ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​ស្វាយរៀង ​ដឹកនាំ​មន្ត្រីរាជការ​ចុះជួយ​ស្ទូង​ជូន​ពលរដ្ឋ​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ ដើម្បី​ជំរុញ​ការផលិត​ស្រូវ​ឲ្យ​ទាន់​រដូវ​

​ស្វាយរៀង​ ៖​ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបី ​ចុះ​ជួយ​ស្ទូងស្រូវ​ជូន​ប្រជាពលរដ្ឋ ​និង​ស្នើ​ឲ្យ​តាម​មន្ទីរ​អង្គភាព​ជំនាញ ដែល​ទទួល​ឧបត្ថម្ភ​ភូមិ​/ឃុំ ត្រូវ​រៀបចំ​ចុះ​តាមដាន​សកម្មភាព បង្កបង្កើន​ផល​របស់​ពលរដ្ឋ និង​ឆ្លើយតប​នូវ​តម្រូវការ ទឹក ពូជ ជី ពិសេស​ចុះ​ជួយ​ដក​ស្ទូង ពលរដ្ឋ ដែល​ប្រឈម​ខ្វះ​កម្លាំង​ពលកម្ម សំដៅ​ជំរុញ​ការងារ​បង្កបង្កើន​ផល​អោយទាន់​រដូវ។

លោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងពេល​ចុះជួយ​ដក​ស្ទូង​ជូន​ពលរដ្ឋ​នៅ​ភូមិ​អង្គ​សាលា ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩ បាន​ស្នើ​ និង​ជំរុញ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​អង្គភាព ខេត្ត ស្រុក ក្រុង ដែល​ចុះជួយ​ឧបត្ថម្ភ ភូមិ/​ឃុំ ត្រូវ​ចុះ​តាមដាន​សកម្មភាព ការងារ បង្កបង្កើនផល និង​ត្រៀម​ឆ្លើយ តប​រាល់​តម្រូវការ ខណៈដែល​ពលរដ្ឋ​ប្រឈម​នឹង​កង្វះខាត​លើ មធ្យោ​បាយ ពូជ ជី ទឹក ពិសេស​ដឹកនាំ​កម្លាំង មន្ត្រីរាជការ​ចុះជួយ​ដក​ស្ទូង​នៅ​ថ្ងៃ​ឈប់សម្រាក ពី​ការងារ​រដ្ឋ សំដៅ​បម្រើ ​និង​ជំរុញ​ការងារ​បង្កបង្កើនផល​ឲ្យ​រដូវ​កាល។​

ជុំវិញ​ទៅ​នឹង​ការងារ​បង្កបង្កើនផល​នេះ​ដែល​លោក​អភិបាលខេត្ត នូវ​បាន​ជំរុញ​ដល់​មន្ទីរ​កសិកម្ម មន្ទីរ ធនធាន​ទឹក​ និង​ឧតុនិយម ពិសេស​អាជ្ញាធរ​ភូមិ/​ឃុំ​/ស្រុក​ ត្រូវ​បន្ត​ចុះ​តាមដាន និង​ជីក​ស្តា​ប្រឡាយ​នាំ ទឹក ផ្តល់​ទៅ​មូលដ្ឋាន ដែល​ជួប​កង្វះ ដើម្បី​ឲ្យ​ពលរដ្ឋ​បូម​បន្ត​ទឹក​ទៅ​ស្រោចស្រព​លើ​ផ្ទៃដី ដែល​ប្រឈម​បើ​មូលដ្ឋាន​ណា ដែល​ជួប​បញ្ហា​ទឹក​បង្កបង្កើនផល។

ទាក់ទង​ទៅ​នឹង​ការងារ​បង្កបង្កើនផល​នេះដែរ ឯកឧត្ដម​អភិបាលខេត្ត បានស្នើ និង​ជំរុញ​ដល់​ក្រុម កសិករ ត្រូវ​ពិចារណា​ជ្រើសរើស​ពូជស្រូវ ដើម្បី​ផលិត​ឲ្យ​ត្រូវ​នឹង​ទីផ្សារ​បច្ចុប្បន្ន ដាំ​ដំណាំ​រួមផ្សំ រួម​នឹង​ការ​ចិញ្ចឹម​សត្វ​ឲ្យបាន​គ្រប់​គ្រួសារ សំដៅ​បម្រើការ​ហូបចុក ក្នុង​គ្រួសារ និង​នាំ​ទៅកាន់​ទីផ្សារ បង្កើន​ប្រាក់ចំណូល​គ្រួសារ បន្ថែម​ពីលើ​ផលិតផល​ស្រូវ។​

លោក​ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ​ខេត្ត​ស្វាយរៀង ដោយ​មាន​អំណោយ​ទឹកភ្លៀង​ពី​ដើម​រដូវ គួបផ្សំ​ទៅ​នឹង​ប្រព័ន្ធ​ប្រឡាយ​នៅ​គ្រប់​តំបន់​ផល​នោះ ក្រុម​កសិករ​នៅក្នុង​ខេត្ត សម្រេច​ផលិត​ស្រូវ​គ្រប់​ប្រភេទ បាន​ប្រមាណ​ជាង​៨០%​ នៃ​ផែន​ការផលិត​ស្រូវ​ប្រចាំ​ឆ្នាំ​១៦៧.៥០០​ហិកតា។

លោ​កថា​ ទន្ទឹម​នឹង​ការងារ​ស្ទូង​ដក​នេះដែរ ក្រុម​កសិករ​នៅ​តំបន់​ទំនាប ក្នុងស្រុក​ស្វាយជ្រំ កំពង់រោទិ៍ ចន្ទ្រា និង មួយផ្នែក​ស្រុក​រមាសហែក សម្រេច​ប្រមូល​ផល​ស្រូវស្រាល និង​បង្កើន​រដូវ​បាន​ជាង​៧​ពាន់​ហិច​តា​ផងដែរ​៕

ដោយ ៖ ​គឹម ​សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114