ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្គី​ប្រា​ល់តា​បញ្ជា​ឲ្យ​ដោះលែង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ ថ្វីបើ​មានការ​ប៉ុនប៉ង​បង្ខាំង​ដោយ​អាមេរិក

តុលាការ​កំពូល​របស់​ប្រទេស​ហ្គី​ប្រា​ល់តា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានសម្រេច​អនុញ្ញាត​ឲ្យ​ដោះលែង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​ដែល​ត្រូវបាន​រឹបអូស​ពាក់ព័ន្ធ​ការសង្ស័យ​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ី​រី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​។ សេចក្តីសម្រេច​នេះ​បាន​ចោទ​ជា​ឧបសគ្គ​មួយ​ដល់​សហរដ្ឋអាមេរិក​ដែល​បាន​ព្យាយាម​រារាំង​ការចាកចេញ​របស់​នាវា​នេះ​។​

​ការសម្រេចចិត្ត​ដោយ​ប្រធាន​ចៅក្រម​លោក Anthony Dudley បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ហ្គី​ប្រា​ល់តា​និយាយថា ខ្លួន​បានទទួល​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រទេស​អ៊ីរ៉ង់​ថា នាវា Grace 1 នឹងមិន​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ដែល​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ឡើយ​។​

​លោក​និយាយថា នាវា Grace 1 លែង​ជា​កម្មវត្ថុ​នៃ​ការ​ឃុំឃាំង​ទៀតហើយ​។​

​ស្របពេល​ជាមួយគ្នា​នោះ ប្រមុខ​រដ្ឋាភិបាល​ហ្គី​ប្រា​ល់តា​លោក Fabian Picardo បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ​ដោយនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​បាន​ដកហូត​ប្រេង​ឆៅ​ដែលមាន​តម្លៃ​ជាង​១៤០​លាន​ដុល្លារ​ពី​របប​របស់លោក Assad នៅក្នុង​ប្រទេស​ស៊ី​រី​”​។​

​ប៉ុន្មាន​ម៉ោង​មុន​ការប្រកាស​នេះ សហរដ្ឋអាមេរិក​បាន​ចាត់វិធានការ​ផ្លូវច្បាប់​មួយ​នៅ​នាទីចុងក្រោយ​ដោយ​ទាមទារ​ឲ្យ​ទឹកដី​នៅ​បរទេស​របស់​អង់គ្លេស​មួយ​នេះ​ឃាត់ឃាំង​នាវា​នេះ​។​

​លោក Picardo បាន​និយាយថា លោក​បាន​ជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ង់​កាលពី​ថ្ងៃទី​១៩​ខែកក្កដា​នៅ​ទីក្រុង​ឡុង​ដ៍​ជាមួយ​ឆន្ទៈ​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​ទាក់ទង​នឹង​បញ្ហា​ផ្សេងៗ​ដែល​កើតឡើង​ពី​ការ​ឃាត់ឃាំង​នាវា Grace 1​។​

​ចំណាត់ការ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ពន្យា​ការសម្រេចចិត្ត​របស់​តុលាការ​លើ​ជោគវាសនា​របស់​នាវា​នេះ​ប៉ុន្តែ​ចៅក្រម Dudley បាន​និយាយ​នៅក្នុង​សេចក្តីសម្រេច​របស់គាត់​ថា គាត់​មិនបាន​ទទួល​ការស្នើសុំ​ជា​លាយលក្ខណ៍អក្សរ​ពី​សហរដ្ឋអាមេរិក​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​អាចធ្វើ​ការប៉ុនប៉ង​ណាមួយ​ផ្សេងទៀត​សម្រាប់​ការឃាត់​ឃាំង​ដរាបណា​នាវា​ដឹក​ប្រេង​នេះ​មិនទាន់​ចាក​ចេញពី​ដែនទឹក​របស់​ហ្គី​ល​ប្រា​តា​ទេនោះ​។​

​គួរ​រម្លឹក​ឡើងវិញ​ថា ប៉ូលិស​ហ្គី​ប្រា​ល់តា​និង​កងកម្លាំង​ពិសេស​អង់គ្លេស​បាន​រឹបអូស​នាវា Grace 1 ដែល​កំពុង​ដឹក​ប្រេង​អ៊ីរ៉ង់​ចំនួន​២.១​លាន​បារ៉ែល​នៅ​ថ្ងៃទី​៤​ខែកក្កដា​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114