ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ជំនាញ​ពន្លត់​អគ្គិភ័យ​ម្នាក់​ ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ត​ដឹក​សំរាម​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ

ព្រះសីហនុ​ ៖ ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​ភ្នាក់ងារ​ផ្នែក​ពន្លត់អគ្គិភ័យ បាន​បែក​ទ្រូង​ផុង​ថ្លើម​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ​នៅក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​ សង្ស័យ​ប្រើ​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​គូថ​រថយន្ត​ដឹក​សំរាម​មួយគ្រឿង​ដែល​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ​ដោយ​គ្មាន​ដាក់​សញ្ញា​សំគាល់​នោះ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បាន​កើតមានឡើង​នៅ​ម៉ោង​២៣​និង​៣០​នាទី​យប់ ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណោត​អូរ​ត្រាវ សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក XR230 ពណ៌​ស​-​ក្រហម ​ពាក់ស្លាកលេខ ភ្នំពេញ​1HK-6543 ធ្វើដំណើរ ពី​ក្រុងព្រះសីហនុ ទៅធ្វើ​ការ​នៅ​ព្រលានយន្តហោះ​កងកេង ហើយ​បាន​បុក​ពីក្រោយ​រថយន្ត​ដែល​ឈប់​ចត នៅពេល​យប់ គ្មាន​ដាក់​ស្លាក​សញ្ញា បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ដោយ​ជើង​គង​លើ​ម៉ូតូ​នៅ​កន្លែងកើតហេតុ។​

សមត្ថកិច្ច​បាន​ប្រាប់ទៀតថា ជនរងគ្រោះ​ពេល​បើក​បរ​មាន​ពាក់មួក​សុវត្ថិភាព​ការពារ​។ ប៉ុន្តែ​ដោយ​សារ​ពេល​បុក​នេះ ទ្រូង​ជនរងគ្រោះ​បាន​បុក​ជាមួយ​ទ្រុង​រថយន្ត​រងរបួស​យ៉ាងធ្ងន់ធ្ងរ។​

​សព​ជនរងគ្រោះ​ឈ្មោះ ញុ​ល សារឿន ភេទ​ប្រុស អាយុ២៩​ឆ្នាំ ធ្វើការ​នៅ​ព្រលានយន្តហោះ​កងកេង​ខេត្ត​ព្រះសីហនុ មុខជំនាញ​ខាង​ពន្លត់អគ្គិភ័យ មាន​ទីលំនៅ​ភូមិ​១​សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះសីហ​នុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ រថយន្ត​ដឹក​សំរាម ម៉ាក HYUNDAI ពណ៌ ទឹកសមុទ្រ គ្មាន​ស្លាកលេខ កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ដឹក​សំរាម KSWM មាន​ទីតាំង​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ក្រោយ​កើតហេតុ​គេ​មិន​បានឃើញ​តៃកុង​រថយន្ត​ដឹក​សំរាម​នោះទេ។​ ចំណែក​រថយន្ត​ដឹក​សំរាម​ដែល​ចត​ចោល​នោះគេ​ក៏​មិនដឹងថា​រថយន្ត​នេះ​ឈប់​ចត​ចោល​តាំងតែ​ពី​ពេលណា​នោះដែរ​។​

បច្ចុប្បន្ន វត្ថុ​តាង​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​សមត្ថកិច្ច​ជំនាញ យកមក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ ស៊ុយ ចាន់​ធា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114