ព័ត៍មានទាន់​ហេតុការណ៏
Search

ខែកក្កដា​ឆ្នាំ​២០១៩ ​គឺជា​ខែ​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​សម្រាប់​ភពផែនដី

រដ្ឋបាល​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​អាមេរិក (NOAA) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សីតុណ្ហភាព​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៩​គឺជា​សីតុណ្ហភាព​ក្តៅ​បំផុត​មិន​ធ្លាប់​មាននៅ​ទូទាំង​ពិភពលោក​ខណៈ​ទិន្នន័យ​ផ្កាយរណប​បាន​បង្ហាញថា ទឹកកក​នៅ​តំបន់​ប៉ូល​បានរួម​ដល់​កម្រិត​ទាប​បំផុត​របស់ខ្លួន​។​

​យោងតាម NOAA បាន​ឲ្យ​ដឹងថា សីតុណ្ហភាព​ពិភពលោក​ជា​មធ្យម​សម្រាប់​ខែ​នោះ​គឺ​០,៩៥ អង្សា​សេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយជា​ខែកក្កដា​ក្តៅ​បំផុត​នៅក្នុង​កំណត់ត្រា​របស់ខ្លួន​គិត​ចាប់ពី​ឆ្នាំ​១៨៨០​មក​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា “​ផ្នែក​ភាគច្រើន​នៃ​ភព​នេះ​បាន​បម្រែបម្រួល​ដោយសារ​កំដៅ​ដែល​មិន​ធ្លាប់មាន​កាលពី​ខែកក្កដា​ខណៈ​សីតុណ្ហភាព​ឡើងដល់​កម្ពស់​ថ្មី​។ កម្តៅ​ក្នុង​កំណត់ត្រា​ក៏បាន​បង្រួម​សមុទ្រ​ទឹកកក​អាក់​ទិ​ក​និង​អង់តាក់ទិក​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​”​។​

​ការរកឃើញ​នេះ​បានបញ្ជាក់​ពី​ទិន្នន័យ​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​សេវាកម្ម​បម្រែបម្រួល​អាកាសធាតុ Copernicus របស់​សហគមន៍​អឺរ៉ុប​កាលពី​ថ្ងៃទី​៥​ខែសីហា​។​

​រលក​កម្តៅ​ខ្ពស់​បាន​វាយប្រហារ​ទូទាំង​ទ្វីបអឺរ៉ុប​កាលពី​ខែ​មុន​ខណៈ​នៅ​សហរដ្ឋអាមេរិក មនុស្ស​ជិត​១៥០​លាន​នាក់​បាន​ស្វែងរក​ភាព​ត្រជាក់​ពី​តំបន់​ទីវាល Midwestern ទៅកាន់​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិ​ក​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា​មនុស្ស​យ៉ាងតិច​ប្រាំមួយ​នាក់​បាន​ស្លាប់​។​

​យោងតាម​ទិន្នន័យ​ពី​ស្ថានីយ៍​អាកាសធាតុ របាយការណ៍​នាវា​និង​ពោង​សញ្ញា​ប្រាប់ផ្លូវ​នាវា​, NOAA បាន​និយាយថា “​ខែកក្កដា​ចំនួន​ប្រាំបួន​លើក​ក្នុងចំណោម​ខែកក្កដា​ក្តៅ​បំផុត​ទាំង​១០​គឺ​បាន​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០០៥​មក​ដោយ​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​គឺជា​ខែកក្កដា​ក្តៅ​បំផុត​ទាំង​ប្រាំ​”​។​

​រដ្ឋ Alaska បាន​ជួបប្រទះ​ខែកក្កដា​ក្តៅ​ខ្លាំង​បំផុត​ចាប់តាំងពី​ខ្លួន​បានចាប់ផ្តើម​រក្សា​កំណត់ត្រា​ក្នុង​ឆ្នាំ​២០០៥​ខណៈ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​បំបែក​កំណត់ត្រា​កម្តៅ​របស់​ពួកគេ​ហើយ​វា​ក៏​ជា​ខែ​ដែល​ក្តៅ​បំផុត​មិន​ធ្លាប់​មាននៅ​ទ្វីបអាហ្វ្រិក​ទាំងមូល​ផងដែរ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114