ព័ត៍មានទាន់​ហេតុការណ៏
Search

មឿ​ន សុខ​ហ៊ុ​ច សាក​កណ្ដាប់ដៃ​ជាមួយ រុង ណា​ផា ឯ លាភ រដ្ឋា ជួប​ ឆរ​មូ​ក លើ​សង្វៀន​ឆេ​ម​ពាន​

​មឿ​ន សុខ​ហ៊ុ​ច អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​រុង ណា​ផា (Roung Napha) នា​យប់​ថ្ងៃអាទិត្យ​ ទី​១៨ ខែ​សីហា ​ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​ឆេ​ម​ពាន​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។​

​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុខ​ហ៊ុ​ច និង រុង ណា​ផា នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​កន្លងមក។ ដូច្នេះ​ការជួបគ្នា​លើក​នេះ គឺជា​ការជួប​លើកដំបូង​របស់​ពួកគេ​ទាំងពីរ​នេះ។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម។

​អ្នក​ប្រដាល់ មឿ​ន សុខ​ហ៊ុ​ច ឥឡូវនេះ​មិន​ដូច​ពីមុន​ទេ។ គេ​មានការ​វិវត្តន៍​ខាង​ក្បាច់គុន​ច្រើន គួបផ្សំ​នឹង​ការ​ខំប្រឹង​ហ្វឹកហាត់​ទៀត ឃើញថា​គេ​ខ្លាំង​ និង​ល្អ​ជាង​មុន​។ សុខ​ហ៊ុ​ច មាន​ប្រវត្តិ​ប្រកួត​១៥៨​លើក ឈ្នះ​១២៩​លើក ចាញ់​២៤​លើក​និង​ស្មើ​០៥​លើក ហើយ​សុខ​ហ៊ុ​ច ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ជាច្រើន​នាក់។ ប៉ុន្តែ​អ្វីដែល​មឿ​ន សុខ​ហ៊ុ​ច ជួប​ការលំបាក​ក្នុងការ​ប្រកួត​លើក​នេះនោះ គឺ​ត្រង់​រុង​ណា​ផា គេ​មាន​កម្ពស់​ខ្ពស់ជាង គឺ​១,៧១​ម៉ែត្រ ខណៈ​ដែល​ខ្លួនឯង​១,៦៧​ម៉ែត្រ​នោះ។​

​មឿ​ន សុខ​ហ៊ុ​ច ពេលនេះ​ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ជាមួយ​រុង ណា​ផា ដែលជា​ជើង​ខ្លាំង​ម្នា​ក់នៅ​ស្រុកថៃ។ រុង ណា​ផា ជា​លើក​ទី​១​សម្រាប់​គេ ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នេះ។ បើតាម​ប្រវត្តិ​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ប្រដាល់​ល្អ និង ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​ក៏​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧២​លើក ឈ្នះ​៦០​លើក ចាញ់​១២​លើក មិនដែល​ស្មើ។​

​ចាំមើល ការ​មកជួប​ជាមួយ​មឿ​ន ​សុខ​ហ៊ុ​ច​ លើកដំបូង​នេះ រុង​ណា​ផា អាច​ជួប​សំណាង​ឈ្នះ​សុខ​ហ៊ុ​ច បាន​ឬ​អត់ ?​។ ​សុខ​ហ៊ុ​ច ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​បាន​វាយ​ចាញ់​គ្រៀង ក្រៃ ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​១៦​មិថុនា​កន្លងទៅនេះ។

​ចំពោះ​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ​វិញ ត្រូវគេ​ផ្គូ​ឲ្យ ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឆរ មូ​ក​ភេត (Chhormouk Phat) ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០ គីឡូក្រាម។

​ឆរ មូ​ក​ភេត នេះ មាន​កម្ពស់​លើស​លាភ រដ្ឋា គឺ​១,៦៦​ម៉ែត្រ ឯ លាភ រដ្ឋា ១,៦៤ ម៉ែត្រ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៦០​លើក ចាញ់​០៨​លើក និង​មិនដែល​ស្មើ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​នៅ​ស្រុកថៃ។ នេះ​បើតាម​លោក ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV​ឲ្យដឹង។​

​លាភ រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​វិញ គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុក​ខ្មែរ ហើយ​គេ​ក៏​ជា​ម្ចាស់​ពានរង្វាន់​ជើងឯក TV5 ទម្ងន់​៦០គីឡូក្រាម ផងដែរ​។ ​រដ្ឋា គេ​ស្ទើរ​កម្ពស់​ក៏ពិតមែន តែ​ការ​វាយ​ចេញ​របស់គេ​ធ្ងន់ ហើយ​គេ​វាយ​មិនសូវ​ចេះ​ដកថយ​ឡើយ។ ​រដ្ឋា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥០​លើក និង​ចាញ់​១៣​លើក និង​ស្មើ​០២​លើក។​

​ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ លាភ រដ្ឋា វាយ​មិន​ញញើត​អ្នក​ប្រដាល់​នោះឡើយ​។ ចាំមើល តើ ​លាភ រដ្ឋា អាច​យកឈ្នះ​ឆរ មូ​ក​ភេត បាន ​ឬ​អត់​សម្រាប់​ការ​ជួប​គ្នា​ដំបូង​នេះ​?។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង នឹងត្រូវ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​លីន វិ​រៈ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​ពីមុនមក។ ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ គឺ​ស៊ីសង​លើ​សមត្ថភាព​បច្ចេកទេស អ្នកណា​ល្អ​និង​ខ្លាំង អ្នកនោះ​នឹង​ឈ្នះ។​

​​កុយ ចាន់តូ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រកួត​ជម្រះបញ្ជី​ជាមួយ​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​២​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ចាញ់​គ្នា​ដោយ​ពិន្ទុ​ម្ដងម្នាក់ ។ ចាំមើល ជួបគ្នា​លើក​ទី​៣​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

​សូត្រ វាសនា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក។ ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕

​ដោយ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114