ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូបង្វឹក បឹងកេត និង វិសាខា និយាយ​អ្វីខ្លះ​មុន​ជួប​ក្នុង​នៅ​សប្តាហ៍​ទី ២០​នេះ​

ការប្រកួត​លី​គ​កំពូល​កម្ពុជា សប្តាហ៍​ទី ២០ នឹង​ចូល​មកដល់​ក្នុង​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ ២០១៩​នេះហើយ ដោយ​ក្នុងនោះ​មានការ​ប្រកួត​ដ៏​ធំ​មួយ​កើតឡើង​នៅ​ថ្ងៃអាទិត្យ ទី​១៨ រវាង​ក្រុមបាល់ទាត់​បឹងកេត ទល់នឹង​ក្រុមបាល់ទាត់​វិសាខា វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​។

មុន​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​មកដល់ គ្រូបង្វឹក​បឹងកេត បានបង្ហាញ​ចំណាប់អារម្មណ៍​របស់​លោក លើ​គេហទំព័រ​របស់​ក្លិប​យ៉ាង​ដូច្នេះ​ថា “ ចំពោះ​ជោគជ័យ ឬ​មិនបាន យើង​មិនទាន់​អាចនិយាយ​បាន​ទេ ទាល់តែ​ចប់ ៩០​នាទី ទើប​ដឹង​ដោយសារ វិសាខា ប៉ុន្មាន​ប្រកួត​ចុងក្រោយ ពួកគាត់​ធ្វើបាន​ល្អ​មែនទែន តែ​ពួក​យើង​តាំងចិត្ត និង​បាន​ត្រៀមខ្លួន​រួចហើយ ទោះជា​មិនបាន​ឈ្នះ ក៏​យើង​មិនឱ្យ​ចាញ់​ក្នុង​ទឹកដី​ខ្លួនឯង​ឡើយ “។

គួរ​រំលឹក​ថា បឹងកេត មិនទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ទឹកដី​របស់ខ្លួន ពោលគឺ​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ ដោយ​ក្នុងនោះ​ឈ្នះ ៤ និង​ស្មើ ២ ក្នុងការ​ប្រកួត​លី​គ​កំពូល​កម្ពុជា ខណៈដែល វិសាខា តែងតែ​រកបាន​ជ័យជម្នះ​គ្រប់ការ​ប្រកួត​ទាំង ៦​លើក ក្នុង​ជើង​ទី​២​នេះ។

លោក ហុក សុចិ​ត្រា ក្នុង​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​បានលើកឡើង​ផងដែរ​ថា “ ក្រុម​ធំ​ដូចគ្នា ប៉ុន្តែ​យើង​ដូចជា​អត់​មានអី​បារម្ភ​ច្រើន​ទេ ព្រោះ​យើង​នឹង​ប្រឹងប្រែង​ខ្លាំង ពេល​ជួប​ក្រុម​ខ្លាំង​ហើយ​ក្រុម​គេ​ក៏​ដូចគ្នា​។ ជាធម្មតា​ក្រុម​ខ្លាំង​និង​ខ្លាំង​ប៉ះគ្នា​បែបនេះ យើង​ត្រូវ​មាន​ការរៀបចំ​ឲ្យ​បាន​ល្អ ត្រៀមខ្លួន​ឲ្យ​ហ្មត់ចត់ ទាំង​យុទ្ធសាស្ត្រ ចិត្តសាស្ត្រ និង​ស្មារតី​កីឡាករ​។ អញ្ចឹង​ខ្ញុំ​យល់​ឃើញ​ថា ក្រុម​កម្រិត​នេះ​ប៉ះគ្នា បើ​មានការ​រៀបចំ​ត្រៀមលក្ខណៈ និង​ស្មា​រី​ប្រកួត​បានល្អ​ជាង នោះ​នឹងមាន​លទ្ធភាព​ឈ្នះ ” នេះ​បើ​យោងតាម​សម្តី​របស់លោក​ដែល​បាន​និយាយ​លើ​គេហទំព័រ​របស់ CNCC។

សូម​រំលឹក​ឡើងវិញ​ថា ក្រុម​ទាំងពីរ ធ្លាប់​ជួបគ្នា​ម្តង​រួច​មក​ហើយ​ក្នុង​រដូវ​កាល ២០១៩​នេះ គឺ​ក្នុង​ជើង​ទី​១ នៅ​កីឡដ្ឋាន​វិសាខា ដែល​កាលនោះ វិសាខា ក្នុងនាម​ជា​ម្ចាស់ផ្ទះ យកឈ្នះ​ដោយ​លទ្ធផល ៣ ទល់នឹង ២​។ គិត​ត្រឹម​សប្តាហ៍​ទី​២០​នេះ វិសាខា ឈរ​លេខ​រៀង​ទី ២ មាន ៤៣​ពិន្ទុ ខណៈ​ដែល បឹងកេត មាន ៤០​ពិន្ទុ ។ ប្រកួត​នេះ ប្រសិនបើ​នរណា​បរាជ័យ អាច​នឹង​បាត់បង់​ឱកាស​ក្នុងការ​ប្រជែង​ជើងឯក​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ឬ​សូម្បី​ចំណាត់ថ្នាក់​ក្នុង​តំបន់ Top4 ដែល​កំពុងតែ​ក្តៅគគុក​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114