ព័ត៍មានទាន់​ហេតុការណ៏
Search

លោក មូ​ន បើកចំហ​ចំពោះ​កិច្ចពិភាក្សា​ជាមួយ​ជប៉ុន​ចំ​ពេល​មាន​ជម្លោះ​ពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បានបង្ហាញ​ពី​សញ្ញា​ផ្សះផ្សារ​ទៅរក​ប្រទេស​ជប៉ុន​ដោយ​ស្នើសុំ “​ការ​រួមដៃគ្នា​” ប្រសិនបើ​ទីក្រុង​តូ​ក្យូ​ជ្រើស​រើសយក​ការសន្ទនា​ខណៈពេល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​។​

​ទីក្រុង​សេ​អ៊ូ​ល​និង​ទីក្រុង​តូ​ក្យូ​ដែល​ទាំងពីរ​នេះ​ជា​ប្រទេស​ប្រជាធិបតេយ្យ​និង​សេដ្ឋកិច្ច​ទីផ្សារ​គឺ​បាន​ជាប់គាំង​នៅក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​ជុំវិញ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ទាំង​បង្ខំ​ដោយ​ប្រទេស​ជប៉ុន​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២០​។​

​ប្រទេសជិតខាង​ទាំងពីរ​នេះ​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ​ដក​សេចក្តីទុកចិត្ត​លើ​ភាពជា​ដៃគូ​ពាណិជ្ជ​កម្មរៀងៗ​ខ្លួន​នៅ​ខែ​នេះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក​។​

​បញ្ហា​នេះ​បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​តូ​ក្យូ​បានដាក់​កម្រិត​លើ​ការនាំចេញ​ដែលមាន​សារៈសំខាន់​ចំពោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា​ក្រុមហ៊ុន Samsung ជាដើម​កាលពី​ខែ​មុន​បន្ទាប់ពី​មាន​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​ដោយ​តុលាការ​កូរ៉េខាងត្បូង​ដែល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​បង់ថ្លៃ ចំពោះ​ពលកម្ម​សម័យ​សង្គ្រាម​។​

ប៉ុន្តែ​លោក​មូ​ន​បាន​ព្យាយាម​បន្ធូរបន្ថយ​សីតុណ្ហភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដោយនិយាយ​ថា ទីក្រុង​សេ​អ៊ូ​ល​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ទីក្រុង​តូ​ក្យូ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​ដោយ​សមរម្យ​នៅក្នុង​តំបន់​។​

លោក​មូ​ន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​រម្លឹក​ខួប​នៃ​ការរំដោះ​កូរ៉េ​ពី​ការគ្រប់គ្រង​របស់​ជប៉ុន​ឆ្នាំ​១៩១០​ដល់​១៩៤៥ ថា “​ប្រសិនបើ​ជប៉ុន​ជ្រើសរើស​ផ្លូវ​នៃ​ការសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​នោះ យើង​នឹងចូលរួម​ដោយ​ក្តី​រីករាយ​”​។​

លោក​លើកឡើងថា “​យើង​សង្ឃឹមថា ប្រទេស​ជប៉ុន​នឹង​ដើរតួនាទី​នាំមុខ​រួមគ្នា​ក្នុងការ​សម្របសម្រួល​ស​ន្តិ​ភាព​និង​វិបុលភាព​នៅ​តំបន់​អាស៊ី​បូព៌ា​ហើយ​បំភ្លេចចោល​អតីតកាល​ដែល​នាំមក​នូវ​សំណាងអាក្រក់​ដល់​ប្រទេសជិតខាង​របស់ខ្លួន​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​អះអាង​ថា រាល់​បញ្ហា​នៃ​សំណង​ក្នុងសម័យ​សង្គ្រាម​ត្រូវបាន​ដោះស្រាយ​រួចទៅហើយ​នៅក្រោម​សន្ធិសញ្ញា​ឆ្នាំ​១៩៦៥​ដែល​បាន​បង្កើត​ចំណងទាក់ទង​ការទូត​ឡើងវិញ​ដោយ​រួមមាន​ទាំង​កញ្ចប់​ជំនួយ​ឥត​សំណង​ប្រហែល​៨០០​លាន​ដុល្លារ​និង​ប្រាក់កម្ចី​ថោក​សម្រាប់​អតីត​អាណានិគម​ផងដែរ​៕ AFP

​ដោយ ៖ វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114