ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​នារី​កម្ពុជា រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ទល់នឹង​វៀតណាម ក្នុង​ប្រកួត​បើកឆាក

ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​ពានរង្វាន់ AFF Women’s Championship 2019 នៅ​ប្រទេស​ថៃ ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​ទទួលរង​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ ទល់នឹង​វៀតណាម ពោលគឺ​ចាញ់​ក្នុង​លទ្ធផល ១០ ទល់នឹង ០ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា​នេះ​។

គ្រាប់​បាល់​ទាំង ១០​គ្រាប់​នោះ កើតឡើង​នៅក្នុង​វគ្គ​ទី​១ ចំនួន ៨​គ្រាប់ ដោយ​ក្នុងនោះ ៧​គ្រាប់​កើតឡើង​ត្រឹម ២០​នាទី​ប៉ុណ្ណោះ ហើយ​ក្នុង​វគ្គ​ទី​២ កម្ពុជា បង្កើន​ការការពារ​យ៉ាងច្រើន និង​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​គ្រាប់​បាល់ តែ​វៀតណាម នៅតែ​អាច​រកបាន ២​គ្រាប់​ទៀត​។ ដូចនេះ កម្ពុជា ស្ថិតនៅ​បា​តារាង​ក្នុង​ពូ​ល B ដែលមាន ៤​ប្រទេស​ចូលរួម គឺ មី​យ៉ាន់​ម៉ា និង ឥណ្ឌូនេស៊ី ទើបតែ​បញ្ចប់​ការប្រកួត​នា​រសៀល​ថ្ងៃ​សុក្រ​នេះ ដោយ​មី​យ៉ាន់​ម៉ា បំបាក់​ក្នុង​លទ្ធផល ៧-០​។

លទ្ធផល​នេះ​មិនល្អ​នោះ​ទេ​សម្រាប់​កម្ពុជា ដោយ​កាលពី​ឆ្នាំ ២០១៨ កម្ពុជា បើកឆាក​ដោយ​អាច​យកឈ្នះ ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ១២ ទល់នឹង ០ ។ យ៉ាងណាមិញ ប្រកួត​បន្ទាប់​របស់​ក​ម្ពុ​ជា គឺ​ត្រូវ​ជួប ជាមួយ​នឹង មី​យ៉ាន់​ម៉ា នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៦​ល្ងាច នៅ​ទីលាន IPE Chonburi Stadium ប្រទេស​ថៃ។

ក្រៅពី​ការប្រកួត​ពូ​ល B ក៏​មាន​ការប្រកួត​ដទៃ​ទៀត​ផង​ដែរ ក្នុង​ពូ​ល A ដោយ ទី​ម័​រ​ខាងកើត យកឈ្នះ​លើ​សិង្ហ​បុរី ២-១ និង ហ្វីលីពីន យកឈ្នះ លើ​ម៉ាឡេស៊ី ៣-០ ។ សម្រាប់​ម្ចាស់ផ្ទះ​ថៃ មិនទាន់​ធ្វើការ​ប្រកួត​ឡើយ​ក្នុង​ពូ​ល​របស់​ខ្លួន​ដែលមាន​៥​ក្រុម តែ​ពួកគេ​នឹងត្រូវ​ប្រកួត​បើកឆាក​ដោយ​ប៉ះ​ជាមួយ សិង្ហ​បុរី នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែសីហា។

​គួរ​រំលឹក​ថា សម្រាប់​កម្ពុជា ទើបតែ​បាន​ចូលរួម​ក្នុង​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ​នេះ ជា​លើក​ទី​២​ប៉ុណ្ណោះ ក្រោយពី​ចូលរួម​លើកដំបូង​ឆ្នាំ ២០១៨ ដែល​កាលនោះ​ប្រកួត ៤​លើក ឈ្នះ ១ និង​ចាញ់ ៣លើក៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114