ព័ត៍មានទាន់​ហេតុការណ៏
Search

កូន​សត្វ​ដុង​ហ្គុ​ង​ជាទី​ស្រឡាញ់​ បាន​ស្លាប់​នៅ​ប្រទេស​ថៃ​ដោយមាន​ប្លា​ស្ទិ​ក​ក្នុង​ក្រពះ

ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ថា សត្វ​ដុង​ហ្គុ​ង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​នៅក្នុង​ប្រទេស​ថៃ​ហើយ​ករណី​នៃ​ការជួយ​សង្គ្រោះ​របស់​វា​បាន​បង្ក​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការអភិរក្ស​មហាសមុទ្រ​គឺ​បាន​ស្លាប់​ពី​ការឆ្លង​មេរោគ​ដោយសារតែ​ការ​លេប​ប្លា​ស្ទិ​ក​ចូលក្នុង​ក្រពះ។

​ថនិកសត្វ​ឈ្មោះ Mariam មួយ​ក្បាល​នេះ​បាន​អណ្តែត​មក​ទឹក​រាក់​នៅ​ភាគ​និរតី​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ខែ​មុន​ហើយ​រូបថត​របស់​វា​នៅ​ជិត​អ្នក​ជួយសង្គ្រោះ​បាន​បង្ក​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​។​

​លោក Chaiyapruk Werawong ប្រធាន​សួនឧទ្យាន​សមុទ្រ​ខេត្ត Trang បាន​ប្រាប់ AFP ថា Mariam បាន​ស្លាប់​ភ្លាមៗ​នៅ​ពាក់កណ្តាល​អធ្រាត្រ​បន្ទាប់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ត្រូវ​បរាជ័យ​។​

​លោក​និយាយថា Mariam បាន​ស្លាប់​ដោយសារ​ការឆ្លង​មេរោគ​ឈាម​និង​ខ្ទុះ​នៅក្នុង​ក្រពះ​របស់​វា​។ លោក​បន្ថែមថា ពួកគេ​បាន​រកឃើញ​ប្លា​ស្ទិ​ក​ក្នុង​បរិមាណ​តូច​នៅក្នុង​ក្រពះ​របស់​វា​។​

​ពេទ្យសត្វ​ឈ្មោះ Nantarika Chansue បាន​បង្ហោះ​លើ Facebook ថា ការធ្វើ​កោសល្យវិច័យ​មួយ​បាន​បង្ហាញថា ប្លា​ស្ទិ​កបាន​បណ្តាល​ឲ្យ​មាន​ការស្ទះ​នៅក្នុង​ក្រពះ​របស់​សត្វ​ដែល​បណ្តាល​ឲ្យ​មានការ​រលាក​និង​ការបង្កើត​ឧស្ម័ន​។​

​លោកស្រី​និយាយថា “​យើង​អាច​ព្យាបាល​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​បាន​មួយផ្នែក​ប៉ុន្តែ​ការស្ទះ​សំរាម​ប្លា​ស្ទិ​ក​មិនអាច​ជាសះស្បើយ​បានទេ​។ សត្វ​នេះ​បាន​បង្រៀន​យើង​ពី​របៀប​ស្រឡាញ់​ហើយ​បន្ទាប់មក​បាន​ចាក​ចេញទៅ​ដូចជា​ការនិយាយ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​មើលថែរក្សា​យើង​ហើយ​អភិរក្ស​ប្រភេទ​សត្វ​ដូចនេះ​”​។​

​ការស្លាប់​របស់ Mariam ក៏ត្រូវ​បានប្រកាស​នៅលើ​ទំព័រ Facebook របស់​នាយកដ្ឋាន​ធនធាន​សមុទ្រ​និង​ឆ្នេរ​ផងដែរ​។​

​ការ​បង្ហោះ​នេះ​ត្រូវបាន​គេ Share ជាង​១១,០០០​ដង​និង Comment រាប់ពាន់​ដែល​ចូលរួម​សោកស្ដាយ​ចំពោះ​ការបាត់បង់​នេះ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114