ព័ត៍មានទាន់​ហេតុការណ៏
Search

ទុស្សេ​​ខ្សែ​ភ្លើង​ ឆាបឆេះ​ផ្ទះ ​រាល​ទៅ​ធុង​ហ្គាស៍​ផ្ទុះ​ឆេះ​កម្លាំង​ជួយ​អន្តរាគមន៍ ​រង​របួស​មនុស្ស​៩​នាក់​

ឧ​ត្ត​រ​មានជ័យ ​៖ នៅ​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៤០​នាទី​យប់ មាន​គ្រោះថ្នាក់​អគ្គិភ័យ​ដោយ​ភ្លើង​ឆាបឆេះ​ផ្ទះ​លក់អីវ៉ាន់​លក់​ចាប់ហួយ​មួយកន្លែង​ នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។

ផ្ទះ​ទទួលរង​ការឆាបឆេះ​ខាងលើ​សាងសង់​អំពី​ថ្ម​ មាន​ទំហំ​៩​ គុណ​១២​ម៉ែត្រ​ កម្ពស់​២​ជាន់​ ដំបូល​ប្រក់​ស័ង្កសី​ បូករួម​នឹង​របស់របរ​រង​ការខូចខាត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ គួ​យ គឹមលេញ ភេទ​ប្រុស អាយុ​៥៧ឆ្នាំ រស់នៅ​ភូមិ​/ឃុំ​ខាង​លើ មុខរបរ​លក់​ចាប់ហួយ ប្រពន្ធ​ឈ្មោះ អ៊ឹង មួយ​ប៉ ភេទ​ស្រី អាយុ៤៩​ឆ្នាំ រស់នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាង​លើ​។​

​សមត្ថកិច្ច​បាន​បន្ត​ថា មូលហេតុ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​ ទើប​​បង្ក​ជា​អគ្គិភ័យ​កើតឡើង ​និង​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​

ក្នុង​ហេតុការណ៍​នេះ​ ដោយមាន​ការចូលរួម​ពន្លត់​អគ្គិភ័យ​រួមមាន​ ៖ កម្លាំង​នគរបាល​ខេត្ត ស្រុក​អន្លង់​វែង ស្រុក​ត្រពាំង​ប្រាសាទ វរៈ ៩០៥ និង​កម្លាំងយោធា​កងរាជអាវុធហត្ថ ទាំង​អាជ្ញាធរ និង​ប្រជាពល​រដ្ឋ ជួយ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គិភ័យ សរុប៥​គ្រឿង ម៉ូតូ​ដឹក​ទឹក​មួយចំនួន បាញ់​ពន្លត់​គិត​មកដល់​ម៉ោង​៥​និង​០០​នាទី​ព្រឹក ប្រើប្រាស់​ទឹក​សរុប​ចំនួន​៤០​ឡាន។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត ការខូចខាត​ខាងលើ​សរុប​ជា​ថវិកា​អស់​ចំនួន​៤៦​ម៉ឺន​ដុល្លារ​។​

​ក្នុង​ហេតុនេះ​ដែលមាន​ការផ្ទុះ​ធុង​ហ្គាស៍ ប៉ើង​កញ្ចក់ទ្វារ និង​បង្អួច បណ្តាល​ឲ្យ​រងរបួស អ្នក​កំពុង​ជួយ​អន្តរាគមន៍ សរុប​ចំនួន​០៩​នាក់ ស្រី​៤​នាក់ ក្នុងនោះ នគរបាល​ស្រុក​ចំនួន​០៤​នាក់​ទៀតផង ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​៕

ដោយ ៖ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114