ព័ត៍មានទាន់​ហេតុការណ៏
Search

ឥណ្ឌា​ស្តីបន្ទោស​ការ​ជ្រៀតជ្រែក​ពី​អន្តរជាតិ​ក្នុង​បញ្ហា​តំបន់​កា​ស្មៀ​រ​ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា

បាតុករ​រាប់រយ​នាក់​នៅ​តំបន់​កា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ខណៈ​ទីក្រុង​ញូវដែលី​មាន​កំហឹង​យ៉ាងខ្លាំង​ចំពោះ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អំពី​តំបន់​ជម្លោះ​ដែលមាន​ជន​មូស្លីម​ភាគច្រើន​មួយ​នេះ​។​

​ភាព​តានតឹង​មាន​កម្រិត​ខ្ពស់​ចាប់តាំងពី​ប្រទេស​ឥណ្ឌា​កាលពី​ដើមខែ​នេះ​បាន​ដកហូត​សិទ្ធិ​ស្វ័យភាព​របស់​តំបន់​កា​ស្មៀ​រដែ​ល​នេះ​ជា​សកម្មភាព​មួយ​បាន​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរា​គម​លើ​បញ្ហា​ដែលមាន​អាយុ​រាប់​ទសវត្ស​នេះ​។​

​ជាថ្មី​ម្តងទៀត ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ជំរុញ​ឲ្យ​គូប្រជែង​ប្រដាប់អាវុធ​នុយក្លេអ៊ែរ​ទាំ​ង​ពីរ​វិល​ត្រឡប់មក​តុ​ចរចា​វិញ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។​

​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Syed Akbaruddin បាន​សម្តែង​ការ​អាក់អន់ចិត្ត​ចំពោះ​ជំនួយ​ឬ​សំណូមពរ​ពី​ខាងក្រៅ​។​

​លោក​បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​ក្រុមប្រឹក្សា​ដែល​ត្រូវបាន​ស្នើសុំ​ដោយ​ប្រទេស​ប៉ា​គី​ស្ថាន​និង​ចិន​ថា “​យើង​មិន​ត្រូវការ​អន្តរជាតិ​ដើម្បី​ព្យាយាម​ប្រាប់​យើង​ពី​របៀប​រស់នៅ​របស់​យើង​ទេ​។ យើង​មាន​ប្រជាជន​រាប់ពាន់​លាន​នាក់​”​។​

​នៅ​សប្តាហ៍​ដំបូង​នៃ​ខែសីហា ប្រទេស​ឥណ្ឌា​បានបញ្ចប់​ឋានៈ​ស្វ័យភាព​របស់​តំបន់​កា​ស្មៀ បង្កើន​ការ​រឹតត្បិត​ចលនា​និង​កាត់ផ្តាច់​សេវា​ទូរស័ព្ទ​និង​អ៊ី​ន​ធើ​ណែ​ត​។​

​តំបន់​កា​ស្មៀ​រ​ត្រូវបាន​បែងចែក​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៧​និង​ជា​ប្រភព​នៃ​សង្គ្រាម​ធំ​ចំនួន​ពីរលើក​និង​ការប៉ះទង្គិច​គ្នា​រាប់មិនអស់​រវាង​អ្នកជិតខាង​ទាំងពីរ​។​

​នៅ​ទីក្រុង Srinagar ដែលជា​ទីក្រុង​សំខាន់​របស់​តំបន់​កា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា​, ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ប្រជាជន​ដែល​ព្យាយាម​ដើរ​ក្បួន​តាម​ផ្លូវធំ​បន្ទាប់ពី​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ​។​

​នៅ​ទីក្រុង​ញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខ​បានរៀបចំ​កិច្ចប្រជុំ​ជា​លើកដំបូង​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​តំបន់​កា​ស្មៀ​រ​ចាប់តាំងពី​ឆ្នាំ​១៩៧១​មក​។​

​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​ស្ថាប័ន​ពិភពលោក​មួយ​នេះ​បាន​សាទរ​កិច្ចប្រជុំ​នេះ​ថា​ជា​ភ័ស្តុតាង​ដែលថា បញ្ហា​នៅក្នុង​តំបន់​កា​ស្មៀ​រ​គឺជា​ជម្លោះ​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114