ព័ត៍មានទាន់​ហេតុការណ៏
Search

រក​ឃើញ​ម្ចាស់​ជយលាភី​ការប្រកួត​ភាព​ច្នៃប្រឌិត​ដំណោះស្រាយ​បច្ចេកវិទ្យា​កំរិត​ខ្ពស់​អន្តរជាតិ​ហើយ

ភ្នំពេញ​ ៖​ ការប្រកួត​ស្វែងរក​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​អន្តរជាតិ​«Viettel Advanced Solution Track 2019»​បាន​ឈាន​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ​ខែសីហា​ ឆ្នាំ២០១៩​ នៅ​សណ្ឋាគារ​សុខា​រាជធានី​ភ្នំពេញ ​ដោយ​ជយលាភី​លេខ​១ បាន​ទៅលើ​ក្រុម VVN មកពី​វៀតណាម លេខ​២ បាន​ទៅ​ក្រុម Timo bile មកពី​ឥណ្ឌូណេស៊ី​និង​ជយលាភី​លេខ​៣ បាន​ទៅ​ក្រុម Gramm មកពី​វៀតណាម។

កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក សង់ ស៊ីណា​វ៉ុ​ង អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​ទៀតផង​ដែរ​។

ពាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ម្ចាស់​ជយលាភី​ទាំង ៣ គឺ​ការ​កក់​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ចុងក្រោយ​នៃ​ព្រឹត្ដិការណ៍ VietChallenge នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ទាំងស្រុង​ដោយ​សម្ព័ន្ធ Viettel Group និង​មានឱកាស​ឈ្នះ​ប្រាក់​រង្វាន់ ៥ ម៉ឺន​ដុល្លារ ព្រមទាំង​ត្រូវ​បាន​ទទួលយក​នូវ​គំនិត​វិនិយោគ​របស់​ពួកគេ​ដោយ​ក្រុមហ៊ុន American Funds លើ​ការបង្កើត StartUps ថ្មី​ផងដែរ​។

​គួរ​បញ្ជាក់​ថា ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​ មានការ​ចូលរួម​ចំនួន​១០​ក្រុម​រួមមាន​ក្រុម Laundry KH​មកពី​កម្ពុជា ក្រុម VVN,​ក្រុម Graam,​ក្រុម​APPA,​ក្រុម​VUIHOC,​ក្រុម​Multi Glass​មកពី​វៀតណាម​,​ក្រុម​Agrobot​មកពី​ប្រទេស​តង់​ហ្សា​នី​,​ក្រុម​Innova solution​មកពី​ប្រទេស​ម៉ូ​ហ្ស​ង់​ប៊ិច​,​ក្រុម Timobile មកពី​ឥណ្ឌូនេស៊ី​និង​ក្រុម​Ipification​មកពី​ប៉េ​រូ​។

ក្រុម​ចំនួន​១០​នេះ​ត្រូវបាន​គណៈកម្មការ​សម្រាំង​ផ្ដល់​ប្រឹក្សា​ដល់​ក្រុម​ប្រកួត​ចុងក្រោយ​នៅ​កម្ពុជា​ដែលជា​ក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម start-up រួមមាន លោក Nguyen Manh Dung គណៈកម្មការ​វាយតម្លៃ​ពិន្ទុ​មកពី​កម្មវិធី​ទូរទស្សន៍ Shark Tank Vietnam ឆ្នាំ​២០១៩ នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន​ផ្សព្វផ្សាយ​CyberAgent ក្នុង ប្រទេស​វៀតណាម និង​ថៃ លោក Michael McCarthy សមាជិក​ការិយាល័យ​សិក្សា Harvard Extension និង​លោក Gene Soo សហ​ស្ថាបនិក StartupsHK​ធ្វើការ​ពិចារណា​យ៉ាង​ហ្មត់ចត់​សម្រាប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ដើម្បី​ដណ្ដើម​ជយលាភី​ចំណាត់ថ្នាក់​ពី ១ ដល់ ៣ ជាមួយ​ប្រាក់រង្វាន់​សរុប​ជាង ៧៥០០ ដុល្លារ​។

ការប្រកួត​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន និង​សម្ព័ន្ធ Viettel Group​ដែល ផ្តោត​ទៅ​លើ​ស្នាដៃ​ផលិតផល​ដំណោះស្រាយ​លើ​បញ្ហា​បច្ចេកវិទ្យា​ដ៏​ល្អ និង​អាច​ប្រើការ​បាន ក្នុង​វិស័យ​ជាច្រើន​នៃ​ជីវិត​ប្រចាំថ្ងៃ ដូចជា ទូរគមនាគមន៍ អប់រំ ឧបករណ៍​ផ្សារភ្ជាប់​បច្ចេកវិទ្យា​អ៊ីនធឺណិត ឡូ​ជី​ស្ទីក និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។

លោក Phung Van Cuong នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បាន​មានប្រសាសន៍ថា «​ព្រឹ​ត្ដិ​ការណ៍ VAS Track ឆ្នាំ​២០១៩ នេះ គឺជា​ការប្រកួត​អន្ដរជាតិ​ដ៏​ធំ​មួយ​ដែល​ប្រមូលផ្ដុំ​នូវ​គំនិត​បច្ចេកវិទ្យា​ល្អៗ​បំផុត​ក្នុង​ពិភពលោក​។ មិ​ត្ដ​ហ្វូ​ន កំពុង​ស្វែងរក​ឱកាស​សហការ​ជាមួយ StartUps នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្ដាល​ប្រទេស​ដទៃ​ជុំវិញ​ពិភពលោក ដោយសារ​មិ​ត្ដ​ហ្វូ​ន កំណត់​ខ្លួនឯង​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ឈានមុខ ដែល​តែងតែ​បើកទ្វារ​ទទួលយក​គំនិត​ថ្មីៗ និង​អនុវត្ដន៍​វា​ជាក់ស្ដែង​។ យើង​ចង់​រួមចំណែក​អភិវឌ្ឍ​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​»​។

ក្រោម​ពាក្យស្លោក «​បង្កើត​ការពិត​ថ្មី​មួយ​» ការប្រកួត​នេះ​គឺជា​ឱកាស​ដ៏​យុត្តិធម៌​សម្រាប់ StartUps ជាតិ និង​អន្ដរជាតិ​ជាមួយ​ការ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដ៏​ឈ្លាសវៃ​ក្នុង​វិស័យ​ទូរគមនាគមន៍​ដើម្បី​បង្កើត​ផលិតផល និង​សេវាកម្ម​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។ ការប្រកួត​នេះ​ក៏​ជាការ​ជឿជាក់​យ៉ាង​មុតមាំ​របស់​មិ​ត្ដ​ហ្វូ​ន ក្នុងការ​គាំទ្រ StartUps នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក​។

ក្រៅពី​ក្រុម​ឆ្នើម​ទាំង១០ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍ VAS Track កំពុង​ដំណើរ​ការ​ចុះ​កិច្ចសន្យា​លើ​គំនិត​វិនិយោគ​សក្ដានុពល​ជាង ២០ ទៀត​ក្នុង​ល័​ក្ខ​ខណ្ឌ​ចែករំលែក​ប្រាក់ចំណេញ​ពី ៤៥ រហូតដល់ ៧៥ ភាគរយ​សម្រាប់​ឆ្នាំ​២០១៩​នេះ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114