ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ហ្វី​ជី​ចាត់ទុក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា​ជា “​មនុស្ស​មើលងាយ​គេ​” បន្ទាប់ពី​ការ​ប្រឈមមុខគ្នា​ក្នុង​វេទិកា​កោះ​ប៉ាស៊ីហ្វិក

នាយករដ្ឋមន្ត្រី​ប្រទេស​ហ្វី​ជី​លោក Frank Bainimarama បាន​ស្តីបន្ទោស​សម​ភាគី​អូស្ត្រាលី​លោក Scott Morrison ថា​ជា “​អ្នកមើល​ងាយ​គេ​” ហើយ​និយាយថា ប្រទេស​ចិន​បានផ្តល់​ការស្វាគមន៍​ខាង​ការទូត​បន្ថែមទៀត​បន្ទា​ប់​ពី​កិច្ចប្រជុំ​កំពូល​ប៉ាស៊ីហ្វិក​ដ៏​តានតឹង​។​

​លោក Bainimarama បាន​ចោទប្រកាន់​លោក Morrison អំពី​ការប្រើ​កលល្បិច​បន្ទាប់ពី​វេទិកា​កោះ​ប៉ាស៊ីហ្វិក​បានបញ្ចប់​នៅក្នុង​កោះ ទូ​វ៉ា​លូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ទីក្រុង​កង់​បេ​រ៉ា​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​កោះ​ដែល​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​អាកាសធាតុ​។​

​លោក Bainimarama បាន​ប្រាប់​កាសែត Guardian កាលពី​យប់​ថ្ងៃ​សុក្រ​ថា “​លោកនាយក​រដ្ឋមន្ត្រី Morrison ជា​មនុស្ស​មើលងាយ​គេ​និង​ធ្វើ​ឫក​ធំ​សម្រាប់​ទំនាក់ទំនង​”​។​

​ក្រុម​នេះ​សង្ឃឹមថានឹង​ចេញ​សេចក្តីអំពាវនាវ​ជា​សកល​ឲ្យ​មាន​សកម្មភាព​ពី​ប្រទេស​នានា​ដែលមាន​បញ្ហា​ជួរមុខ​នៃ​ការប្រែប្រួល​អាកាសធាតុ​មុន​កិច្ចពិភាក្សា​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ខែ​ក្រោយនេះ​។​

​ប៉ុន្តែ​បន្ទាប់ពី​ការចរចា​រយៈពេល​១២​ម៉ោង​ដែល​ពោរពេញ​ទៅដោយ​ជម្លោះ មេដឹកនាំ​កោះ​ទាំងអស់​បាន​និយាយថា សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​ផ្ទុយ​ពី​ការរំពឹងទុក​ដោយសារ​តែ​ភាសា​មិន​សមរម្យ​ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។​

​លោក Morrison បាន​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៥០០​លាន​ដុល្លារ​អូស្ត្រាលី​ទៅ​ឲ្យ​បណ្តា​ប្រទេស​នៅ​កោះ​ប៉ាស៊ីហ្វិក​ដើម្បី​វិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​និង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ប្រឆាំងនឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់​នេះ​។​

​ប៉ុន្តែ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​១៧​ផ្សេងទៀត​នៅក្នុង​វេទិកា​កោះ​ប៉ាស៊ីហ្វិក​នេះ​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​កង់​បេ​រ៉ា​ធ្វើ​បន្ថែមទៀត​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​និង​ទប់ស្កាត់​ឧស្សាហកម្ម​ធ្យូងថ្ម​ដែល​រកប្រាក់​ចំណេញ​បាន​ច្រើន​របស់​ប្រទេស​អូស្ត្រាលី​។​

​លោក Bainimarama និយាយថា “​លោក Morrison បាន​អួតអាង​ពី​ចំនួន​ប្រាក់​ដែល​អូស្ត្រាលី​ផ្តល់​ទៅ​ឲ្យ​កោះ​ប៉ាស៊ីហ្វិក​។ នេះ​ជាការ​មើលងាយ​គេ​”៕ AFP

ដោយ​ ៖ ​វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114