ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ជំទង់​បារាំង​កាត់​អៀរ​ឡង់​បាន​ស្លាប់​ដោយសារ​ហូរឈាម​ក្នុង​សារពាង្គកាយ​ ប៉ុន្តែ​គ្មាន​សញ្ញា​នៃ​អំពើ​មិន​សមរម្យ​ទេ

ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្មេង​ជំទង់​បារាំង​កាត់​អៀរ​ឡង់​ម្នាក់​ដែល​បាន​បាត់​ខ្លួន​ពី​រមណីយដ្ឋាន​ព្រៃ​ម៉ាឡេស៊ី​ទំនងជា​ឃ្លាន​និង​ស្លាប់​ដោយសារ​ការហូរ​ឈាម​នៅ​ខាងក្នុង​សារពាង្គកាយ​ប៉ុន្តែ​មិនមាន​សញ្ញា​នៃ​អំពើ​មិន​សមរម្យ​ដែល​គេ​ធ្វើ​ដាក់​លើ​ក្មេងស្រី​រូបនេះ​ទេ​។​

​ពួកគេ​និយាយថា នាង Nora Quoirin អាយុ​១៥​ឆ្នាំ​ត្រូវបាន​គេ​គិតថា​បាន​ស្លាប់​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​បន្ទាប់ពី​ការបាត់​ខ្លួន​ហើយ​គ្មាន​ការចង្អុល​បង្ហាញថា​នាង​ត្រូវបាន​គេ​ចាប់ពង្រត់​ឬ​ចាប់រំលោភ​នោះទេ​។​

​សាកសព​អាក្រាតកាយ​របស់​នាង​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​ជ្រោះ​មួយ​ក្នុងព្រៃ​ដ៏​ក្រាស់​បន្ទាប់ពី​ការតាមប្រមាញ់​រយៈពេល​១០​ថ្ងៃ​ដោយមាន​ការចូលរួម​ពី​មនុស្ស​រាប់រយ​នាក់ ឧទ្ធម្ភាគចក្រ​និង​សត្វ​ឆ្កែ​ហិតក្លិន​។​

​នាង​បាន​បាត់​ខ្លួន​ពី​រមណីយដ្ឋាន Dusun ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃទី​៤​ខែសីហា​ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ទៅដល់​ទីនោះ​សម្រាក​ការឈប់​លំហែកាយ​ជាមួយ​គ្រួសារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។​

​គ្រួសារ​របស់​នាង​ជឿថា ក្មេង​ជំទង់​រូបនេះ​ត្រូវបាន​ចាប់ពង្រត់​ប៉ុន្តែ​ប៉ូលិស​បានចាត់ទុក​ការបាត់​ខ្លួន​របស់​នាង​ថា​ជា​ករណី​បាត់​ខ្លួន​។​

​ថ្លែង​បន្ទាប់ពី​ការធ្វើ​កោសល្យវិច័យ ស្នងការ​ប៉ូលិស​រដ្ឋ Negeri Sembilan លោក Mohamad Mat Yusop បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្មេង​ជំទង់​រូបនេះ​មាន​ឈាម​នៅក្នុង​ពោះវៀន​របស់​នាង​ដោយសារតែ​ការមិន​បរិភោគ​ក៏ដូចជា​មាន​ភាព​តានតឹង​ខ្លាំង​ផងដែរ​។​

​លោក​និយាយថា “​នាពេល​បច្ចុប្បន្ននេះ មិនមាន​ការសង្ស័យ​អំពី​អំពើ​មិន​សមរម្យ​នោះទេ​។ លោក​បន្ថែមទៀតថា នាង​មាន​ស្នាម​ជាច្រើន​នៅលើ​ដងខ្លួន​បន្ទាប់ពី​ស្ថិតនៅ​ក្នុងព្រៃ​ប៉ុន្មាន​ថ្ងៃ​ប៉ុន្តែ​មិនមាន​ការចង្អុលបង្ហាញ​ថា​នាង​ត្រូវបាន​គេ​រំលោភ​ផ្លូវភេទ​ឬ​ចាប់​ជម្រិត​នោះទេ​។​

​សាកសព​របស់​នាង​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ចេញពី​ជ្រោះ​ដែលមាន​ចម្ងាយ​ប្រហែល​២.៥ គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​ហើយ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ Seremban ដែល​នៅ​ទីនោះ​សាច់ញាតិ​របស់​នាង​បាន​ស្គាល់​អត្តសញ្ញាណ​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114