ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​លិច​ទឹក ​៖ ​រដ្ឋធានី​ឥណ្ឌូនេស៊ី​ស្ថិតនៅលើ​គែម​នៃ​គ្រោះមហន្តរាយ

ពេលវេលា​ជិត​អស់ហើយ​សម្រាប់​ទីក្រុង​ហ្សា​ការ​តា។ ក្នុងនាម​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​លិច​លឿន​បំផុត​នៅលើ​ផែនដី អ្នកជំនាញ​បរិស្ថាន​បាន​ព្រមាន​ថា មួយ​ភាគបី​នៃ​ទីក្រុង​នេះ​អាច​នឹង​លិច​នៅត្រឹម​ឆ្នាំ​២០៥០​ប្រសិនបើ​អត្រា​បច្ចុប្បន្ន​នៅតែ​បន្ត​។​

​ការប្រើប្រាស់​មិនមាន​ការគ្រប់គ្រង​និង​ហួសប្រមាណ​នៃ​ទុនបម្រុង​ទឹក​ក្រោម​ដី​រយៈពេល​រាប់​ទសវត្សរ៍​, ការកើនឡើង​នៃ​កម្ពស់​ទឹកសមុទ្រ​និង​ការប្រែប្រួល​អាកាសធាតុ​កាន់តែខ្លាំង​ឡើង​មានន័យថា ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ​បានចាប់ផ្តើម​បាត់​ខ្លួន​រួចទៅហើយ​។​

​វិធានការ​បរិស្ថាន​ដែលមាន​ស្រាប់​គឺមាន​ឥទ្ធិពល​តិចតួច​ណាស់​ដូច្នេះ​អាជ្ញាធរ​កំពុង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​មួយទៀត​នោះ​គឺ​ប្រទេស​នេះ​នឹងមាន​រដ្ឋធានី​ថ្មី​។​

​យោងតាម​របាយការណ៍​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា ទីតាំង​របស់​វា​អាច​នឹងត្រូវ​បានប្រកាស​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​មេដឹកនាំ​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​និយាយ​នៅលើ Twitter ថា “​រដ្ឋធានី​នៃ​ប្រទេស​របស់​យើង​នឹង​ផ្លាស់​ទៅ​កោះ Borneo” ។​

​ការផ្លាស់ប្តូរ​ទីតាំង​រដ្ឋបាល​និង​នយោបាយ​របស់​ប្រទេស​នេះ​អាចជា​សកម្មភាព​នៃ​ការអភិរក្ស​ជាតិ​ប៉ុន្តែ​វា​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ទីក្រុង​ហ្សា​ការ​តា​ដែលជា​កន្លែង​ប្រជាជន​១០​លាន​នាក់​របស់​ទីក្រុង​នេះ​មាន​មធ្យោបាយ​តិចតួច​ក្នុងការ​រត់គេចខ្លួន​។​

​ទីក្រុង​ហ្សា​ការ​តា​មិនមាន​ប្រព័ន្ធ​បំពង់​បង្ហូរទឹក​ទេ​នៅ​ភាគ​ខាងជើង​របស់ខ្លួន​ដូច្នេះ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក​និង​ប្រជាជន​រាប់លាន​នាក់​ត្រូវ​ប្រើប្រាស់​ទឹក​ដែលមាន​ប្រភព​នៅក្រោម​ស្រទាប់ដី​។​

​ការទាញយក​ទឹក​ក្រោម​ដី​ដែល​កំពុង​រីក​រាលដាល​នេះ​បាន​បណ្តាល​ឲ្យ​ដី​ស្រុត​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ហ្សា​ការ​តា​លិចទៅ​ជម្រៅ​២៥​សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ​នៅ​តំបន់​ខ្លះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114