ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ស្នើ​ឲ្យ​សាងសង់​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ផ្លូវចិត្ ត​ប៉ុន្តែ​នៅ​ស្ងៀម​ចំពោះ​ច្បាប់​កាំភ្លើង

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ទីរពេទ្យ​ផ្លូវចិត្ត​បន្ថែមទៀត​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បញ្ឈប់​ការសម្លាប់​រង្គាល​។ លោក​បានលើកឡើង​បែបនេះ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់សម្លាប់​រង្គាល​នាពេល​ថ្មីៗ​នេះ​ប៉ុន្តែ​ហាក់ដូចជា​នៅ​ស្ងៀម​លើ​ការសន្យា​ក្នុងការ​រឹតបន្តឹង​ច្បាប់​កាំភ្លើង​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ថ្លែង​ទៅកាន់​ហ្វូង​អ្នកគាំទ្រ​ប្រហែល​១២,០០០​នាក់​នៅ​ទីក្រុង Manchester នៃ​រដ្ឋ New Hampshire, លោក Trump មិនបាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ដើម្បី​ជំរុញ​ឲ្យ​មានការ​ត្រួតពិនិត្យ​សាវតា​លើ​អ្នកទិញ​កាំភ្លើង​ទេ​។​

​ផ្ទុយទៅវិញ លោក​បាន​ផ្តោតលើ​ទ្រឹស្តី​ដែលថា​ការសម្លាប់​រង្គាល​គ្មាន​ទីបញ្ចប់​ដោយ​បុរស​ដែលមាន​កាំភ្លើង Rifle ពាក់កណ្តាល​ស្វ័យប្រវត្តិ​គឺ​ភាគច្រើន​ដោ​សារ​តែ​ខ្វះ​មណ្ឌល​ព្យាបាល​ជំងឺផ្លូវចិត្ត​។​

​លោក Trump បាន​និយាយថា លោក​កំពុងផ្តល់​ការពិចារណា​យ៉ាងសំខាន់​ក្នុងការ​សាងសង់​អគារ​ថ្មី​សម្រាប់​អ្នក​ដែល​ត្រូវការ​ហើយ​នាំយក​មនុស្ស​ដែលមាន​បញ្ហា​ផ្លូវចិត្ត​និង​គ្រោះថ្នាក់​ចេញពី​ដងផ្លូវ​។ លោក​និយាយថា “​យើង​មិនមាន​ស្ថាប័ន​ទាំងនោះ​ទៀត​ទេ​”​។​

​ជាប្រចាំ លោក Trump បាន​សង្កត់ធ្ងន់​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាជាង​អាវុធ​ដែល​ត្រូវបាន​ដាក់លក់​នៅ​គ្រប់​ទីកន្លែង​ចាប់ពី​ផ្សារ​ទំនើប​រហូតដល់​ពិព័រណ៍​កាំភ្លើង​។​

​ប៉ុន្តែ​បន្ទាប់ពី​ការស្លាប់​របស់​មនុស្ស​៣១​នាក់​នៅក្នុង​ការសម្លាប់​រង្គាល​នៅ​រដ្ឋ​តិច​សាស់​និង​រដ្ឋ​អូ​ហៃ​អូ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ពីគ្នា​នៅ​ដើមខែ​នេះ​, លោក Trump បានចេញ​មុខ​ឲ្យ​បង្កើន​ការត្រួតពិនិត្យ​សាវតា​ដើម្បី​ផ្ទៀងផ្ទាត់​កំណត់ត្រា​របស់​បុគ្គល​ដែល​ទិញ​កាំភ្លើង​។​

​យ៉ាងណាក្តី វិធានការ​នេះ​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ដោយ​ក្រុម​អ្នកការពារ​សិទ្ធិ​កាំភ្លើង​ដែល​បាន​និយាយថា សិទ្ធិ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ក្នុងការ​កាន់កាប់​អាវុធ​គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Trump មិនបាន​និយាយ​អំពី​ការប៉ុនប៉ង​របស់លោក​ដើម្បី​ឲ្យ​គណបក្ស​សាធារណរដ្ឋ​ធ្វើការ​ត្រួតពិនិត្យ​បន្ថែមទៀត​ទេ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114