ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ផ្ទះ​តៀម​មួយ​ខ្នង ​ខណៈ​ម្ចាស់​មិន​នៅ តែ​បាន​អ្នកភូមិ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​ទាន់​ពេល​

​ភ្នំពេញ ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​តៀម​មួយ​ខ្នង​ ស្ថិតនៅតាម​ផ្លូវ​លេខ​១០៧ ភូមិ​សាមគ្គី​ទី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​អ្នកភូមិ​ជាច្រើន​នាក់​ បាននាំគ្នា​ជួយ​ពន្លត់ភ្លើង​ដែល​បាន​ឆាបឆេះ​នោះ ប៉ុន្តែ​មិនអាច​ពន្លត់​ឲ្យ​រលត់​ទាំងស្រុង​បានឡើយ រហូតដល់​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​របស់​អង្គភាព​នគរបាល​តម្រួត​បទបញ្ជា​ ទើប​រលត់ទៅវិញ កាល​ពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ ។​

ប្រជាពលរដ្ឋ​បាន​និយាយថា ផ្ទះ​ខាងលើ​នោះ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ​ផល រដ្ឋា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​បន្លែ​ជួល​ស្នាក់នៅ ​នៅមុន​ពេល​កើតហេតុ​បុរស​នេះ ​បាន​បិទទ្វារ​ផ្ទះ​ចោល ​រួច​បាន​ចាក​ចេញទៅ​លក់​បន្លែ​បាត់​។ ​លុះ​ដល់ពេល​កើតហេតុ ​ក៏​ស្រាប់តែ​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​ត្រូវបាន​អ្នកជិតខាង​ប្រទះឃើញ ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់មក​ ក៏បាន​នាំគ្នា​ជួយ​ពន្លត់​ដោយ​ការ​ដងទឹក​ជះ​ និង​យក​ទុយយោ​បាញ់​ទឹក​ ប៉ុន្តែ​មិនបាន​រលត់​ឡើយ រហូត​មាន​មាន​ការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​របស់​អង្គភាព​នគរបាល​តម្រួត​បទបញ្ជា​ទើប​រលត់ទៅវិញ​។​

នគរបាល​បាន​និយាយថា អគ្គិភ័យ​នេះ​សង្ស័យ​ផ្ដើមចេញពី​ការ​ទុស្សេ​ចរន្ត​អគ្គិសនី ខណៈនោះ​មិន​មាន​នរណា​ម្នាក់​ត្រូវ​រងគ្រោះ​ដោយ​ការ​រលាកភ្លើង​នោះទេ ចំណែកឯ​ម្ចាស់​ក៏​មិន​បានដឹង​ភ្លាមៗ​ដែរ រហូតដល់​អ្នកជិតខាង​ខ​ល​ប្រាប់​ទើប​ដឹង​។​ នៅក្នុង​ផ្ទះ​នោះ​មិនមាន​ទ្រព្យសម្បត្តិ​ច្រើន​ទេ​។ នៅ​ក្រោយ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​បណ្ដាល​ឲ្យ​ខូចខាត​ដំបូលផ្ទះ​ខ្លះៗ ​រួមជាមួយ​ទូ​ឈើ​១​ និង​ខោអាវ​មួយចំនួន​ប៉ុណ្ណោះ​។ ​នេះ​ជា​គ្រោះថ្នាក់​ជាយថាហេតុ​ដែល​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ព្រោះ​ប្រសិនបើ​វា​កើតឡើង ​ច្បាស់​ជាមាន​មហន្តរាយ​ជាមិន​ខាន​ឡើយ​៕

ដោយ ៖ វិទូ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114