ព័ត៍មានទាន់​ហេតុការណ៏
Search

បាតុករ​ហុងកុង​ប្រឈម​នឹង​ការធ្វើ​តេស្ត​ចុង​សប្តាហ៍​ដ៏​សំខាន់​ បន្ទាប់ពី​បរាជ័យ​នៅ​អាកាសយានដ្ឋាន

ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​ត្រូវ​ប្រឈមមុខ​នឹង​ការធ្វើ​តេស្ត​ដ៏​ធំ​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ខណៈដែល​ខ្លួន​ព្យាយាម​ប្រមូលផ្តុំ​ហ្វូងមនុស្ស​ដ៏​ធំ​មួយ​ផ្សេងទៀត​បន្ទាប់ពី​មានការ​រិះគន់​លើ​ការតវ៉ា​ដោយ​ហិង្សា​នៅ​ព្រលានយន្តហោះ​នាពេល​ថ្មីៗ​នេះហើយ​ខណៈ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​វិធានការ​បន្ទាប់​របស់​ទីក្រុង​ប៉េកាំង​។​

​ការតវ៉ា​រយៈពេល​១០​សប្តាហ៍​បានធ្វើ​ឲ្យ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​ធ្លាក់​ចូលក្នុង​វិបត្តិ​ខណៈ​ចិនដីគោក​បង្ហាញ​សញ្ញា​ម៉ឺងម៉ាត់​ដោយ​រួមទាំង​ការចាត់ទុក​សកម្មភាព​ហិង្សា​របស់​បាតុករ​បន្ថែមទៀតថា​ដូច​អំពើ​ភេរវកម្ម​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បានចេញ​ផ្សាយ​រូបភាព​នៃ​យោធា​និង​រថពាសដែក​ឆ្លងកាត់​ព្រំដែន​ក្នុង​ទីក្រុង Shenzhen ស្របពេល​សហរដ្ឋអាមេរិក​បាន​ព្រមាន​ទីក្រុង​ប៉េកាំង​ប្រឆាំងនឹង​ការបញ្ជូន​កងទ័ព​ដែល​នេះ​ជា​ទង្វើ​មួយ​ត្រូវបាន​ក្រុមអ្នកវិភាគ​និយាយថា​ជា​គ្រោះមហន្តរាយ​កេរ្តិ៍ឈ្មោះ​និង​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ចិន​។​

​កាសែត Global Times បាន​ចុះផ្សាយ​ថា វា​នឹងមិន​មានការ​កើតឡើង​ម្តងទៀត​ទេ​នៃ​ការបង្ក្រាប​នៅ​ទីលាន Tiananmen ប្រសិនបើ​ទីក្រុង​ប៉េកាំង​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចប់​ការតវ៉ា​។ ការបង្ក្រាប​នៅ​ទីលាន Tiananmen ត្រូវបាន​គេ​ជឿថា​មាន​មនុស្ស​រាប់រយ​ឬ​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា “​ឧប្បត្តិហេតុ​នៅ​ហុងកុង​នឹងមិន​កើតឡើង​ជាថ្មី​ម្តងទៀត​ដូច​ឧប្បត្តិហេតុ​នយោបាយ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​១៩៨៩”​។ របាយការណ៍​នេះ​បាន​អះអាងថា ប្រទេស​នេះ​មាន​វិធីសាស្ត្រ​ទំនើប​ជាង​នេះ​។​

​វា​គឺជា​ការ​សំដៅ​ដ៏​កម្រ​មួយ​ទៅនឹង​ព្រឹត្តិការណ៍​បង្ហូរឈាម​ដែល​ការនិយាយ​ទាក់ទង​នឹង​រឿងនេះ​នៅក្នុង​ប្រទេស​ចិន​ត្រូវបាន​រឹតត្បិត​។​

​គួររម្លឹកថា ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​ត្រូវបាន​បង្កឡើង​ដោយ​ការប្រឆាំង​នឹង​ផែនការ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មកវា​បានក្លាយ​ជាការ​អំពាវនាវ​កាន់តែ​ទូលំទូលាយ​សម្រាប់​សិទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។​

​មនុស្ស​រាប់លាន​នាក់​បានធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ខណៈ​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​ប៉ូលិស​និង​បាតុករ​ក្រុម​តូចៗ​សម្រាប់​រយៈពេល​១០​សប្តាហ៍​ជាប់​គ្នា​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114