ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីស្រាអែល​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា​អាមេរិក​ពីររូប ​បន្ទាប់ពី​លោក Trump អំពាវនាវ

ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​រារាំង​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក​មួយ​ដោយ​សមាជិកសភា​មូស្លីម​អាមេរិក​ពីររូប​ដែល​បាន​គាំទ្រ​ការធ្វើ​ពហិការ​លើ​ប្រទេស​នេះ​ជុំវិញ​ការប្រព្រឹត្ត​របស់ខ្លួន​ចំពោះ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​ការសម្រេចចិត្ត​នេះ​ត្រូវបាន​លើកទឹកចិត្ត​ដោយ​លោក​ប្រធានាធិបតី Donald Trump​។​

​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាន​ហៅ​ការចាត់វិធានការ​មិន​ធម្មតា​ប្រឆាំង​លោកស្រី Ilhan Omar និង Rashida Tlaib ថា​ជាការ​ចាំបាច់​ដោយ​ចោទប្រកាន់ថា គោលបំណង​តែមួយគត់​របស់​ពួកគេ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រទេស​អ៊ីស្រាអែល​និង​បង្កើន​ការ​ញុះញង់​ប្រឆាំងនឹង​ប្រទេស​នេះ​។​

​អ្នកនយោបាយ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ពិចារណា​ឡើងវិញ​ខណៈពេលដែល​មន្ត្រី​ជាន់ខ្ពស់​ប៉ា​ឡេ​ស្ទី​ន​ឈ្មោះ Hanan Ashrawi បានចាត់ទុក​វា​ថា​ជា​ទង្វើ​អរិភាព​ដ៏​អាក្រក់​ប្រឆាំងនឹង​ជនជាតិ​អាមេរិក​និង​តំណាង​របស់​ពួកគេ​។​

​លោកស្រី Omar បាន​និយាយថា វា​គឺជា​ការសម្រេចចិត្ត​ដ៏​រំជើបរំជួល​មួយ​និង​ជាការ​ប្រមាថ​ដល់​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​។​

​លោកស្រី Omar និង Tlaib ដែលមាន​ដើមកំណើត​ប៉ា​ឡេ​ស្ទី​ន​គឺ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅដល់​ប្រទេស​អ៊ីស្រាអែល​នៅ​ចុង​សប្តាហ៍​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​នឹង​នាំ​ពួកគេ​ទៅកាន់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។​

​មុនពេល​អ៊ីស្រាអែល​ប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​, សាច់ញាតិ​របស់លោក​ស្រី Tlaib នៅក្នុង​ភូមិ Beit Ur Al-Foqa ក្នុង​តំបន់ West Bank គឺមាន​ក្តីរំភើប​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​ដែល​បានគ្រោង​ទុក​នេះ​។​

​អ៊ីស្រាអែល​បានប្រកាស​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​លោក Trump អំពាវនាវ​ឲ្យ​ប្រទេស​នេះ​រារាំង​សមាជិកសភា​ប្រជាធិបតេយ្យ​ទាំងពីរ​រូបនេះ​។​

​លោក Trump បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​វា​នឹង​បង្ហាញ​ពី​ភាពទន់ខ្សោយ​យ៉ាងខ្លាំង​ប្រសិនបើ​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​លោកស្រី Omar និង Tlaib ធ្វើ​ទស្សនកិច្ច​។ ពួកគេ​ស្អប់​អ៊ីស្រាអែល​និង​ជនជាតិ​ជ្វី​ហ្វ​ទាំង​អស់ហើយ​គ្មានអ្វី​ដែល​អាច​និយាយ​ឬ​ធ្វើ​ដើម្បី​ផ្លាស់ប្តូរ​គំនិត​របស់​ពួកគេ​បានទេ​។ ពួកគេ​គឺជា​ភាពអាម៉ាស់​”៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114