ព័ត៍មានទាន់​ហេតុការណ៏
Search

មេបញ្ជាការ​ប៉េអិម​ស្រុក​ឯក​ភ្នំ​ រង​ការ​ចោទ​ថា ក្រោយ​ប្រពន្ធ​សម្រាលកូន​បាន​១៥​ថ្ងៃ ផ្ញើ​រូប​អោប​ស្រី​មក​បញ្ឈឺ ធ្វើ​ឲ្យ​ប្រពន្ធ​យំ និង​ឈឺចាប់​រហូត​ដួលសន្លប់​

​បាត់ដំបង ​៖ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ ដែលមាន​ឈ្មោះថា MC Cambodia Page ស្ត្រី​ម្នាក់​ដែល​អះអាងថា ​ជា​ប្រពន្ធ បាន​ចោទប្រកាន់​លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​ថា បាន​ធ្វើបាប​ប្រពន្ធ​កូន​យ៉ាងខ្លាំង ដើរចោល​មិន​ជួយ​ចិញ្ចឹម​កូន ហើយ​ក្រោយ​ប្រពន្ធ​សម្រាលកូន​បាន​១៥​ថ្ងៃ ផ្ញើ​រូប​អោប​ស្រី​មក​បញ្ឈឺ ធ្វើ​ឲ្យ​ប្រពន្ធ​យំ​ឈឺចាប់​រហូតដល់​សន្លប់​ទៀតផង​។​

​បើតាម​ហ្វេ​ស​ប៊ុ​ក​នោះបាន​រៀបរាប់ថា “​ប្តី​ខ្ញុំ ឈ្មោះ ណាប់ ស៊ីថា មេបញ្ជាកា​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បានធ្វើ​បាប​ខ្ញុំ​និង​កូន​ខ្លាំងណាស់ កុហក​បោកប្រាស់​គ្រប់បែបយ៉ាង ទាំងអស់ សូម្បី​លុយ​សម្រាលកូន​ក៏​គាត់​មិនឲ្យ​ខ្ញុំ​ដែរ ​ជា​លុយ​ម្តាយ​ខ្ញុំ​ទាំងអស់ ពេល​ខ្ញុំ​សម្រាលកូន​បាន២ ម៉ោង​ គាត់​ទៅ​ចោល​ខ្ញុំ ឲ្យ​ងងឹត​មុខ​ដួលសន្លប់​ក្នុង​បន្ទប់ទឹក នៅ​មន្ទីរពេទ្យ​ហៅ​គាត់​ឲ្យ​ត្រលប់មក​មើល​ខ្ញុំ​ គាត់​មិន​មក​មើល​ខ្ញុំ​ និង​កូន​ទេ ឲ្យ​បងស្រី​គាត់​មក​មើល​ជំនួស ​ហើយ​បងស្រី​នោះ បានធ្វើ​បាប​ខ្ញុំ និង​កូន​ បង្ខំ​ខ្ញុំ​ឲ្យ​ហូប​របស់​ដែល​គេ​តម​ខ្លាច​ទាស់​យក​ម្ហូប​ត្រីងៀត​ខ្ញុំ​ទុក​ហូប​កូនខ្ចី បោះចោល​ទាំងអស់ ធ្វើបាប​បញ្ចុក​ទឹកដោះគោ​កូន​ខ្ញុំ​ឲ្យ​ឈ្លក់​វក់វី រហូតដល់​ឈឺ​ធ្ងន់​ចូល​ពេទ្យ​គន្ធបុប្ផា​សៀមរាប ទៅដល់​ពេទ្យ​សៀមរាប បង​គាត់​ដេញ​ម្តាយ​ខ្ញុំ​មិនឲ្យ​ប៉ះ​កូន​ខ្ញុំ ស្តីថា​ប្រើពាក្យ​ធ្ងន់ៗឲ្យ​ម្តាយ​ខ្ញុំ​ មុខ​គេ​ឯង​មើល​គ្រប់គ្នា បងស្រី​គាត់​ធ្វើ​កូន​ខ្ញុំ​វក់វី​មិនឲ្យ​បាន​គេង​ស្រួល​ទេ ទាំង​កូន​ខ្ញុំ​កំពុង​ឈឺ​សេរ៉ូម​ព្យួរ​ និង​ច្រមុះ​ផង​ ដៃ​ផង គ្មាន​អាណិត​ក្មេង​ទើប​កើត​បាន៣ថ្ងៃ បន្តិច​សោះ​ ប្តី​ខ្ញុំ​កាន់ជើង​បងស្រី​គាត់ មក​ធ្វើ​បាប​ខ្ញុំ និង​កូនឲ្យ​លំបាក​វេទនា​បំផុត​។ ហើយ​ចង់​ដណ្តើម​កូន​ខ្ញុំ​យក​ឲ្យបងស្រី​គាត់​ទៅ​ចិញ្ចឹម​នៅ​ភ្នំពេញ ខ្ញុំ​មិន​ព្រមឲ្យ ​ទើប​ប្តី​ខ្ញុំ​មក​ធ្វើបាប​ខ្ញុំ​ និង​កូន យក​ខ្ញុំ​ និង​កូន​មក​ទុកចោល​នៅផ្ទះ​ម្តាយ​ខ្ញុំ​នៅ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ក៏​បើកឡាន​ទៅ​ចោល​ខ្ញុំ​រហូត ខ្ញុំ​សម្រាលកូន​បាន​១៥​ថ្ងៃ គាត់​ផ្ញើ​រូប​អោប​ស្រី​មក​បញ្ឈឺ​ខ្ញុំ ឲ្យ​​យំ​ឈឺចាប់​ស្ទើរ​ស្លាប់ ស្ទើរ​រស់ ដល់​សន្លប់ ជាច្រើនលើក​។ ខ្ញុំ​ខ​ល​ហៅ​គាត់​ឲ្យ​ត្រលប់មក​មើល​ខ្ញុំ ​និង​កូន ដែល​កំពុង​ឈឺ គាត់​មិន​មក​មើល​ទេ គាត់ Block លេខ​ខ្ញុំ​ទាំងអស់​ដែល​ខ​ល និង​ផ្ញើ​សារ​ទៅ​គាត់​”​។​

