ព័ត៍មានទាន់​ហេតុការណ៏
Search

ធន់​ ចាន់​តាក់ សាក​កណ្ដាប់ដៃ​ជាមួយ ណាត​តា​ផុល ឯ ធី វ៉ា​រិ​ទ្ធ ជួប អារាម​ប៊​យ ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​

ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​សាក​កណ្ដាប់​ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ណាត​តា​ផុល ឃា​តា​វុន (Nattaphol Kheatahvon) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥ ០០ គ​.​ក្រ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​អាទិត្យ​ ទី​១៨​ ខែ​សីហា​ ឆ្នាំ​២០១៩​នេះ។​

​ធន់ ចាន់​តាក់ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ប្រមាណ​២៧​នាក់​ហើយ​ទាំង​លើក​នេះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះ (២១​កក្កដា​២០១៩) គេ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ផេ​ត សឹ​ង្ហា ដោយ​ពិន្ទុ។​

​ធន់ ចាន់​តាក់ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៦១ ចាញ់​១១​លើក និង ស្មើ​០៣​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​មាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ចាន់​តាក់​អាច​យកឈ្នះ​ណាត​តា​ផុល ឃា​តា​វុន បាន​ឬក៏​អត់​នោះទេ​?។​

​ណាត​តា​ផុល ឃា​តា​វុន ជា​ជើង​ខ្លាំង​ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ​។ ដូច្នេះ​ធន់ ចាន់​តាក់​ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ស្នៀត​ប្រដាល់​ល្អ ​និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៧​លើក ឈ្នះ​៦៤​លើក​ចាញ់​១២​លើក​និង ស្មើ​០១​លើក។ ចាំមើល រវាង​ធន់ ចាន់​តាក់ និង ណាត​តា​ផុល ឃា​តា​វុន តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួប​គ្នា​នេះ?។​

​សូមបញ្ជាក់​ឲ្យ​ដឹងថា ណាត​តា​ផុល ឃា​តា​វុន នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ចំនួន​ពីរលើក​ហើយ ដែល​មក​លើក​ទី​១ គេ​វាយ​ចាញ់​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​២ និង​មក​លើក​ទី​២ គេ​បាន​ផ្តួល​មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ។​

​ចំពោះ ធី វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​កម្ពុជា​ក្លិប​អាណាចក្រ​គុន​ខ្មែរ កូនសិស្សលោក​ធី ណា​រិ​ទ្ធ​វិញ ត្រូវគេ​ផ្គូ​ឲ្យជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​អារាម ប៊​យ សរ​.​សុ​ផាប​(Aram Boy Sor.Suphab) ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ។​

​ធី វ៉ា​រិ​ទ្ធ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ និង​មិនមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ។ វ៉ា​រិ​ទ្ធ ធ្លាប់​ប្រកួត​ជាមួយ​បាន​ម្តង​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​វាយ​ចាញ់​ពែ​ក​ធៀង​ ដោយ​ពិន្ទុ។​

​នេះ​ជា​លើក​ទី​២ ដែល​ធី វ៉ា​រិ​ទ្ធ ត្រូវបាន​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ​។​ជា​ទម្លាប់​របស់​ធី វ៉ា​រិ​ទ្ធ គេ​ឡើង​ប្រកួត​ច្រើន​វាយ​មិន​យោគយល់​អ្វី​នោះទេ ។ គេ​ឡើង​ប្រកួត​ចុងក្រោយ​នេះ (៣០​មីនា​២០១៩)​កន្លងទៅ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ជើងចាស់​សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្នុង​ទឹក​ទី​២។​

​ចំពោះ​អារាម ប៊​យ វិញ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់​ណាស់​កាលពីពេល​កន្លងមក ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ស្នៀត​ប្រដាល់​ល្អ​គួរសម។

​ទោះជា​យ៉ាងនេះ​ក្តី ធី វ៉ា​រិ​ទ្ធ គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ មិនជា​ចាញ់​អារាម ប៊​យ​ប៉ុន្មាន​នោះទេ​។​សម្រាប់​ការជួបគ្នា​នេះ បើសិនជា​អារាម ប៊​យ ពុំមាន​បញ្ហា​អ្វី​កើតឡើង​ទេនោះ វ៉ា​រិ​ទ្ធ គឺ​ពិបាក​ហើយ ព្រោះ​អារាម ប៊​យ មាន​តិចនិក​ល្អ​ជាង​។​

​អារាម ប៊​យ យ៉ាប់​តែ​បញ្ហា​កម្លាំង​កាយសម្បទា​មួយ​មុខ​ប៉ុណ្ណោះ ឯ​ស្នៀត​ប្រដាល់​របស់គេ​មាន​ផ្លែ​ល្អ ។ តែ​យ៉ាងណា ធី វ៉ា​រិ​ទ្ធ​ ក៏មាន​ផ្លែ​ល្អ​ដែរ។ ដូច្នេះ ក្នុង​ការជួប​ប្រកួត​គ្នា​លើក​នេះ គឺ​មិន​អាច​ទាយ​មុន​ថា អារាម ប៊​យ ឈ្នះ ឬ ធី វ៉ា​រិ​ទ្ធ ឈ្នះ​នោះឡើយ?។​

​ធី វ៉ា​រិ​ទ្ធ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥០​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក ឯ​អ្នក​ប្រដាល់​ថៃ​អារាម ប៊​យ​វិញ មាន​កំណត់​ត្រ​ប្រកួត​ចំនួន​៨២​លើក ដោយ​វាយ​ឈ្នះ​៦៧​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។​

​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ រីឯ ពេញ វ៉ាន់​ថន អ្នក​ប្រដាល់​ក្លិប​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ត្រូវ​ជួប​ប្រកួត​ជាមួយ ​យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ជា​លក្ខណៈ​ប្រដាល់​សាកល​អាជីព ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម៕

ដោយ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114