ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់​ ដាក់ពាក្យ​ប្តឹង​ឲ្យ​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ជួយ​រក​យុត្តិធម៌​ជូន​ប្តី​របស់​ខ្លួន​

​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ ឈ្មោះ ប៊ុត កញ្ញា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​ទួត ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​អះអាងថា ជា​ភរិយា​លោក​វរសេនីយ៍ត្រី ថង សាម៉ន ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​យកពាក្យ​បណ្តឹង​ដាក់ជូន​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជួយ​រក​យុត្តិធម៌​ជូន​ប្តី​របស់ខ្លួន ដោយ​អះអាងថា ប្តី​របស់ខ្លួន​ ត្រូវបាន​លោក​ឧត្ដមសេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ដក​បញ្ឈរជើង និង​ចាប់​ឃុំ ឈានដល់​បញ្ជូនទៅ​សាលា​ដំបូង​ឃុំខ្លួន​បណ្ដោះអាសន្ន​យ៉ាង​អយុត្តិធម៌​។​

​តាម​ពាក្យបណ្ដឹង​ដែល​ដាក់ជូន​នាយ​ឧត្ដមសេនីយ៍ សៅ សុខា ចុះ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៩ ដែល​ការិយាល័យ​យើង​ទទួល​បាន​ស្ត្រី​រូបនោះ​បាន​រៀបរាប់ថា “​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ គ្រួសារ​នាង​ខ្ញុំ​ត្រូវបាន​ថ្នាក់ដឹកនាំ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ក្នុង​កំឡុង​ឆ្នាំ​២០១៥ លោក​ឧត្ដមសេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ដឹក​មក​បញ្ឈរជើង នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​អស់​រយៈពេល​ជិត​៥​ឆ្នាំ ដោយ​ចោទប្រកាន់ (​មិន​គោរព​បទ​បញ្ញា​)។ ដោយ​កាលនោះ​លោក​ឧត្ដមសេនីយ៍​ត្រី មេបញ្ជាការ​ខេត្ត អោយ​លោកនាយ​សេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ទូរស័ព្ទ​មក​ប្រាប់​គ្រួសារ​នាង​ខ្ញុំ ឲ្យ​ទៅ​ចាប់​ឈើ​នៅ​ទីតាំង​មួយកន្លែង តែ​គ្រួសារ​នាង​ខ្ញុំ​បាន​ឆ្លើយ​ទៅកាន់​គាត់​ថា កន្លែង​នោះ​គ្មាន​បទល្មើស​ឈើ​ទេ គាត់​ក៏​ខឹង ​និង​ដក​បញ្ឈរជើង ដាក់​ពិន័យ​កងទ័ព​នៅ​ក្នុង​បន្ទាយ​។ ក្រោយមក​ក៏​បញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​តំបន់​អូរ​វែង​ព្រំដែន ស្រុក​សៀម​ប៉ាង​ជា​បណ្ដោះអាសន្ន​។​

​តាម​ពាក្យបណ្ដឹង​នោះបាន​បញ្ជាក់ទៀតថា ប្តី​របស់គាត់​បាន​ចែក​គ្រាប់កាំភ្លើង​ឲ្យ​ទៅ​ទាហាន ជា​កង​កម្លាំង​ដូចគ្នា នៅ​ព្រំដែន ក៏ត្រូវ​លោក​បញ្ជាការ​ខេត្ត​ចោទប្រកាន់ថា លក់​គ្រាប់​ដោយ​ខុសច្បាប់ បន្ត​យក​មក​ដាក់ពិន័យ​នៅ​បន្ទាយ​ជាច្រើន​ឆ្នាំ និង​បង្កើត​គណៈកម្មការ​បង្គ្រប់​កិច្ច​ចុះ​ស្រាវជ្រាវ​ចប់សព្វ​គ្រប់​អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ​។ ទើបតែ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្ដមសេនីយ៍​ត្រី អៀង វ៉ាន់ឌី បាន​ហៅ​ប្តី​របស់គាត់ ឲ្យ​ធ្វើ​ពាក្យស្នើសុំ​ទៅ​បម្រើ​ការងារ​នៅ​អូរ​វែង ឬ​ស្នើសុំ​ជា​នាយរង​សេនាធិការ តែ​ប្តី​របស់គាត់​មិន​ព្រម គាត់​សុំ​ទៅជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សៀម​បូក​មកវិញ​ដដែល ក៏​កើតជា​កំហឹង​ឈប់​និយាយ​ជាមួយ​ប្ដី​របស់គាត់ និង​ឲ្យ​កម្លាំង​ចាប់​ខ្លួន​គាត់​បញ្ជូនទៅ​ឃុំឃាំង​ឲ្យ​​គាត់​ស្លៀក​តែ​ខោខ្លី​២​យប់ និង​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ដោយ​លើក​ការ​ចោទ​ពី​រឿង​ចាស់ ដែល​គាត់​បាន​ចែក​គ្រាប់កាំភ្លើង​ឲ្យ​ទៅ​ទាហាន ដែល​បាន​បញ្ចប់​សព្វគ្រប់​ជាង​៤​ឆ្នាំ​មកហើយ​នោះ និង​បាន​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ទាហាន​។​

​ទាក់ទង​ករណីនេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​នៅឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៩៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114