ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​ចិន​ ដើរ​ក្បួន​នៅ​ជិត​ព្រំដែន​ហុងកុង

អ្នកយកព័ត៌មាន AFP ម្នាក់​បាន​រាយការណ៍​ថា យោធា​ចិន​រាប់ពាន់នាក់​ដែល​គ្រវី​ទង់​ពណ៌​ក្រហម​បាន​ដើរ​ក្បួន​នៅឯ​ពហុកីឡាដ្ឋាន​មួយ​ក្នុង​ទីក្រុង​នៅជាប់​ព្រំដែន​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រថពាសដែក​ក៏ត្រូវ​បាន​គេ​ឃើញ​ផងដែរ​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​នៃ​ទីក្រុង Shenzhen ដោយ​ព្រឹត្តិការណ៍​មួយ​ត្រូវ​បានរៀបចំ​ឡើងខណៈ​មានការ​ព្រួយបារម្ភ​ថា​ប្រទេស​ចិន​អាចធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចប់​ភាពចលាចល​រយៈពេល​១០​សប្តាហ៍​នៅក្នុង​ទីក្រុង​ហុងកុង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​នៅ​សប្តាហ៍​នេះ​ថា អង្គភាព​នៃ​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន (PAP) ដែល​ស្ថិតនៅក្រោម​ការបញ្ជា​រប​ស់​គណកម្មការ​យោធា​មជ្ឈិម​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង Shenzhen​។​

បើ​យោងតាម​អ្នកយកព័ត៌មាន AFP បាន​ឲ្យ​ដឹងថា យោធា​ខ្លះ​នៅ​ខាងក្នុង​ពហុកីឡាដ្ឋាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បំពាក់​គ្រឿង​សម្គាល់​ប៉ូលិស​នៅលើ​ឯកសណ្ឋាន​របស់​ពួកគេ។ គេ​អាច​មើលឃើញ​កងកម្លាំង​សន្តិសុខ​កំពុង​ធ្វើ​ចលនា​ជា​ទម្រង់​នៅ​ខាងក្នុង​ពហុកីឡាដ្ឋាន​ហើយ​ពេលខ្លះ​រត់​ខណៈដែល​អ្នកផ្សេង​ទៀត​ជិះ​ម៉ូតូ​។​

នៅ​ខាងក្រៅ​ពហុកីឡាដ្ឋាន​ក៏មាន​រថយន្ត​ធុន​ធំ​និង​រថពាសដែក​រាប់សិប​គ្រឿង​ផងដែរ។ កាសែត People’s Daily និង Global Times ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មាន​ឥទ្ធិពល​បំផុត​ទាំងពីរ​បានចេញ​ផ្សាយ​វីដេអូ​កាលពី​ថ្ងៃ​ចន្ទ​បង្ហាញ​អំពី​អ្វីដែល​ខ្លួន​និយាយថា​គឺជា​ការប្រមូលផ្តុំ​របស់ PAP នៅ​ទីក្រុង Shenzhen។

និពន្ធ​នាយក​កាសែត Global Times លោក Hu Xijin បាន​និយាយថា វត្តមាន​យោធា​នៅ​ទីក្រុង Shenzhen គឺជា​សញ្ញា​មួយ​បង្ហាញថា ប្រទេស​ចិន​បាន​ត្រៀម​ចូលធ្វើ​អន្តរាគមន៍​នៅក្នុង​ទីក្រុង​ហុងកុង។

​លោក Hu សរសេរថា “​ប្រសិនបើ​ពួកគេ​មិន​ដកថយ​ពី​ទី​នោះទេ​ហើយ​បន្ត​ជំរុញ​ស្ថានភាព​បន្ថែមទៀត​នោះ អំណាច​របស់​រដ្ឋ​អាច​នឹង​ទៅដល់​ទីក្រុង​ហុងកុង​នៅពេលណា​ក៏បាន​”​។​

​ស្របពេល​ជាមួយគ្នា​នោះ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក៏បាន​និយាយ​ផងដែរ​ថា ចារកម្ម​អាមេរិក​ បាន​បញ្ជាក់​ពី​ចលនា​កងទ័ព​ចិន​ឆ្ពោះ​ទៅ​ព្រំដែន​ហុងកុង៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114