ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើស​ជាតិកោះ​ហុងកុង បន្ថែម​គ្រូ​ជំនួយ​ជនជាតិ​ហុងកុង​ផ្ទាល់ មុន​ជម្រុះ World Cup ជាមួយ​កម្ពុជា

ក្រុមបាល់ទាត់​ជម្រើស​ជាតិកោះ​ហុងកុង កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ បាន​ធ្វើ​ការប្រកាស​តែងតាំង​គ្រូ​ជំនួយ​ថ្មី​មួយរូប​ជា​ជនជាតិ​ហុងកុង​ផ្ទាល់ ដើម្បី​ជួយ​ក្រុម​ដឹកនាំ​ក្នុង​ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី​២ ( 2022 FIFA World Cup qualification-AFC ) ក៏ដូចជា វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដែល​ស្ថិតនៅ​ពូ​ល​រួមជាមួយ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។

គ្រូ​ជំនួយ​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ហុងកុង តែងតាំង​ថ្មី​នេះ​មាន​ឈ្មោះថា Alex Chu Chi Kwong ដែល​មាន​វ័យ ៥៣ ឆ្នាំ ហើយ​ជា​អតីត​កីឡាករ និង​គ្រូ ក៏ដូចជា​នាយក​ប្រតិបត្តិ​ដែលមាន​បទពិសោធន៍​ជោកជាំ​នៅក្នុង​បាល់ទាត់​នៃ​កោះ​ហុងកុង​មួយ​នេះ​។

ការ​ចូល​មកដល់​របស់​គ្រូ​ដែល​មាន​បទពិសោធន៍​រូ​ប​នេះ គឺ​តប​តាម​ការ​ចង់បាន​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​កោះ​ហុងកុង​ផ្ទាល់ គឺ​លោក Mixu Paatelainen ដែល​ជា​គ្រូ​បង្វឹក​សញ្ជាតិ​ហ្វាំ​ង​ឡង់ ដើម្បី​ដឹកនាំ​ក្រុម​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ២០២២ វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី​២ ( 2022 FIFA World Cup qualification-AFC ) ទល់នឹង​កម្ពុជា ដំបូង​គេ​នៅ​ដើមខែ​កញ្ញា ខាងមុខនេះ​។

ក្រោយ​ទទួល​បាន​តំណែង​នេះ លោក Alex Chu Chi Kwong បាន​លើក​ឡើង​ថា «​យើង​បាន​ពិភាក្សា​គ្នា​ច្រើនដង​មកហើយ​ផង​ដែរ និង​ទីបំផុត​សម្រេចការ​ចូលរួម​កាល​ពី​សប្ដាហ៍​មុន​។ នេះ​អាច​បណ្ដាលមកពី​ខ្ញុំ​ស្គាល់​កីឡាករ​ហុងកុង​ច្បាស់ ហើយ​គួបផ្សំ​នឹង​ខ្ញុំ​មានបទពិសោធន៍​លេង​នៅ​ទ្វីប​អាស៊ី ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាចជួយ​គ្រូបង្វឹក​បាន​។​»

គួរ​រំលឹក​ផងដែរ​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​រៀប​ចំ​ធ្វើ​ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល ពានរង្វាន់​បាល់ទាត់​ពិភពលោក ( FIFA World Cup 2022 ) វគ្គ​ជម្រុះ​ជុំ​ទី​២ ដោយ​ធ្វើឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយនឹង​ប្រទេស​ចំនួន ៤០​ចូលរួម ជា​លទ្ធផល​បាន​បង្ហាញ​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ស្ថិតនៅ​ពូ​ល C នៃ​ពានរង្វាន់​ដដែល​នេះ ដោយ​នឹង​ត្រូវ​រួម​ពូ​ល​ជាមួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់ អ៊ីរ៉ង​, អ៊ីរ៉ាក​, បា​រ៉ែ​ន និង​ហុងកុង នេះ​ផ្ទាល់​តែម្ដង​។

ដោយឡែក​សម្រាប់​ការប្រកួត​បើកឆាក​វិញ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ទទួល​ក្រុម ជម្រើស​កោះ​ហុងកុង នេះ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ការប្រកួត​នេះ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ BTV News ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114