ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រំ ​សំណាង ជួបខុង ករ ខណៈ​អ៊ូច ធា​រិ​ទ្ធ ជួប ក្រក់​ ផេ​ត​ នៅ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ​

​ព្រំ សំណាង អ្នក​ប្រដាល់​ជើង​ខ្លាំង​ នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​គេ​ផ្គូឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ​(khong Kor. Gamesthakrai)​នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​សីហា​ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​វ៉ើ​ក​បាយ័ន​ស្ទឹងមានជ័យ។​

​ព្រំ សំណាង និង ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់៧២គីឡូក្រាម។ សំណាង​លើក​នេះ ប៉ះ​ចំ​ជើង​ខ្លាំង​ហើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ត្រឹមតែ​វាយ​ខ្លាំង​ទេ គឺ​ថែមទាំង​ជា​ជើង​ខ្លាំង​នៅ​ប្រចាំ​នៅ​ស្រុកថៃ​ផងដែរ។ នេះ​បើតាម​អ្នកគ្រប់គ្រង​និង​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

​ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ គេ​ជា​ជើង​ខ្លាំង​ជើងចាស់​នៅ​ស្រុកថៃ តែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ គឺជា​លើក​ទី​១​សម្រាប់​រូបគេ​ដែល​មកជួប​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​នេះ។

​ដូចនេះ​មិនធម្មតា​ទេ យក​ថៃ​ជើង​ខ្លាំង​មកជួប​ព្រំ​សំណាង​លើក​នេះ ដោយសារតែ​យកមក​លើក​មុនៗ​ត្រូវ​សំណាង​បំបាក់​តែ​ក្នុង​ទឹក​ទី​១​ទី​២​ឬ​ទី​៣​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​សំណាង ដាច់បាយ​ជួប​បញ្ហា​អត់​គូ​វាយ​រហូតមក​ដល់ពេលនេះ។​

​ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ក្នុងនោះ​ឈ្នះ ៦៨ លើក ចាញ់ ០៥​លើក និង ស្មើ ០២ លើក។

​ទោះជា​យ៉ាងណា ព្រំ សំណាង គេ​មិន​ខ្លាច​នោះឡើយ ដោយ​គេ​បាន​អះអាងថា ការ​ឈ្នះ​ចាញ់ មិនអាច​ទាយ​មុន​បានទេ គឺ​ទាល់តែ​ប្រកួត​គ្នា​ទើប​ដឹងថា អ្នកឈ្នះ អ្នកណា​ចាញ់​បាន។ សំណាង ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Manouv Van ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​០៩​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លងទៅ។ គិត​ត្រឹម​ពេលនេះ ព្រំ សំណាង គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​ប្រមាណ​ជាង​៣០​នាក់​ហើយ ក្នុងនោះ​មាន​ថៃ​ជាង​២០​នាក់​ផងដែរ។​

​ព្រំ សំណាង គេ​មាន​ផ្លែ​កណ្ដាប់ដៃ​ និង​ជង្គង់​ល្អ​ណាស់ ហើយ​ថែមទាំង​មាន​កម្លាំង​កាយសម្បទា​ល្អ​រឹងមាំ មិន​ចាញ់​អ្នក​ប្រដាល់​បរទេស​ឡើយ។ ហើយ​បើ​ប្រកួត​ជាមួយ​ខ្មែរ​គ្នាឯង​វិញ សំណាង​ហាក់​ដូចជា​រក​ដៃគូ​មិនបាន​នោះទេ ព្រោះ​គេ​ឈ្នះ​រហូត។ សំណាង មានចិត្ត​ប្រដាល់​ធំ មិនចេះ​ខ្លាច មិន​ចេះ​ញញើត គ្រាន់តែ​គេ​ខ្វះ​ល្បិចកល​ក្នុងការ​ផ្ដួល​គូប្រកួត​តែប៉ុណ្ណោះ។

​ទោះជា​យ៉ាងនេះ​ក្តី ព្រំ សំណាង​មិនទាន់​ប្រាកដថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ បាន​នោះឡើយ​។​ ហើយ​យ៉ាងណា​ព្រំ សំណាង ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​ដែរ។​

​ព្រំ សំណាង មាន​ប្រវត្តិ​ប្រកួត​៨៨​លើក ក្នុងនោះ​វាយ​ឈ្នះ​៧៨​លើក ចាញ់​០៨ លើក និង ស្មើ​០២​លើក​។ ចាំមើល តើ​ព្រំ សំណាង ឬ ខុង ករ​.​កេ​ម​ស៍​ថា​ក្រៃ ដែល​ឈ្នះ​ក្នុង​ការជួប​ប្រកួត​គ្នា​នេះ។​

​ចំណែក អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ក្រក់​ផេ​ត គៀត​បណ្ឌិត​(Krokpetch Kheathnadit) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ម្តងណា​នៅឡើយ​ទេ​កន្លងមក​។​

​អ៊ូច ធា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​២២​លើក និង​ឡាវ​១​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​២៣ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ​(២០​កក្កដា​២០១៩) គេ​បាន​ផ្ដួល​យក​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ ថា​ណាក់​ផុល​(Thanak phol) ក្នុង​ទឹក​ទី​២។​

​ធា​រិ​ទ្ធ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៧១​លើក ក្នុងនោះ​វាយ​ឈ្នះ​៥១​លើក ចាញ់​១៥ លើក និង​ស្មើ ០៥​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ធា​រិ​ទ្ធ​អាច​យកឈ្នះ​ក្រក់​ផេ​ត គៀត​បណ្ឌិត បាន​ឬក៏​អត់​នោះទេ​?។​

​ក្រក់​ផេ​ត គៀត​បណ្ឌិត ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ​។ ដូច្នេះ អ៊ូច ធា​រិ​ទ្ធ​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការលំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង។ តែបើ​អាច​ឈ្នះ​បាន គឺមាន​តែ​ការ​វាយ​ប្តូរ​កែង​មួយ​មុខ​គត់ ដែល​ប្រថុយ​ដូរ​ជាមួយនឹង​ជ័យ​ជំនះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក។ ចាំមើល រវាង​អ៊ូច ធា​រិ​ទ្ធ និង ក្រក់​ផេ​ត​គៀត​បណ្ឌិត តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការជួបគ្នា​នេះ?។​

​ចំពោះ​ការប្រកួត​សន្សំ​ប្រា​ក់លាន​វិញ គឺជា​ការប្រកួត​ជុំ​ទី​២​របស់​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​ជាមួយ​លើក​ទី​១​របស់​អេ​លី​ត ភក្តី អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូចគ្នា តែ​មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។ អ្នក​ដែល​ឈ្នះ នឹង​ទទួលបាន​បន្ថែម​ប្រាក់​មួយ​លាន​រៀល​ទៀត និង​នៅ​បន្ត​ការប្រកួត​ជា​បន្តទៀត តែ​អ្នកចាញ់​វិញ​គឺ​ចប់​ត្រឹមនេះ៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114