ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រុស​/​ស្រី​៤​នាក់ ​បាន​រង​របួស​ធ្ងន់​ស្រាល បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​គ្នា

រតនគិរី ៖ ម៉ូតូ​ពីរ​គ្រឿង​ពន្លះ​គ្នា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ប្រុស​/​ស្រី​៤​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុងករណី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។

​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែសីហា​ ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុងភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា ជនបង្ក​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ក្លាន ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ បាន​រងរបួស​ធ្ងន់​ត្រង់​មុខ មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​ត្រាង ឃុំ​លំ​ជ័រ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី រងរបួស​ស្រាល​។

អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ សេវ ធុន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​/​ឃុំ​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ខាងលើ រងរបួស​ស្រាល​។

​រីឯ​ជនរងគ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1C-6164 បើកបរ​ដោយ​ឈ្មោះ ស៊ី ផុន វុទ្ធី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​លក់ដូរ អីវ៉ាន់​ចាប់ហួយ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អ៊ុន ឃុំ​លំ​ជ័រ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី រងរបួស​ស្រាល​។

អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ក្លាន វេន ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ជាមួយ​អ្នកបើកបរ​ម៉ូតូ​ខាងលើ រងរបួស​ស្រាល​។

​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនបង្ក​បើកបរ​ម៉ូតូ​ចេញពី​ផ្លូវ​គ្មាន​អាទិភាព ហើយ​បាន​ជ្រុល​ចង្កូត​ទៅ បុក​ជនរងគ្រោះ​កំពុងតែ​ធ្វើ​ចរាចរណ៍​នៅលើ​ដង​ផ្លូវ​យ៉ាង​ពេញទំហឹង​តែម្តង​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​រឹបអូស​យក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​យ៉ា​ដាវ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​នីតិវិធី​ច្បាប់​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114