ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ក្មេង​ធ្លាក់​ពីលើ​ដំបូល​ស្លាប់ ដែល​គេ​សន្និដ្ឋាន​ថា អាច​ពាក់ព័ន្ធ​ករណី​ចោរកម្ម​

​បាត់ដំបង ៖ ក្មេងប្រុស​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម ក្នុង​ផ្ទះល្វែង​មួយ​កន្លែង ព្រមទាំង​មាន​ស្នាម​គាស់​ស្លាបព្រិល​ដំបូល​ផងដែរ ដែល​បញ្ហា​នេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​ជា​អំពើ​ចោរកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្មេងប្រុស​នេះ​ផ្ទាល់។​

ហេតុការណ៍​ដែល​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល៥ល្ងាច នៅ​ចំណុច​ផ្ទះល្វែង ក្នុង​បូរី​កាណាឌីយ៉ា​( អតីត បន្ទាយ​គុយ​សេ ) ស្ថិតក្នុង ភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង។​

តាម​ការ​ឆោឡោ​ពី​សំណាក់​ក្មេងៗ​មួយក្រុម​បានឲ្យ​ដឹងថា មាន​បក្ខពួក​របស់​ពួកគេ​ម្នាក់ បាន​ធ្លាក់​ពី​លើ​ដំបូល​ទៅដល់​ជាន់​ក្រោម មិនដឹង​ជា​ស្លាប់ ឬ រស់​នោះទេ ទើប​មេការ​នៅ​ទីនោះ​ទូរស័ព្ទ​ទៅ​ម្ចាស់​ផ្ទះ​ដែល​បាន​បិទទ្វារ​ចោល ឲ្យ​មក​បើក​សោទ្វារ។​

តាម​ការលើកឡើង​ពី​ លោក ជា វ៉ាន់​លួង ដែលជា​ម្ចាស់​ផ្ទះ​នេះ​បានបញ្ជាក់​ប្រាប់​កម្ពុ​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ទី១៧​សីហា នេះ​ថា នៅពេល​មេការ​ទូរស័ព្ទ​ទៅប្រាប់​នោះ គឺ​រូបលោក​កំពុងបើក​រថយន្ត​មកដល់​ភូមិ​បឹង​ព្រីង ទើប​លោក​តេ​ទៅប្រាប់​ភរិយា​របស់លោក​ដែល​នៅ​បាត់ដំបង​ឲ្យទៅ​បើកទ្វារ​ផ្ទះ។​

ក្រោម​ការចូលរួម​ពី​សំណាក់​មេការ ម្ចាស់ផ្ទះ និង ស្ត្រី​ដែលជា​ម្តាយ ​ក្មេងប្រុស​ឈ្មោះ មឿង ប៊ុណ្ណា អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​០៣ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង (​ផ្ទះ​នៅ​ខាងក្រោយ​បុរី ) បា​ន​សង្កេត​ឃើញថា ក្មេង​ប្រុស​រូបនោះ​បាន​ដេក​ក្នុង​ថ្លុកឈាម​លើ​ការ៉ូ ទើប​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព​២( មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ ) ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រូពេទ្យ​អះអាងថា ក្មេងប្រុស​នោះ​ស្លាប់​ហើយ។​

ក្រោយពេល​ស្រាវជ្រាវ​ទើប​ដឹងថា ក្មេងៗ​ដែល​ឡើងទៅ​លើដំបូល​តាមរយៈ​ការ​ដើរ​ឆ្លង​លើ​ក្តារ​មួយ​សន្លឹក ព្រមទាំង​មាន​ខ្សែពួរ​សម្រាប់​ចុះ​ពីលើ​ដំបូល​នោះ គឺមាន​គ្នា​ចំនួន ៤នាក់ ១.ឈ្មោះ មឿ​ន រ៉ា​នុ ភេទប្រុស អាយុ១០​ឆ្នាំ ,២.ឈ្មោះ មឿ​ន ប៊ុណ្ណា ភេទ​ប្រុស អាយុ១៤​ឆ្នាំ ( សព ) ,៣.ឈ្មោះ បិត ភេទ ប្រុស អាយុ១៨​ឆ្នាំ ,​និង ៤.ឈ្មោះ វេ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។​

សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋានថា បញ្ហា​នេះ​គឺពាក់ព័ន្ធ​នឹង​ការចុះ​ពីលើ​ដំបូល​ ដោយ​ការ​គាស់​ផ្តាច់​ស្លាបព្រិល ពីរ៉ាមីត នៅ​លើ​ដំបូល ហើយ​ទំនងជា​ភ្លាត់​ធ្លាក់​មកក្រោម​ដែលមាន​កម្ពស់១២ម៉ែត្រ បណ្តាលឲ្យ​បាក់​.​ក ស្លាប់ បែបនេះ​ ព្រោះ​នៅលើ​ដំបូល​មាន​បន្សល់​ខ្សែពួរ និង ទុយយោ ចំនួន២ដុំ ដែល​ក្រុម​ក្មេង​ទាំងនេះ បាន​យោងទៅដល់​លើ​រួចហើយ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114