ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ក្មេង​ចាស់​ចំនួន​០៨​នាក់ នៅ​ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​ពុល​នំប៉័ង​កាលពី​ព្រឹក​មិញ ខណៈ​នៅ​ស្រុក​ប្រាសាទបាគង ក៏​មាន​ករណី​ដូចគ្នានេះដែរ​

​សៀមរាប ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៩និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​០៨​នាក់ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​ពុល​នំប៉័ង ហើយ​ត្រូវ​បាន​ក្រុមគ្រួសារ​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុន​រាម និង បាន​ធូរស្បើយ​ម្នាក់ រីឯ​ចំពោះ​មនុស្ស​០៧​នាក់​ផ្សេងទៀត គឺ​នៅ​សម្រាក​មួយ​យប់​ទៀត​ដើម្បី​តាមដាន។​

ជនរងគ្រោះ​ទាំង​០៨​នាក់​នេះ រួមមាន ៖

១.ឈ្មោះ រ៉​ន តាត ភេទ​ស្រី អាយុ​៣៨ ឆ្នាំ , ២.​ស៊ីន សៅ​រី ភេទ​ស្រី អាយុ​៣​ឆ្នាំ , ៣.ឈ្មោះ លាន ណា​សា ភេទ​ស្រី អាយុ​៤​ឆ្នាំ , ៤.ឈ្មោះ​លាន ដាលីន ភេទ​ស្រី អាយុ​២​ឆ្នាំ , ៥.ឈ្មោះ ជីន សុផល ភេទ​ប្រុស អាយុ​៤​ឆ្នាំ , ៦.​ឈ្មោះ ជីន សុផាត ភេទ​ប្រុស អាយុ​២០​ខែ , ៧.ឈ្មោះ ចក មករា ភេទ​ប្រុស អាយុ​៣​ឆ្នាំ និង ៨.ឈ្មោះ ជីន ម៉ី​យ៉ា ភេទ​ស្រី អាយុ​៦​ឆ្នាំ បាន​ត្រឡប់ទៅផ្ទះ​វិញ​ហើយ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ករណី​ពុល​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទិញ​ពី​អ្នកដើរ​លក់​នំប៉័ង​នៅតាម​ភូមិ ក្នុងស្រុក​បន្ទាយស្រី ជាប់​ជាប្រចាំ ហើយ​ដែល​អ្នកលក់​នំប៉័ង​នេះ​មាន​ទីលំនៅ នៅ​ស្រុក​ប្រាសាទបាគង ។​

គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក៏មាន​ករណី​ពុល​នំប៉័ង​ដូចគ្នានេះ​ដែរ នៅ​ចំណុច​សាលា​បឋមសិក្សា​កំពង់​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​ខេត្ត សៀមរាប បណ្ដាល​ឲ្យ​ពុល​ក្មេងៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុងនោះ​ស្រី​២២​នាក់ ដែលមាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស។​

លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា​ ករណី​នេះ គឺ ក្មេងៗ​បាន​ទិញ​នំប៉័ង​ញ៉ាំ​ពី​អ្នកគ្រូ​បង្ហាត់​សិស្ស​បឋម នៅ​ចំណុច​សាលារៀន​បឋមសិក្សា​កំពង់​ភ្លុក ឈ្មោះ ខ្ចៅ ម៉ា​រ៉ា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ដោយ​អ្នកគ្រូ​បានទទួល​យក​ពី​ម៉ូយ​ឈ្មោះ សុខ លីន ភេទ​ស្រី នៅ​ភូមិ​កញ្ជរ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។​

លោក​បាន​បន្តទៀតថា បន្ទាប់ពី​ពុល​រួច លោក​បាន​បញ្ជូន​ទៅ​ដេកពេទ្យ​ឯកជន​ក្នុង​ឃុំ​កំពង់​ភ្លុក​ចំនួន​២១​នាក់ និង​បញ្ជូនទៅ​ដេកពេទ្យ​នៅ​ឃុំ​រលួស​ចំនួន​៨​នាក់ ហើយ​ក្រោយពី​ការពិនិត្យ​រួច បាន​បញ្ជាក់​ថា ករណី​នេះ ​គឺ​បណ្តាលមកពី​ពុល​នំប៉័ង៕

ដោយ ៖ ​គឿន​ វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114