ព័ត៍មានទាន់​ហេតុការណ៏
Search

មរណភាព​របស់លោក Jeffrey Epstein ត្រូវ​បាន​សម្រេច​ថា​ជា​ការ​ធ្វើអត្តឃាត​ដោយ​ចងក

អ្នកវិភាគ​សាកសព​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការធ្វើ​កោសល្យវិច័យ​លើ​សព​អ្នក​ហិរញ្ញវត្ថុ​ឈ្មោះ Jeffrey Epstein ដែល​ស្លាប់​ក្នុង​គុក​បាន​សន្និដ្ឋានថា គាត់​បានធ្វើ​អត្តឃាត​ដោយ​ចងក​។​

​សេចក្តីសម្រេច​នេះ​បាន​កើតឡើង​៦​ថ្ងៃ​បន្ទាប់ពី​បុរស​អាយុ​៦៦​ឆ្នាំ​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​សម្រាប់​ការ​រួមភេទ​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ពន្ធនាគារ​សុវត្ថិភាព​ខ្ពស់ Metropolitan Correctional Center ក្នុង​ទីក្រុង​ញូវយ៉ក​។​

​ប្រធាន​ផ្នែក​ពិនិត្យ​សុខភាព​នៅ​ទីក្រុង​ញូវយ៉ក​លោកស្រី Barbara Sampson បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្ញើ​តាម​អ៊ីមែល​ទៅកាន់ AFP ថា “​បន្ទាប់ពី​ការពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ព័ត៌មាន​ស៊ើបអង្កេត​ទាំងអស់​រួមទាំង​ការរកឃើញ​លើ​សាកសព​យ៉ាង​ពេញលេញ​ផងដែរ​នោះ វា​ត្រូវបាន​គេ​កំណត់ថា លោក Epstein បានសម្លាប់​ខ្លួនឯង​”​។​

​កាសែត New York Times បាន​ដកស្រង់​សម្តី​មន្ត្រី​ដែល​និយាយថា លោក Epstein បាន​ប្រើ​កម្រាលពូក​ដើម្បី​ចង​.​ក​សម្លាប់ខ្លួន​។​

​របាយការណ៍​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​រាយការណ៍​ថា ការរកឃើញ​បឋម​ពី​ការពិនិត្យ​ក្រោយ​មរណភាព​បាន​រកឃើញ​ឆ្អឹង​បាក់​នៅ​ក​របស់លោក Epstein​។​

​លោក Epstein ដែលជា​មហាសេដ្ឋី​ម្នាក់​ធ្លាប់​ចាត់ទុក​ព្រះអង្គម្ចាស់​អង់គ្លេស Andrew និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ថា​ជា​មិត្តភក្តិ​គឺ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​ផ្លូវភេទ​លើ​អនីតិជន​មួយ​ករណី​និង​ការរួម​គំនិត​ក្នុងការ​ជួញដូរ​ផ្លូវភេទ​លើ​អនីតិជន​មួយ​ករណី​។​

​យោងតាម​រដ្ឋអាជ្ញា​បាន​ឲ្យ​ដឹងថា លោក Epstein បាន​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​ក្មេង​ជំទង់​រាប់សិប​នាក់​ក្នុងផ្ទះ​របស់គាត់​នៅ​សង្កាត់ Manhattan និង​រដ្ឋ Florida នៅ​ចន្លោះ​ឆ្នាំ​២០០២​ដល់​ឆ្នាំ​២០០៥​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​ប៉ុន្តែ​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល​៤៥​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​រកឃើញថា​មាន​ពិរុទ្ធភាព​៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114