ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រាប់រយ​នាក់​ចូលរួម​ពិធី​បុណ្យសព​របស់​ស្ត្រី​រងគ្រោះ​ក្នុងការ​បាញ់ប្រហារ​នៅ​ទីក្រុង El Paso បន្ទាប់ពី​ស្វាមី​អញ្ជើញ​ជា​សាធារណៈ

កាលពី​ថ្ងៃ​សុក្រ អ្នក​កាន់ទុក្ខ​រាប់រយ​នាក់​បាន​ចូលរួម​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​របស់​ស្ត្រី​ម្នាក់​ដែល​ពួកគេ​មិន​ធ្លាប់បាន​ជួប​ដែលជា​ជនរងគ្រោះ​នៃ​ការបាញ់សម្លាប់​ក្នុង​ទីក្រុង El Paso កាលពី​ដើមខែ​នេះ​បន្ទាប់ពី​ប្តី​របស់​នាង​បានធ្វើ​ពិធី​បើកចំហ​ជា​សាធារណៈ​។​

​នៅពេល​នាង Margie Reckard អាយុ​៦៣​ឆ្នាំ​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ផ្សារ Walmart ដែល​បានសម្លាប់​មនុស្ស​ចំនួន​២២​នាក់​ក្នុង​ទីក្រុង​ព្រំដែន​នៃ​រដ្ឋ Texas កាលពី​ថ្ងៃទី​៣​ខែសីហា​, ប្តី​របស់​នាង​ឈ្មោះ Antonio Basco គិតថា គាត់​នឹងត្រូវ​បញ្ចុះសព​នាង​តែម្នាក់ឯង​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​ដូច្នេះ​លោក Basco អាយុ​៦១​ឆ្នាំ​បានស្នើ​សុំ​ឲ្យ​កន្លែង​បញ្ចុះសព​ប្រកាស​អំពី​ការរៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជា​សាធារណៈ​។​

​កាសែត New York Times បាន​ចុះផ្សាយ​ថា មានការ​ចូលរួម​ដោយសារ​រំលែក​ទុក្ខ​ប្រមាណ​១០,០០០​សារ​និង​កម្រងផ្កា​ជាង​៩០០​ដែលមាន​ខ្លះ​ផ្ញើ​មកពី​ឆ្ងាយ​រហូតដល់​អាស៊ី​ឯណោះ​។​

​ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ មនុស្ស​ប្រហែល​៧០០​នាក់​បាន​រង់ចាំ​ចូលរួម​រំលែក​ទុក្ខ​នៅក្រោម​កម្តៅថ្ងៃ​ជិត​៣៨​អង្សា​សេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។​

​នៅក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ពី​លោក Basco ដែល​យំ​ខ្សឹប​ខ្សួល​នៅពេល​គាត់​ទទួល​អ្នក​ជូនពរ​ដោយ​និយាយថា “​នេះ​ពិតជា​រឿង​មិនគួរ​ឲ្យ​ជឿ​”​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា គាត់​បាន​ទុក​ផ្កា​ជា​រៀងរាល់ថ្ងៃ​នៅ​កន្លែង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ខាងក្រៅ​ហាង Walmart ដែលជា​កន្លែង​ការបាញ់ប្រហារ​កើតឡើង​។​

​មុន​ការបាញ់ប្រហារ ខ្មាន់កាំភ្លើង​អាយុ​២១​ឆ្នាំ​បាន​បង្ហោះ​លិខិត​មួយ​តាម​អ៊ី​ន​ធើ​ណែ​ត​ដោយ​ថ្កោលទោស​ការ​លុកលុយ​របស់​អ្នក​និយាយ​ភាសា​អេ​ស្ប៉ា​ញ​ក្នុង​រដ្ឋ Texas៕ AFP

ដោយ ៖ វណ្ណ​វណ្ណ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114