងវិញ​នូវ​សេចក្តីសម្រេច​របស់​ព្រះរាជអាជ្ញា​ក្នុង​ការបន្ត​ការជំនុំជម្រះ​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​តាម​ទូរទស្សន៍​នៅ​តំបន់ Niagara-on-the-Lake ក្នុង​ខេត្ត Ontario ថា “​អ្វីដែល​យើង​បានធ្វើ​កាលពី​ឆ្នាំមុន​គឺ​មិន​គ្រប់គ្រាន់​ទេ។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា​នោះ​ខ្ញុំ​មិនអាច​សុំទោស​ចំពោះ​ការ​ក្រោកឈរឡើង​ដើម្បី​ការងារ​ក្នុងប្រទេស​កាណាដា​បានឡើយ​”៕ REUTERS

ដោយ ៖ វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114