ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ហ្គី​ប្រា​ល់តា ​នឹង​សម្រេច​អំពី​ជោគវាសនា​របស់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដែល​ត្រូវ​រឹបអូស

នៅ​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​របស់​ប្រទេស​ហ្គី​ប្រា​ល់​តា​ នឹង​សម្រេច​ថា​តើ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​ដែល​ត្រូវ​រឹបអូស​កាលពី​ខែ​មុន​នៅ​ជិត​ដែនដី​អង់គ្លេស​ដ៏​តូច​មួយ​នេះ​ អាច​ត្រូវ​បាន​រក្សាទុក​យូរ​ជាង​នេះដែរ​ឬ​យ៉ាងណា​ចំពេល​មានការ​រំពឹងទុក​ថា​ វា​នឹង​អាច​ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​ឆាប់ៗ​នេះ។

​នាវា​ដឹក​ប្រេង Grace 1 ដែល​ដឹក​ប្រេង​អ៊ីរ៉ង់​២.១​លាន​បារ៉ែល​ត្រូវបាន​ប៉ូលិស​ហ្គី​ប្រា​ល់តា​និង​កងកម្លាំង​ពិសេស​អង់គ្លេស​រឹបអូស​យក​នៅ​ក្នុង​ទឹកដី​ក្រៅប្រទេស​របស់​អង់គ្លេស​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​មួយ​រវាង​ទីក្រុង​តេ​អេ​រ៉ង់​និង​ទីក្រុង​ឡុង​ដ៍​។ គេ​សង្ស័យថា នាវា​នេះ​បាន​ដឹក​ប្រេង​ទៅ​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ដោយ​រំលោភ​លើ​ទណ្ឌកម្ម​របស់ EU​។​

ប៉ុន្តែ​ប្រទេស​អ៊ីរ៉ង់​ដែល​បាន​ពណ៌នា​សកម្មភាព​របស់​អង់គ្លេស​ថា​ជា “​អំពើចោរកម្ម​” គឺ​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​អង់គ្លេស​ឈ្មោះ Stena Impero វិញ​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​នៅក្នុង​ច្រក​សមុទ្រ Hormuz ពីបទ​រំលោភច្បាប់​សមុទ្រ​អន្តរជាតិ​។​

បទបញ្ជា​បង្ខាំង​នាពេល​បច្ចុប្បន្ន​លើ​នាវា​នេះ​នឹង​ផុតកំណត់​នៅ​ថ្ងៃ​សៅរ៍​។​ មានការ​រំពឹងទុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ថា អាជ្ញាធរ​ហ្គី​ប្រា​ល់តា​នឹង​ដោះលែង​នាវា​ដឹក​ប្រេង​ក្នុងពេល​ឆាប់ៗ​បន្ទាប់ពី​អនុប្រធាន​អាជ្ញាធរ​កំពង់ផែ​អ៊ីរ៉ង់​លោក Jalil Eslami បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ចក្រភព​អង់គ្លេស​បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​ជម្នះ​លើ​បញ្ហា​នេះហើយ​ឯកសារ​ត្រូវបាន​ផ្លាស់ប្តូរ​។​

​លោក​បាន​បន្ថែម​នៅក្នុង​របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ IRNA ថា “​ខ្ញុំ​សង្ឃឹមថា បញ្ហា​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​” ។​

​ទន្ទឹម​នោះ រដ្ឋាភិបាល​ហ្គី​ប្រា​ល់តា​នឹងមិន​បញ្ជាក់​ឬ​បដិសេធ​អំពី​របាយការណ៍​នេះ​ទេ​។​ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា “​យើង​នឹង​បន្ត​ស្វែងរក​ការលុបបំបាត់​បញ្ហា​ដែល​បាន​កើតឡើង​ចាប់តាំងពី​ការឃាត់ទុក​នាវា Grace 1​ដោយ​ស្របច្បាប់​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114