ព័ត៍មានទាន់​ហេតុការណ៏
Search

ឡុង វ៉ៃ ស៊ូ​ជាមួយ ស៊ី​ប ម៉ឺន​ បានតែ​៣​ទឹក ខណៈ​ប៉ោ ភា​រិ​ទ្ធ ឈ្នះ កា​ថា​វុ​ធ ដោយ​ពិន្ទុ

​អ្នក​ប្រដាល់​ជើង​ថ្មី​របស់​កម្ពុជា ឡុង វ៉ៃ ក្លិប​សាល​វ័​ន្ត​កីឡា ស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ី​ប ម៉ឺន បាន​មិន​ដល់​៣​ទឹក​ទេ ខណៈ​ដែល​អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា គឺ​ ប៉ោ ភា​រិ​ទ្ធ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម បាន​វាយ​ឈ្នះ​ថៃ​កា​ថា​វុ​ធ​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩។​

​ឡុង វ៉ៃ អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ី​ប​ម៉ឺន ស៊ីត ឆែ​ធុន​ថា​ម​(Sibmuen Site Chethuntham) ក្នុង​ទម្ងន់​៦៧​គីឡូក្រាម ដែល​ក្នុង​ការប្រកួត​ទឹក​ដំបូង​ឡុង វ៉ៃ គេ​វាយ​រាង​គ្រាន់បើ។ ប៉ុន្តែ​ចាប់ពី​ទឹក​ទី​២​ទៅ ឡុង វ៉ៃ ទៅ​លែងរួច​ជាមួយ​ស៊ី​ប ម៉ឺន តែម្ដង ដោយ​ត្រូវ​ស៊ី​ប ម៉ឺន វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ ក្នុង​ទឹក​ទី​៣​ ចំនួន​២​លើក ហើយ​បន្ទាប់មក​ត្រូវ​ស៊ី​ប ម៉ឺន វាយ​ដួល​ម្តងទៀត​នោះ ក៏ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ឡុង វ៉ៃ​ បន្ត​ការប្រកួត​ទៀត ព្រោះ​ឡុង វ៉ៃ ពុំ​មាន​សមត្ថភាព​អាច​តស៊ូ​ជាមួយ​ស៊ី​ប ម៉ឺន​នេះ​បានឡើយ។​

​ស៊ី​ប​ម៉ឺន អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ប៉ុន្មាន​លើក​ហើយ​កន្លងមក គ្រាន់​តែ​ពុំ​ធ្លាប់​ប៉ះ​ជាមួយ​ឡុង វ៉ៃ ដោយសារ​ឡុង​វ៉ៃ ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទើបតែ​ឡើង​កូដ​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​ឈ្នះ​រឿង សោ​ភ័​ណ្ឌ ឈ្នះ​ម៉ឺន សុភា ទៅហើយនោះ ធ្វើ​ម៉េច ឡុង វ៉ៃ​អាច​តស៊ូ​ជាមួយ​បាន​នោះ។​

​ចំពោះ ប៉ោ ភា​រិ​ទ្ធ ឬ យ៉េន ឌី​ណា វិញ គេ​បាន​វាយ​ឈ្នះ អ្នក​ប្រដាល់​ថៃ​ឈ្មោះ កា​ថា​វុ​ធ សរ​.​វ៉ា​ត់​ចា​រ៉ា ជី​ម​(Kathawut Sor.Watchara Gym) ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០គីឡូក្រាម។

​កា​ថា​វុ​ធ ដែលមាន​ប្រវត្តិ​ប្រកួត​៩៩​លើក​នោះ គេ​មិនជា​អន់​នោះទេ គ្រាន់តែ​ការ​វាយ​ចេញ​របស់គេ រាង​យឺត​ជាង​ភា​រិ​ទ្ធ និង​វាយ​ខុស​គោលដៅ​ច្រើន ដែល​ធ្វើឲ្យ​ពិន្ទុ​ទទួលបាន​តិច​ជាង​ប៉ោ ភា រិ​ទ្ធ ដែល​គេ​វាយ​ចំ​គោលដៅ​ច្រើន និង​វាយ​ចេញ​ច្រើនជាង លឿន​ជាង​នោះ។​

​ប៉ោ ភា​រិ​ទ្ធ គេ​វាយ​មាន​ផ្លែ​ល្អ ពិសេស​គឺ​កណ្តាប់ដៃ និង​ជើង​ទាត់ ផ្ដួល​កា​ថា​វុ​ធ ឲ្យ​ដួល​លើ​រេញ​ជា​ច្រើ​ន​លើក។ ណាមួយ​ការប្រកួត​ជាមួយ​កា​ថា​វុ​ធ​នេះ ប៉ោ ភា​រិ​ទ្ធ គេ​វាយ​បានល្អ​តែម្តង ដោយ​កម្លាំង​ស៊ុ​ហ្វ​របស់គេ​នៅ​ពេញ​ដដែល គ្មាន​ស្រកស្រុត​អ្វី​សោះ​បន្ទាប់ពី​ការប្រកួត​៥​ទឹក​ពេញ​នោះ។​

មួយរយៈ​នេះ ប៉ោ ភា​រិ​ទ្ធ ព្យាយាម​ស្ដារ​កេរ្តិ៍​ឡើងវិញ​សម្បើម​ណាស់ ចាប់តាំងពី​គេ​វិល​មក​សង្វៀន​វិញ​នោះ​។ ជាក់ស្តែង ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​គេ​ធ្វើ​បានល្អ ដោយ​ក្នុងចំណោម​៨​ប្រកួត​ទាំង​លើក​នេះ​ផង គឺ​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​ទេ។

​ចំណែក​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ទេស សំខាន់ អ្នក​ប្រដាល់​ជើងចាស់​នៃ​ក្លិប​កងពល​តូច​លេខ​៧០ បាន​សងសឹក​បានសម្រេច យក​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​តក់ សោ​ភ័​ណ្ឌ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​វិញ។​ ទេស សំខាន់ កាលពី​ជួប​ប្រកួត​ជាមួយ​តក់ សោ​ភ័​ណ្ឌ លើក​មុន​(​ថ្ងៃទី​០៤​សីហា​២០១៩) បាន​វាយ​ចាញ់​សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ​ដែរ តែ​ឥឡូវ​គេ​សងសឹក​យកឈ្នះ​ សោ ភ័​ណ្ឌ​ដោយ​ពិន្ទុ​វិញ​ហើយ។

​ខាំ សូរិយា អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​ផ្ដួល​ពុទ្ធ ភា​រិ​ន អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នៅក្នុង​ទឹក​ទី​២ ក្នុង​ជួប​ប្រកួត​គ្នា​ទម្ងន់​៥៧​គីឡូក្រាម ហើយ ចាន់ កក្កដា អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ ត្រូវ​សាន វាសនា អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ផ្ដួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៥៧​គីឡូក្រាម៕

ដោយ ៖ ​វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114