ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បន្ត​ទៀត ហើយ​បដិសេធ​ការប្តេជ្ញា​របស់​កូរ៉េខាងត្បូង​សម្រាប់​កិច្ចសន្ទនា

ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​គ្រាប់​ចូលទៅក្នុង​សមុទ្រ​នៅ​ថ្ងៃ​សុក្រ​និង​បាន​ច្រានចោល​ការអំពាវនាវ​ដ៏​ល្ងង់ខ្លៅ​សម្រាប់​កិច្ចសន្ទនា​ពី​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន។

វា​គឺជា​ការបាញ់​លើក​ទី​៦​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដើម្បី​ប្រឆាំង​ទៅនឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​។ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានចាត់ទុក​ការសាកល្បង​នេះ​ថា​ជា “​ការព្រមាន​យ៉ាង​មុតមាំ​” ចំពោះ​ប្រទេស​កូរ៉េខាងត្បូង។

ទីក្រុង​ព្យុងយ៉ាង​តែងតែ​បង្ហាញ​អំពី​កំហឹង​ចំពោះ​សមយុទ្ធ​ដែល​ខ្លួន​ចាត់ទុកថា​ជាការ​ហាត់​សម​សម្រាប់​ការ​លុកលុយ​ប៉ុន្តែ​កាលពី​អតីតកាល​បាន​ចៀសវាង​ការសាកល្បង​ខណៈពេល​ស​ម​យុទ្ធ​កំពុង​ធ្វើឡើង​។​

យោធា​កូរ៉េខាងត្បូង​និយាយថា មី​ស៊ី​ល​ទាំងនេះ​ត្រូវបាន​បាញ់​ចេញពី​ក្បែរ​ទីក្រុង Tongchon នៃ​ខេត្ដ Kangwon ចូលក្នុង​សមុទ្រ​ខាងកើត​ដែល​ក៏ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា​ជា​សមុទ្រ​ជប៉ុន​។​

​ការធ្វើ​តេស្ត​ចុងក្រោយ​បំផុត​នេះ​បានកើត​ឡើង​នៅពេល​គណៈកម្មាធិការ​ស​ម្រា​ប់​ការបង្រួបបង្រួម​ប្រទេស​ដោយ​សន្តិភាព​របស់​កូរ៉េខាងជើង​និយាយថា ខ្លួន​បាន​ច្រានចោល​ការអត្ថាធិប្បាយរ​បស់​លោក​មូ​ន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​គូសបញ្ជាក់​ពី​បំណងប្រាថ្នា​របស់លោក​ស​ម្រា​ប់​ការបង្រួបបង្រួម​ហើយ​បាន​និយាយថា ខ្លួន​គ្មានអ្វី​ត្រូវ​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​ទៀត​ទេ​។​

​គណៈកម្មាធិការ​នេះ​បាន​ហៅ​លោក​មូ​ន​ថា​ជា “​មនុស្ស​គ្មាន​ការអៀនខ្មាស់​” ដោយសារតែ​ក្តីសង្ឃឹម​របស់លោក​ក្នុង​ការបន្ត​កិច្ចចរចា​អន្តរ​កូរ៉េ​ឡើងវិញ​ខណៈពេល​កូរ៉េខាងត្បូង​កំពុង​បន្តធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ប្រភេទ​ពិតប្រាកដ​នៃ​មី​ស៊ី​ល​ដែល​បាញ់​នៅ​ថ្ងៃ​សុក្រ​គឺ​នៅតែ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​ប៉ុន្តែ​ទីក្រុង​សេ​អ៊ូ​ល​បាន​ពណ៌នា​ការបាញ់​ភាគច្រើន​កាលពី​លើក​មុន​ថា​ជា​មី​ស៊ី​ល Ballistic រយៈ​ចម្ងាយ​ខ្លី​។​

​អគ្គសេនាធិការ​ចម្រុះ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​កំពុង​តាមដាន​ស្ថានការណ៍​ក្នុងករណី​មានការ​បាញ់​បង្ហោះ​បន្ថែម​ហើយ​រក្សា​ឥរិយាបថ​ត្រៀមខ្លួន​ជានិច្ច​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114