​តាម​ហ្វេ​ស​ប៊ុ​ក​ដដែល​ស្ត្រី​នោះ បាន​រៀបរាប់​ទៀតថា “​ប្តី​ខ្ញុំ​គាត់​បង្ខំ​ម្តាយ​ខ្ញុំ​ឲ្យ​លក់​ដី​ភូមិ​ដី​ចម្ការ ​លក់​ផ្ទះ ឲ្យ​គាត់ ដោយ​ប្រើពាក្យ (​ថា​ម៉ែ​ឯង​មិន​លក់ បើ​ម៉ែ​ឯង​ងាប់​ទៅ​ខ្ញុំ ​គង់តែ​លក់​ចោល​ទេ ប្រពន្ធ​ខ្ញុំ​មិន​ហ៊ាន​ជាមួយ​ខ្ញុំ​ទេ​) បង្ខំ​ខ្ញុំ​ឲ្យលក់​កងដៃ ចិញ្ចៀន​របស់​ដែល​នៅ​ខ្លួន​ខ្ញុំ​មាន​អ្វី​គាត់​ប្រើ​ឲ្យ​​ខ្ញុំ​លក់​យក​លុយ​ឲ្យ​គាត់​ទាំងអស់​រយៈពេល​២​ឆ្នាំ​ហើយ​ គាត់​មិនដែលឲ្យ​លុយ​ខ្ញុំ​ចិញ្ចឹម​កូន​មួយ​រៀល​ខ្មែរ​ទេ តាំងពី​កូន​កើតមក លុយ​សម្រាលកូន​ក៏​ជា​លុយ​ម្តាយ​ខ្ញុំ​ទាំងអស់ ម្តាយ​ខ្ញុំ​ជួយ​ចិញ្ចឹម​កូន​ខ្ញុំ គ្រប់​បែបយ៉ាង តែ​ប្តី​ខ្ញុំ​គាត់​ខំ​រកលុយ​ចិញ្ចឹម​ម៉ែ​ និង​បងប្អូន​គាត់​គាត់​គិតតែ​សប្បាយ​ស្រី​ញី ធ្វើបាប​បញ្ឈឺ​ដាក់​ខ្ញុំ​រហូត គំរាម​ធ្វើបាប​ខ្ញុំ​ដល់​ជីវិត គាត់​អាង​អំណាច​បុណ្យ​សក្ដិ​គាត់​ជា​មេ PM ស្រុក មក​ធ្វើបាប​ខ្ញុំ និង​កូន​គ្មាន​ចិត្តធម៌​មេត្តា​អាណិតអាសូរ​ដល់​ខ្ញុំ និង​កូន​បន្តិច​ទេ កូន​មិនដែល​ឃើញ​មុខ​ឪពុក​ដូច​កូន​គេ​ទេ​😭”​។​

​ទាក់ទង​បញ្ហា​នេះ ការិយាល័យ​យើង​មិនអាច​ស្វែងរក​ការបញ្ជាក់​ពី​លោក ណាប់ ស៊ីថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយ​ដែលមាន​ឈ្មោះថា ហេង សុ​វ​ត្តី បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​នេះ មាន​បញ្ហា​តាំងពី​យូ​រ​ណាស់​មក​ហើយ​។

​សូមបញ្ជាក់ថា ប្រសិនបើ​រឿង​ខាងលើនេះ​ដូចជា​ការចោទប្រកាន់ និង​រៀបរាប់​របស់​ប្រពន្ធ​មែន​នោះ មន្ត្រី​បែបនេះ អាច​ទទួល​ការវះកាត់​បាន ​ដោយ​អភិក្រម​ទី​៥ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ពីព្រោះ​គេ​ចាំ​បាន​ថា មាន​មន្ត្រី​ច្រើន​ណាស់​ហើយ ដែល​ត្រូវ​ប្រមុខ​រាជរដ្ឋាភិបាល គឺ​ សម្តេច​តេ​ជោ ហ៊ុន សែន អនុវត្ត​អភិក្រម​ទី​៥ ហើយ​ថ្មីៗ​នេះ ក៏​មាន​ចៅក្រម ព្រះរាជអាជ្ញា ចំនួន​២​រូប ​ទទួល​ការវះកាត់​បែបនេះ​ដែរ​៕

ដោយ ៖ កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114