ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ សូម​បង្ហាញ​អំពី​សកម្មភាព​ការងារ ថែទាំ​ផ្លូវថ្នល់ កាលពី​ថ្ងៃ​ម្សិលមិញ

ព្រះវិហារ ​៖ អនុវត្ត​តាម​ការណែនាំ​ពី ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​សក្មភាព​ការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា ក្នុង​ភូមិ​សាស្ត្រ​ខេត្តព្រះវិហារ យ៉ាង​មមាញឹក ដើម្បី​សម្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​លឿន​រហ័ស​ទាន់​ចិត្ត បើ​ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​រំខាន​ដល់​ក្រុមការងារ​យ៉ាងណាក្តី​។

លោក​សំ លាង​ទ្រី​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៩​នេះ​ថា នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នៅតែ​បន្ត​សក្មភាព​ការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់ តាម​តំបន់​នានា ក្នុង​ភូមិ​សាស្ត្រ​ខេត្តព្រះវិហារ យ៉ាង​មមាញឹក ដើម្បី​ឲ្យ​ពុក​ម៉ែ បងប្អូន ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​បាន​លឿន​រហ័ស​ទាន់​ចិត្ត បើ​ទោះបី​ជា​មាន​ភ្លៀង​ធ្លាក់​រំខាន​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្រុមការងារ​បន្ត​ពុះពារ​រាល់​ឧបសគ្គ​រហូត​សម្រេច​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​នោះ​មាន​ដូច​ជា ១. ក្រុមការងារ​ថែទាំ ផ្លូវជាតិ​លេខ​៩៥ (​ក្រុមទី​១ ក្រុម​កៅស៊ូ​) កាលពី​ថ្ងៃ​ម្សិលមិញ​នៅតែ​បន្ត​ការងារ​ស្រោច​កៅស៊ូ​សៀ​ល ស្នាម​ប្រេះ ស្រុត ស្ថិតនៅ​ចន្លោះ គីឡូម៉ែត្រ​៦៧+០០០ ដល់​គីឡូម៉ែត្រ​៦៨+០០០ ជា​លទ្ធផល​សម្រេច​បាន ១៩០​ម៉ែត្រការ៉េ ស្ថិត​ក្នុង​ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ។

២. ក្រុម​ថែទាំ​ផ្លូវជាតិ​លេខ ៩៥ (​ក្រុមទី​២ ក្រុម​ចោះ​) ចោះ​ជួសជុល​ផ្លូវ​នៅ គីឡូម៉ែត្រ​៣៨+៥៨០​ប្រវែង ៨០x៦​ម៉ែត្រ​=៤៨០​ម៉ែត្រការ៉េ សម្រេចបាន​៦៥% ស្ថិតក្នុង​ឃុំ​ពុទ្រា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។

៣. ការងារ​សាងសង់​ស្ពាន ផ្លូវជាតិ​លេខ​៩៥ ថ្ងៃ​ម្សិលមិញ​នេះ​ផង​ដែរ ក្រុម​ការ​ងារ​បាន​ចាក់​បេតុង​ធ្នឹម​(Beam) ទី​6 នៃ​ស្ពាន​អូរ​ឆែប ប្រវែង ៤៥ ម៉ែត្រ នៅ​គីឡូម៉ែត្រ​០០+២២៥​និង​រៀបចំ​ក្ដារ​ពុម្ព​ជញ្ជាំង​(Abutment Wall A2) ស្ពាន​អូរ​តាំងយូ​។ ស្ពាន​ទាំងពីរ​ខាង​លេ​ី ស្ថិតក្នុង​ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្តព្រះវិហារ​។

៤. ក្រុម​កៀរ​សម្រួល​ផ្លូវ​ក្រាល​ក្រួស​ក្រហម បាន​កៀរ​សម្រួល ថែម​ក្រួស​ក្រហម ផ្លូវជាតិ​លេខ ៤ ដែលមាន​ប្រវែង​សរុប​៦១​គីឡូម៉ែត្រ ចាប់ពី​ទីរួមស្រុក​ឆែប ដល់​ព្រំដែន​កម្ពុជា​-​ឡាវ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប នៃ​ខេត្តព្រះវិហារ ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​សម្រេច​បាន ៧​គីឡូម៉ែត្រ​បន្ថែម​ទៀត សរុប​រហូតមកដល់​ថ្ងៃនេះ​សម្រេច បាន​១៣​គីឡូម៉ែត្រ​ហើយ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114