ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​Asia Cross Country Rally 2019 ​បាន​បញ្ចប់​ជុំ​ទី​៥

​ព្រឹត្តិការណ៍ Asia Cross Country Rally 2019 បានបញ្ចប់ ជុំ​ទី​៥ ដែល​ចេញដំណើរ​ពី​ខេត្ត ផា​អាម ឆ្ពោះ​មក​ទីក្រុង​ណៃ​ពិដោ​ ប្រទេស​មី​យ៉ាន់​ម៉ា លើ​ចម្ងាយ​ផ្លូវ ជាង​៥០០​គីឡូម៉ែត្រ។​

​ក្រុម​រថយន្ត​ប្រណាំង​កម្ពុជា​ទាំង​២​ ធ្វើបាន​ល្អ​នៅ​ជុំ​ទី​៥ បន្ទាប់ពី​សម្រាក​មួយ​ជុំ​ដោយសារ​មាន​បញ្ហា​ទឹកជំនន់​ខ្លាំង​បង្កឲ្យ​មាន​ទឹក​ហូរ​កាត់​ផ្លូវ ហេតុនេះ​គណៈកម្មការ​ក៏​សម្រេច​ផ្អាក​ការប្រណាំង​ជុះ​ទី​៤​។ ដោយឡែក​ក្រុម​រថយន្ត​១១៥ បើកបរ​ដោយ​កីឡាករ សោម សុ​កុសល និង​កីឡាករ វង្ស គីម​ហួត បាន​លេខ​១៩ ក្នុង​តារាង​ចំណាត់ថ្នាក់​រួម រីឯ Class សាំង​វិញ ទទួលបាន​ចំណាត់ថ្នាក់​ទី​៦។​

​រីឯ​រថយន្ត​លេខ​១០៧​ទាំង​អ្នកបើកបរ ​និង​ជំនួយការ​អ្នកបើកបរ​បានសម្រេច​ចិត្ត​ជួយ​ក្រុម​រថយន្ត​ដែល​កំពុងតែ​ជាប់ ធ្វើឲ្យ​ខាត​ពេលវេលា នេះ​ជា​ការ​បញ្ជាក់​ពី​កីឡាករ ពៅ តិច​ឡេង ជំនួយការ​អ្នក​បើកបរ ក្រោយ​ធ្វើដំណើរ​មកដល់​សណ្ឋាគារ Grand Arama នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេសមី​យ៉ាន់​ម៉ា ។​

​ជំនួយការ​អ្នកបើកបរ​រូបនេះ បន្តថា ការលេង​កីឡា​តែងតែ​ចង់​ឈ្នះ ​ប៉ុន្តែ​ក៏ត្រូវ​មាន​ក្រប​សីលធម៌​ខ្ពស់​ជា​កីឡាករ​ដែរ គឺ​ត្រូវ​ជួយ​គ្នា​ពេល​មាន​បញ្ហា​កើតឡើង ពីព្រោះ​កីឡា​នាំមក​នូវ សុខភាព សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នឹង​គ្នា ផងដែរ។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដែល​កីឡាករ​មកពី​១៨​ប្រទេស​ចូលរួម មាន​ម៉ូតូ​៣២​គ្រឿង និង​រថយន្ត​៣៧​គ្រឿង ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ជាង​២.២០០​គីឡូម៉ែត្រ ឆ្លងកាត់​២​ប្រទេស គឺ​ប្រទេស​ថៃ និង​មី​យ៉ាន​ម៉ា។​

​សូម​រម្លឹក​ឲ្យ​ដឹងថា ដោយសារ​ស្ថានភាព​ផ្លូវ​លំបាក ធ្វើ​រថយន្ត​កម្ពុជា​ត្រូវ​រង​ការខូចខាត​ខ្លាំង មិនអាច​បន្ត​ការប្រណាំង​ក្នុង​ថ្ងៃទី​២។​

លោក ជី​វ័​ន្ត បូ​រិ​ន ប្រធាន​ក្រុមការងារ​បច្ចេកទេស Kara កម្ពុជា បាន​បញ្ជាក់​ថា គ្រឿងបន្លាស់ ប្រព័ន្ធ​ភ្លើង និង​សម្ភារៈ​ជួសជុល​ផ្សេងៗ​ទៀត មិនមែនជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​មាន​ចម្ងាយ​ឆ្ងាយ និង​លំបាក​ខ្លាំង​បានធ្វើ​រថយន្ត​រង​ការខូចខាត មិនអាច​បន្ត​ការ​ប្រណាំង ក្នុង​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍​ប្រណាំង Asia Cross Country Rally ២០១៩ លើ​ចម្ងាយ​ផ្លូវ​ជិត៦០០​គីឡូម៉ែត្រ ចេញដំណើរ​ពី ខេត្ត ណា​ខន​ណា​យ៉ុ​ក ឆ្ពោះទៅ ខេត្ត​កំផែង​ពេជ្រ៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114