ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ហ៊ុន ម៉ា​ណែ​ត ​៖ នាយទាហាន គឺជា​ឆ្អឹងខ្នង​នៃ​កងទ័ព ដែល​មាន​កម្រិត​យុទ្ធសាស្ត្រ យុទ្ធនា​ការ និង​យុទ្ធវិធី​

​ភ្នំពេញ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​ នៃ​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​បែបនេះ នៅ​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​បាយ​សាមគ្គី​ជាមួយ​សិក្ខាកាម​យោធា​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការ​បណ្ដុះបណ្ដាល​នាយទាហាន គឺ​សំខាន់​ណាស់ ពីព្រោះ​នាយទាហាន គឺជា​ឆ្អឹងខ្នង​នៃ​កងទ័ព ដែល​មាន​កម្រិត​យុទ្ធ​សាស្ត្រ យុទ្ធនាការ និង​យុទ្ធវិធី​។ ជាមួយ​នេះ​លោក​បាន​កោតសរសើរ​ដល់​ការ​សម្រេចបាន​លទ្ធផល​ដ៏​ត្រចះត្រចង់ រហូត​ទទួលបាន​សញ្ញាប័ត្រ​ក្រហម ដែល​ពិបាក​នឹង​កម្រ​ទទួល​បាន​ណាស់ និង​ទទួល​ស្នាដៃ​ជាច្រើន​ទៀត ដែល​បានទទួល​នូវ​ការកោតសរសើរ​ពីសា​លា និង​ថ្នាក់ដឹកនាំ ​នៃ​សហព័ន្ធ​រុស្ស៊ី​។​

​លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា ក្រសួងការពារជាតិ នឹង​ផ្ដល់​លិខិត​សរសើរ​ចំពោះ​និស្សិត​ឆ្នើម ដែល​មាន​ស្នាដៃ និង​លទ្ធផល​ល្អ ដើម្បី​ជា​ការ​លើកទឹកចិត្ត​សិក្ខាកាម​យោធា ដែល​កំពុង​សិក្សា​នៅ​សហព័ន្ធរុស្ស៊ី ក៏ដូចជា​ប្រទេស​ដទៃទៀត​។ នេះ​គឺជា​ការលើកទឹកចិត្ត​សំខាន់​ណាស់​សម្រាប់​នាយទាហាន​ជំនាន់​ក្រោយ ព្រោះ​អនាគត​របស់​យើង​ត្រូវ​ចូលរួមចំណែក​ទទួល​ខុស​ត្រូវ​នៅក្នុង​ការពង្រឹង​កងទ័ព ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព បូរណភាព​ទឹកដី​របស់​យើង សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ព្រោះ​ផលប្រយោជន៍​ នៃ​ការ​ការពារជាតិ​មិនមែន​សម្រាប់​តែ​អ្នក​ដែល​ពាក់​ឯកសណ្ឋាន​កង​ទ័ព​នោះ​ទេ ប៉ុន្តែ ​គឺ​ផលប្រយោជន៍​សម្រាប់​ទាំងអស់គ្នា​។​

​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត យើង​គ្រប់គ្រង​បាន​នូវ​ស្ថិរភាព​ជាតិ គឺជា​មោទនភាព​ជាតិ​របស់​យើង កងទ័ព​របស់​យើង ប្រទេស​យើង​មានមុខ​មាន​មាត់ ជា​ប្រទេស​មួយ​ទប់​ទល់នឹង​ការ​ឈ្លាន​ពាន​បាន រក្សា​ស្ថិរភាព​បាន ប្រទេស​យើង​ចេញទៅ​ក្រៅ​មោទនភាព​នៅ​លើ​ឆាក​អន្តរជាតិ ដែល​កិច្ចការ​ទាំងអស់ នាយទាហាន​ជំនាន់​ក្រោយ ​ត្រូវ​ចូលរួមចំណែក​បន្តវេន​ការពារ​ជាតិ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​។​

​នៅក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សាទរ​ចំពោះ​ភាព​ជោគជ័យ​របស់​សិក្ខាកាម ដែល​បានបញ្ចប់​ការសិក្សា និង​កំពុង​សិក្សា​នៅ​សហព័ន្ធ​រុស្សី និង​បាន​អរគុណ​ចំពោះ​រដ្ឋាភិ​បាល ក្រសួងការពារជាតិ​សហព័ន្ធ​រុស្ស៊ី ដែល​បាន​ផ្ដល់​ការគាំទ្រ និង​ប្រគល់​ឱកាស​ឲ្យ​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​ជំនាញ​កងទ័ព​តាំងពី​អតីតកាល​រស់នៅ​បច្ចុប្បន្ន​៕

ដោយ ៖ សុជាតា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114