ព័ត៍មានទាន់​ហេតុការណ៏
Search

រាជធានី​ភ្នំពេញ​នឹង​មាន​ផ្លូវ​ក្រោម​ដី​មួ​យក​ន្លែង​ទៀត​ នៅ​ផ្លូវជាតិ​លេខ​១ ​ក្នុង​ភូមិ​បឹង​ឈូក សង្កាត់និរោធ ក្បែរ​ស្ថានីយ​ទូរទស្សន៍​បាយ័ន

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន បុរី ​ប៉េង​ហួត ដោយមាន​ការចូលរួម​ពី​ក្រម JICA និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ត​ភ្ជាប់​ពី​ទីតាំង​ផ្លូវ​ផ្សារ​ទំនើប ភី​អេ​ច អេកូ ម៉​ល (PH ECO MALL)​ទៅ​ផ្លូវជាតិ​លេខ​១ ក្បែរ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស លើ​សំណើសុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដោយ​ត​ភ្ជាប់​ពី​ទីតាំង​ផ្លូវ​ផ្សារ​ទំនើប ភី​អេ​ច អេកូ ម៉​ល (PH ECO MALL) ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ធ្វើឡើង​ដើម្បី​រំដោះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ពោល​គឺ​បើ​ប្រជាពលរដ្ឋ ចាក់​ចេញពី បុរី​ប៉េង​ហួត និង​ផ្សារ​ទំនើប ភី​អេ​ច អេកូ ម៉​ល ត្រូវ​មុជ​ក្រោម​ដី ក្រោម​ផ្លូវជាតិ​លេខ​១​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​។

នៅ​តំបន់​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​និង​បាន​ធ្វើ​ចរាចរ​លើ​ផ្លូវ​នេះ ដែល​ទាមទារ​ឲ្យ​មាន U turn ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​ក្បែរ​ផ្សារ​។ ក្នុង​ឆ្នាំ​២០៣៥ អាច​នឹង​មាន Sky train ត្រង់​ចំណុច​នេះ នៅពេល​សាងសង់​ត្រូវ​ទុក​គម្លាត​សម្រាប់​គ្រឹះ​របស់ Sky train។

រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​បទ​ពិសោធន៍​លើ​ការសាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ជាច្រើន​នៅ​ក្នុង​រាជធានី។​ ជាក់​ស្តែង​ពេលនេះ​បាននឹងកំពុង​សាងសង់​ស្ពាន​អាកាស​ចោមចៅ​ផងដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ក្រុមការងារ​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​សិក្សា​ជាមួយ​ក្រុមហ៊ុន​បុរី​ប៉េង​ហួត​និង​អង្គការ​JICA មុន​ស្នើសុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៩​កន្លង​មក​នេះ កិច្ចប្រជុំ​លើ​គម្រោង​នេះ​បាន​ឯកភាព​លើ​ការងារ​មួយចំនួន ក្នុង​នោះ​រួមមាន​ការងារ​នេះ​ត្រូវបង្កើត​គណៈកម្មការ​មួយ ដោយ​ធ្វើលិខិត​ស្នើសុំ​តំណាង​ពី​ក្រសួង​សាធារណការ​ដឹកជញ្ជូន និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, អគ្គិសនី​កម្ពុជា (EDC), ទូរគមនាគមន៍​កម្ពុ​ជា (TC), មន្ទីរ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ចូលរួម​។ សិក្សា​ច្រក​ផ្លូវ​ចេញ​-​ចូល ឆ្លងកាត់​ក្រោម​ផ្លូវជាតិ​លេខ​១​ជា​កញ្ចប់​ព្រោះ​ទៅ​អនាគត​នឹងមាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើដំណើរ​ចេញចូល​យ៉ាងច្រើន​ក្រោយពេល​អភិវឌ្ឍ​រួច ដែល​ត្រូវ​មាន​ជម្រាល​និង​ចិញ្ចើម​ផ្លូវ​សម្រាប់​ជនពិការ​ផង​ដែរ​។

ត្រូវ​មាន​ការប្រជុំ​ដោះស្រាយ​ផល​ប៉ះពាល់ និង​វាយតម្លៃ​ការចំណាយ​លើ​គម្រោង​។ ការសិក្សា​អំពី​លក្ខណៈ​បច្ចេកទេស​ផ្លូវ​ក្រោម​ដី ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​ដែលជា​អ្នកទទួល​ការសាងសង់ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​លើ​បទដ្ឋាន​បច្ចេកទេស​តាម​ស្តង់ដារ​របស់​ប្រទេស​ជប៉ុន​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114