ព័ត៍មានទាន់​ហេតុការណ៏
Search

មណ្ឌល​ហែល​ទឹក​ដែល​មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​តម្លៃ​២​លាន​ដុល្លារ​ នៅ​ខេត្តបាត់ដំបង​

​​មណ្ឌល​ហែល​ទឹក​មួយកន្លែង ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ​និង​មានតម្លៃ​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​នោះ នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅក្នុង​ទឹកដី​ខេត្ត​បាត់ដំបង នាពេលខាងមុខ បន្ទាប់​ពី​បាន​បើក​ការដ្ឋាន​សាងសង់​ហើយ​នោះ។​

​លោក ហែម គិរី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បានឲ្យ​ដឹងថា ​មណ្ឌល​ហែល​ទឹក​នេះ សាងសង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ លើ​ផ្ទៃដី​សាងសង់​ទំហំ​១១២​ម៉ែត្រ គុណ​នឹង​៦៥​ម៉ែត្រ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

​មណ្ឌល​ហែល​ទឹក​នេះ មាន​អាង​សម្រាប់​ប្រកួត​មាន​ទំហំ​២៥​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ និង​ជម្រៅ​២​ម៉ែត្រ។ អាង​លោតទឹក​ទំហំ​២០​ម៉ែត្រ គុណ​២៥​ម៉ែត្រ ជម្រៅ ៤,៥​ម៉ែត្រ។​ ប៉ម​លោតទឹក​កម្ពស់​១០​ម៉ែត្រ ចែក​ជា​ថ្នាក់​លោត​កម្ពស់​៣,៥​ម៉ែត្រ​, ៧​ម៉ែត្រ និង​១០​ម៉ែត្រ។

​អាង​ទាំងបី និង ​ប៉ម​លោតទឹក ​ត្រូវ​សាងសង់​នៅលើ​ខឿន​ទំហំ​៤០​ម៉ែត្រ គុណ​១១២​ម៉ែត្រ ខ្ពស់​ជាង​ដី​កំ​ណើត​១,៥​ម៉ែត្រ។​អាងទឹក​ក្នុង​ដី​សម្រាប់​រក្សា​តុល្យភាព​ទឹក​អាង​ទាំងបី ទំហំ១០ម៉ែត្រ គុណ១៥ ម៉ែត្រ ជម្រៅ​២,៥​ម៉ែត្រ។​ កន្លែង​អង្គុយ​ទស្សនា​ទំហំ​៧​ម៉ែត្រ គុណ​៨៣​ម៉ែត្រ ចំណុះ​៤០០​នាក់ ក្នុង​នោះ​សម្រាប់​គណៈអធិបតី ចំនួន៥០​នាក់។​

​បន្ទប់​ម៉ាស៊ីន​ចម្រោះ ទំហំ៧​ម៉ែត្រ គុណ១៣​ម៉ែត្រ​បន្ទប់​ឃ្លាំង​ទំហំ៧​ម៉ែត្រ គុណ១០ ម៉ែត្រ​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ទំហំ ៤​ម៉ែត្រ គុណ ៧​ម៉ែត្រ ចំនួន៣បន្ទប់​។​ បន្ទប់ទឹក​កីឡាករ២​បន្ទប់ កីឡា​ការិនី ២​បន្ទប់​។ ​បន្ទប់ទឹក​សាធារណៈ​២​កន្លែង បុរស​៦​បន្ទប់ នារី​៦ បន្ទប់​ជនពិការ១​បន្ទប់​ ទីធ្លា​ចំណតរថយន្ត និង​ទោចក្រយានយន្ត​៧០០​ម៉ែត្រការេ​។​ អគារ​ពហុ​ប្រើប្រាស់​ទំហំ៧​ម៉ែត្រ គុណ៣៥​ម៉ែត្រ ពីរ​ជាន់ ចែក​ជា​បន្ទប់​ពិសេស​គណៈ អធិបតីទំហំ៧​ម៉ែត្រ គុណ១០ម៉ែត្រ​។​ បន្ទប់​ពហុ​ប្រើប្រាស់​ទំហំ៧​ម៉ែត្រ គុណ១៥​ម៉ែត្រ​បន្ទប់​បញ្ជាការ​ប្រកួត​ទំហំ៣​ម៉ែត្រ គុណ៥​ម៉ែត្រ។ បន្ទប់​ឃ្លាំង​ជាន់​ទី​១​ទំហំ​៤​ម៉ែត្រ​គុណ៥​ម៉ែត្រ​ បន្ទប់សង្គ្រោះបន្ទាន់​ទំហំ៤ម៉ែត្រ គុណ៥​ម៉ែត្រ។ បន្ទប់​អាជ្ញាកណ្ដាល ទំហំ​៤​ម៉ែត្រ​ គុណ​៥​ម៉ែត្រ​កន្លែង សម្រាក​រយៈពេល​ខ្លី ក្នុង​ពេល​ប្រកួត​ទំហំ៤​ម៉ែត្រ គុណ២៤​ម៉ែត្រ​។ ​បន្ទប់​ស្នាក់នៅ​សម្រាប់​កីឡាករ​នាក់​ទាំង​ពីរ​ភេទ ចំនួន៩ ទំហំ៣,៥​ម៉ែត្រ គុណ១៦​ម៉ែត្រ បន្ទប់​បរិភោគ និង​ចង្ក្រាន ទំហំ៥​ម៉ែត្រ គុណ៨​ម៉ែត្រ និង​សាងសង់​រយៈពេល​២៤​ខែ​។​

​អាងទឹក​នេះ​កសាងឡើង​ដោយ​យក​គំរូ​ប្លង់​តាម​«​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​ខេត្ត​កំពង់ចាម ដោយ​គំរោង​ប្រើប្រាស់​ថវិកា​ប្រមាណ​២,០០០,០០០​ដុល្លារ​(​ពីរលាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដើម្បី​អាច​ឲ្យ​កីឡាករ​-​កីឡា​ការ​នី​ទាំង​ជាតិ ​និង​អន្តរជាតិ ក៏ដូចជា​មហាជន​ទូទៅ​ធ្វើការ​ហ្វឹកហាត់​កីឡា​ហែលទឹក​ដើម្បី​សុខភាព​។ ​ជាមួយគ្នានេះ អាងទឹក​នេះ ក៏​ជា​កន្លែង​ប្រកួត​កម្រិត​ជាតិ ឬ​អាច​ប្រកួត​កម្រិត​តំបន់​បាន។

​លោក ហែម គិរី អគ្គលេខាធិការ​ នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បាន​ប្រាប់ថា សាងសង់​មណ្ឌល​កីឡា​ហែលទឹក​នៅ​ខេត្ត​បាត់ដំបង​នេះ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក​ក្នុង​ការ​អភិវឌ្ឍ ​និង​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡា​ការ​នី​ឈុត​ធំ និង​ថ្នាល​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិ​ការណ៍​កីឡា​កីឡា​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​២០២៣( SEA GAMES 2023 ) នា​ពេល​ខាង​មុខ​។​

​សូមបញ្ជាក់ថា មណ្ឌល​កីឡាហែលទឹក​នៅ​ខេត្តបាត់ដំបង ដែលមាន​ទីតាំង ​ស្ថិតនៅក្នុង​បរិវេណ ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤​ ខែ​សីហា​ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ជា​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114