ព័ត៍មានទាន់​ហេតុការណ៏
Search

យោបល់​គ្រូ U-18 កម្ពុជា ក្រោយ​បញ្ចប់​ភារកិច្ច​ពី​ពាន​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម​១៨​ឆ្នាំ​

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ បាន​ធ្វើ​ឲ្យ​បាល់ទាត់​អាស៊ីអាគ្នេយ៍​មានការ​ភ្ញាក់ផ្អើល ក្នុង​ការ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ U-18 វៀតណាម ក្នុង​ជំនួប​ចុងក្រោយ និង​ទាញ​ក្រុម​នេះ​ឲ្យ​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​ដោយ​លទ្ធផល ១​ទល់​២ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​។

មិន​ត្រឹមតែ​យកឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ ក៏បាន​យកឈ្នះ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ថៃ អាយុ​ក្រោម​១៨​ឆ្នាំ ដោយ​លទ្ធផល ៣-៤ ផង​ដែរ ខណៈ​ការណ៍​នេះ​ ត្រូវ​បាន លោក Gyotoku Koji គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ ហាក់​និយាយ​ទាំង​មាន​កង្វល់ នៅ​ពេល​សារព័ត៌មាន​វៀតណាម ចោទសួរ​ជុំវិញ​ជ័យជម្នះ​ដែល​នឹកស្មាន​មិន​ដល់ លើ​ថៃ និង​វៀតណាម ក្នុង​ពូ​ល B នៃ​ពាន​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​អាយុ​ក្រោម ១៨​ឆ្នាំ ( AFF U-18 Championship 2019 ) នេះ​។

ពេល​ត្រូវបាន​អ្នកសារព័ត៌មាន​ស្នើសុំ​ឲ្យ​មាន​យោបល់​ក្រោយ​ការ​យក​ឈ្នះ​ក្រុម​ទាំងពីរ​ខាងលើ លោក Gyotoku Koji បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​គ្មាន​ឱកាស​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត​ឡើយ ដូច្នេះ​វា​គ្មាន​សម្ពាធ​សម្រាប់​យើង​នោះ​ទេ ហើយ​វៀតណាម​ដែល​ហាក់​មានប្រៀប​ជាង​យើង បែរជា​មិន​អាច​គេង​ចំណេញ​យក​គុណ​សម្បត្តិ​នេះ​។ វា​ច្បាស់​ណាស់​ដែល​ថា កីឡាករ​របស់​វៀតណាម ពិតជា​ខ្លាំង និង​មាន​ទាំង​កាយសម្បទា​ល្អ​ថែមទៀត ប៉ុន្តែ​ពួកគេ​នៅមាន​កង្វះខាត​លើ​ទំនុកចិត្ត​។ យើង​មិន​ហ៊ាន​សូម្បីតែ​គិត​អំពី​ការ​ទទួល​បាន​ពិន្ទុ ជ័យជម្នះ​លើ​ថៃ និង​វៀតណាម គឺ​កើត​ចេញ​ពី​សំណាង ហើយ​ខ្ញុំ​ក៏​មិន​បានគិត​អំពី​រឿង​នេះដែរ​។​»

លោក​បាន​បន្ត​ទៀត​ថា ​«​យុវជន​កម្ពុជា នៅ​មាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ដូច្នេះ​យើង​តែងតែ​ចាត់​ទុក​វៀតណាម និង​ថៃ ជា​គោលដៅ​។ ខ្ញុំ​ពិតជា​គោរព​គូប្រកួត គូប្រកួត​ដែល​ខ្លាំង ប៉ុន្តែ​នៅតែ​មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​។​»

សូម​បញ្ជាក់​ថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ បញ្ចប់​ទៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ លើ​សិង្ហ​បុរី និង​ថៃ ដោយ​កាន់ ៦​ពិន្ទុ​ក្នុង​ដៃ ពី​ការប្រកួត​ឈ្នះ​២ មិនដែល​ស្មើ និង​ចាញ់​៣ ស្របពេល​ដែល​ពូ​ល B នេះ​អូស្ត្រាលី ជាមួយ​ម៉ាឡេស៊ី ជា​ក្រុម​ដែល​ឈរ​នៅ​លេខ​១ និង​លេខ​២ ហើយ​បាន​កៅអី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114