ព័ត៍មានទាន់​ហេតុការណ៏
Search

វេទិកា​តំបន់​ប៉ាស៊ីហ្វិក​ប្រែ​ទៅជា​ជម្លោះ​ជាមួយ​អូស្ត្រាលី​ជុំវិញ​គោលដៅ​អាកាសធាតុ

នៅ​ថ្ងៃ​សុក្រ បណ្តា​មេដឹកនាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ព្រមាន​ថា ពិភពលោក​នឹង​ប្រឈមមុខ​នឹង​វិបត្តិ​អាកាសធាតុ​ប៉ុន្តែ​បាន​ត្អូញត្អែរថា សារ​របស់​ពួកគេ​ស្តីពី​ការឡើង​កម្តៅ​សកលលោក​ត្រូវបានធ្វើ​ឲ្យ​ចុះខ្សោយ​ដោយសារតែ​ការ​រឹងរូស​របស់​ប្រទេស​អូស្ត្រាលី​។​

​វេទិកា​កោះ​ប៉ាស៊ីហ្វិក (PIF) ប្រចាំឆ្នាំ​បានបញ្ចប់​ទៅ​នៅ​កោះ Tuvalu កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​ប្រទេស​អូស្ត្រាលី​និង​សមាជិក​១៧​ទៀត​របស់​ក្រុម​នេះ​មាន​ជម្លោះ​ជាមួយគ្នា​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ទីក្រុង​កង់​បេ​រ៉ា​ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់​នេះ​។​

​មេដឹកនាំ​នៃ​ប្រជាជាតិ​កោះ​ដែល​ភាគច្រើន​ត្រូវបាន​គំរាមកំហែង​ដោយ​ការកើនឡើង​នៃ​ទឹកសមុទ្រ​បាន​និយាយ​យ៉ាង​តឹង​សរសៃ​.​ក​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដោយបាន​រិះគន់ថា ប្រទេស​អូស្ត្រាលី​មិន​បានធ្វើ​សកម្មភាព​គ្រប់គ្រាន់​ទេ​លើ​ការគំរាមកំហែង​នៃ​ការឡើង​កម្តៅ​ពិភពលោក​។​

​គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ដាក់ចេញ​នូវ​ការអំពាវនាវ​ជា​សកល​ឲ្យ​ប្រទេស​នានា​ធ្វើ​សកម្មភាព​លើ​បញ្ហា​ជួរមុខ​នៃ​ការប្រែប្រួល​អាកាសធាតុ​មុន​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ខែ​ក្រោយនេះ​។​

​ប៉ុន្តែ​នាយករដ្ឋមន្ត្រី​កោះ Tuvalu លោក Enele Sopoaga បាន​ទទួលស្គាល់ថា សេចក្តីថ្លែងការណ៍​ស្តីពី​អាកាសធាតុ​ត្រូវបាន​ចេញផ្សាយ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​បន្ទាប់ពី​ការចរចា​យ៉ាង​តឹង​សរសៃ​.​ក​អស់​រយៈពេល​១២​ម៉ោង​។ លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​គិតថា យើង​អាច​និយាយបានថា យើង​គួរតែ​ធ្វើ​កិច្ចការ​បន្ថែមទៀត​សម្រាប់​ប្រជាជន​របស់​យើង​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់ PIF គឺ​សំដៅ​ទៅលើ​វិបត្តិ​អាកាសធាតុ​និង​រម្លឹក​ឡើងវិញ​នូវ​ការព្រមាន​ពីមុនៗ​ដែលថា ការឡើង​កម្តៅ​ផែនដី​គឺជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​ដែល​តំបន់​ប៉ាស៊ីហ្វិក​កំពុង​ប្រឈមមុខ​។​

​មេដឹកនាំ​ទាំងអស់​បាន​និយាយថា “​ពេលវេលា​ដែល​ត្រូវធ្វើ​សកម្មភាព​គឺ​ឥឡូវនេះ​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114