ព័ត៍មានទាន់​ហេតុការណ៏
Search

KCNA ​៖​ លោក គីម ត្រួតពិនិត្យ​ការ​ធ្វើ​តេស្ត “​អាវុធ​ថ្មី​” ជាថ្មី​ម្តង​ទៀត

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ថា មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ត្រួតពិនិត្យ​ការបាញ់​បង្ហោះ​អាវុធ​ថ្មី​ជាថ្មី​ម្តងទៀត​ដែល​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​មុន​ដំណើរ​ទស្សនកិច្ច​នៅ​សប្តាហ៍​ក្រោយ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​ដោយ​ប្រេសិត​អាមេរិក​ប្រចាំ​ទីក្រុង​ព្យុងយ៉ាង។

ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​គឺជា​ការសាកល្បង​លើក​ទី​៦​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ខណៈ​ខ្លួន​ប្រឆាំងនឹង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​ដែល​ទីក្រុង​ព្យុងយ៉ាង​ចាត់ទុកថា​ជាការ​ហាត់​សម​សម្រាប់​ការ​លុកលុយ។

មន្ត្រី​ការពារជាតិ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល Ballistic រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃ​សុក្រ​ដែល​ហោះ​ក្នុង​ចម្ងាយ​ប្រហែល​២៣០​គីឡូម៉ែត្រ​មុនពេល​ធ្លាក់ចូល​សមុទ្រ​នៅ​ចន្លោះ​ឧបទ្វីប​កូរ៉េ​និង​ប្រទេស​ជប៉ុន​។​

របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ KCNA បាន​និយាយថា ការសាកល្បង​នេះ​បានទទួល​លទ្ធផល​ល្អឥតខ្ចោះ​ដែល​ជួយ​ពង្រឹង​ទំនុកចិត្ត​កាន់តែខ្លាំង​លើ​ប្រព័ន្ធ​អាវុធ​នេះ​។​

KCNA និយាយថា “​មី​ស៊ី​ល​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ចំពោះមុខ​មេដឹកនាំ​កំពូល​”​។​

ទីក្រុង​ព្យុងយ៉ាង​បានបង្ហាញ​កំហឹង​ជាប្រចាំ​ចំពោះ​សមយុទ្ធ​នេះ​ប៉ុន្តែ​កាលពី​អតីតកាល​បាន​ចៀសវាង​ការធ្វើ​តេស្ត​ខណៈពេលដែល​សមយុទ្ធ​កំពុង​ធ្វើឡើង។

របាយការណ៍​របស់ KCNA បាន​កើតឡើង​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បាន​ហៅ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ថា “​មនុស្ស​គ្មាន​ភាព​អៀនខ្មាស់​” ដោយសារតែ​ក្តីសង្ឃឹម​របស់លោក​សម្រាប់​ការបន្ត​កិច្ចពិភាក្សា​អន្តរ​កូរ៉េ​ឡើងវិញ​ថ្វីបើ​កំពុង​បន្តធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​។​

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កូរ៉េខាងជើង​លោក Stephen Biegun នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​និង​កូរ៉េខាងត្បូង​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិភាក្សា​អំពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114