ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​នគរបាល​កម្ពុជា ​រកបាន​មេដាយ​៤៤​គ្រឿង​ ពី​ការប្រកួត​កីឡា​នគរបាល​ពិភពលោក ​លើក​ទី​១៨ នៅ​ទីក្រុង Cheng Du​ប្រទេស​ចិន​

ក្រុម​កីឡា​របស់​អង្គភាព​កីឡា​នគរបាល​ជាតិ​កម្ពុ​ជា ដណ្ដើម​មេដាយ​បន្ថែម​ទៀតហើយ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នគរបាល​ពិភពលោក​លើក​ទី​១៨ (The 18th World Police and Fire Games)​នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៦​សីហា កីឡា​នគរបាល​ជាតិ​ក​ម្ពុ​ជា​ ដែល​បញ្ជូន​ទៅ​ចូលរួម​១៣​ប្រភេទ​កីឡា​នោះ រក​បាន​មេដាយ​សរុប​ចំនួន​៤៤​គ្រឿង​ហើយ។​

​លោក​ជា សែន​វិស្សុត ដែលជា​មន្ត្រី​ដឹកនាំ​មួយរូប​នោះ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៦​សីហា​ថា កីឡា​ចំបាប់​នគរបាល​កម្ពុជា​រកបាន​មេដាយ​ចំនួន​៤​គ្រឿង​បន្ថែមទៀត ដែល​ក្នុងនោះ​មេដាយ​ប្រាក់​ចំនួន​២​គ្រឿង និង មេដាយ​សំរឹទ្ធ​ចំនួន​២​គ្រឿង។​

​កីឡាករ ងួន មករា ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៨៥​គីឡូក្រាម និង កីឡា​ករ ហេង វុទ្ធី​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៩៨​គីឡូក្រាម ដណ្ដើមបាន​មេដាយប្រាក់​ដូចគ្នា​។ កីឡា​ករហេង ផានិត ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៦​គីឡូក្រាម និង កីឡាករ​ឆាំ ពិ​ស៊ីន​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​រកបាន​មេដាយ​សំរឹទ្ធ​ម្នាក់​មួយគ្រឿង​ដូចគ្នា។​

​ក្នុងចំណោម​មេដាយ​សរុប​ទាំង​៤៤​គ្រឿង មាន​មេដាយមាស​ចំនួន​១៨​គ្រឿង មេដាយប្រាក់​ចំនួន​១៥​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១១​គ្រឿង។​

​កីឡា​ទាំង​១៣​ប្រភេទ​នេះ កីឡា​ប្រណាំងទូក​នាគ​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង។ ​កីឡា​វាយ​កូនឃ្លី​លើតុរ​កបាន​មេដាយ​សំរឹទ្ធ​មួយគ្រឿង កីឡាហែលទឹក​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង​ប្រាក់​២​គ្រឿង និង សំរឹទ្ធ​២​គ្រឿង។ ​កីឡា​កាច់​ដៃ​បាន​មេដាយ​មាស​១​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរឹទ្ធ​៣​គ្រឿង។ កីឡា​កា​រា​តេ​ដូ​ បាន​មេដាយមាស​៧​គ្រឿង និង​ប្រាក់​២​គ្រឿង។​ ប្រភេទ​កីឡា​ជី ជី​តស៊ូ​បាន​មេដាយមាស​២​គ្រឿង និង សំរឹទ្ធ​១​គ្រឿង។ ​កីឡាអត្តពលកម្ម​បាន​មេដាយ​មាស​១​គ្រឿង និង ប្រាក់​២​គ្រឿង។ ​កីឡា​តេ​ក្វាន់​ដូ​WT(World Taekwondo)​បាន​មេដាយមាស​៣​គ្រឿងប្រាក់​១​គ្រឿង និង សំរឹទ្ធ​២​គ្រឿង។ ​ប្រភេទ​កីឡា​ចំបាប់​បាន​មេដាយមាស​២​គ្រឿង និង​មេដាយប្រាក់​មួយគ្រឿង។​ប្រភេទ​កីឡា​បាល់​ឩិប​រកបាន​មេដាយ​សំរឹទ្ធ​១​គ្រឿង។ មានតែ​កីឡា​ទ្រី​យ៉ា​ត្លុង​(Triathlon)​ និង​កីឡា​វាយ​សី​ទេ ដែល​នៅ​មិនទាន់​រកបាន​មេដាយ។​

​សូម​រម្លឹកថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៩៦​រូប និង​កីឡា​ចំនួន​១៣​ប្រភេទ រួមមាន ៖ តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់​ឱប , ចំបាប់​កាច់​ដៃ និង ប្រណាំងទូក៕

ដោយ ៖ ​វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114