ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​ក្រ​ផង​ កូន​អកតញ្ញូ​ យក​ភ្លើង​សងគុណ​ឪពុក​ពេល​បែក​ថ្នាំ ​ឆេះ​ផ្ទះ​ខ្ទេច​អស់​១​ខ្នង

បាត់ដំបង​ ៖​ ដោយសារ​តែ​ឥទ្ធិពល​ថ្នាំញៀន​ធ្វើទុក្ខ​ខ្លាំង​ ធ្វើឲ្យ​យុវជន​ម្នាក់​គ្រប់គ្រង​ខ្លួនឯង​លែង​បាន​អត់​ស្គាល់​គុណ​ឪពុកម្ដាយ ​រហូត​ឈាន​ដល់​ដុត​កម្ទេច​ជម្រក​របស់​ឪពុកម្ដាយ​ចោល​ ដែល​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​គ្រួសារ​ផង ​រក​ព្រឹក​ខ្វះ​ល្ងាច​ ដើម្បី​តែ​ចិញ្ចឹមជីវិត​កូន​ឲ្យ​បាន​ធំធាត់​ និង​បាន​បន្សល់​ផ្ទះ​១​ខ្នង​ ដែលមាន​ទំហំ​៥​ម​×៦​ម​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​សម្រាប់​ជា​ជម្រក​ នៃ​ជីវិត ​តែ​ពេល​នេះ​ ត្រូវបាន​ឆេះ​ខ្ទេច​ ដោយសារ​តែ​កូនប្រុស​អកតញ្ញូ​បែក​ថ្នាំ​ ហើយ​យក​ភ្លើង​ដុត​បំផ្លាញ​ចោល​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ ថ្ងៃទី​១៦ ​ខែសីហា​ ឆ្នាំ​២០១៩ ចំណុច​ក្រុមទី​៤ ​ភូមិ​ស្ពង់​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ​ផ្ទះ​១​ខ្នង​ ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ខាងលើ​ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ឈឿន​ ណាប់ ​ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ រស់នៅ​ភូមិ/​ឃុំ​ដូចខាងលើ ​បង្ក​ដោយ​កូន​ ឈ្មោះ​ ឆៃ​ រ៉ា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ/​ឃុំ​ដូចខាងលើ​។​

បើ​យោង​តាម​ការ​រៀបរាប់​ពី​ម្ចាស់ផ្ទះ​ ក៏ដូចជា​អ្នកជិតខាង​ បាន​ប្រាប់​ដល់​សមត្ថកិច្ច​ថា​ មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ឆៃ​ រា ​ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​ត្រូវជា​កូនបង្កើត​របស់​ម្ចាស់ផ្ទះ​បាន​បែក​ថ្នាំ​ពេញបន្ទុក​ ក៏​យក​ពោះវៀន​កង់​យក​ទៅ​ដុត​ជញ្ជាំង​ផ្ទះ ​ទើប​បណ្ដាល​ឲ្យ​ឆេះ​ក្តារ​ជញ្ជាំង ​ហើយ​រាល​ដាល​រហូតដល់​ឆេះ​ខូចខាត​ផ្ទះ​ទាំងស្រុង​តែម្តង​ មិនអាច​សង្គ្រោះ​បាន​។

​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនសង្ស័យ​ត្រូវ​កម្លាំង​អធិការនគរបាល​ស្រុក​សង្កែ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។​ ចំណែក​ទំហំ ​នៃ​ការ​ខូចខាត​សម្ភារៈ​ក្រៅពី​ផ្ទះ​រួមមាន​ ៖ កង់​០១​គ្រឿង​,​ខ្សែក​ប្លាទីន​០១​ខ្សែ ​ទម្ងន់​៦​ជី​,​រទេះ​ឈើ​០១​ សរុប​ជា​ទឹកបាក់​២០០០ដុល្លារ រីឯ​ជន​បង្ក ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ផង​ដែរ​៕

ដោយ ៖ ​សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114