ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ថា ការប្រកាស​ចូល​មក​ក​ម្ពុ​ជា​របស់ សម រង្ស៊ី នៅ​ថ្ងៃទី​៩ វិច្ឆិកា ខាងមុខ នឹង​ត្រូវ​អស់​លក្ខណ៍

ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ថា ការប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​ប្រទេស​កម្ពុជា​វិញ របស់លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ នឹង​ត្រូវ​អស់​លក្ខណ៍ ពីព្រោះ​បើ​មក​មែន នឹង​ត្រូវ​ចាប់​ដាក់​ខ្នោះ​បញ្ចូល​គុក​តាម​សា​ក្រម​របស់​តុលាការ តែ​បើ​មិន​ហ៊ាន​មក​តាម​ការប្រកាស​នោះ​ទេ នឹង​លែង​ទទួលបាន​ការ​គាំទ្រ​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ទាំងស្រុង​។

ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​ត្រូវ​បាន​ហៅថា ជា​ឧទ្ទាម​ក្រៅច្បាប់ បានកំណត់​យក​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា​) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​ប្រទេស​កម្ពុជា​វិញ ជាមួយ​អ្នក​ស្ម័គ្រស្មោះ​មួយចំនួន​។

លោក សុខ ឥសាន បញ្ជាក់​យ៉ាង​នេះ​ថា “​ទណ្ឌិត​រត់ចោលស្រុក​នឹងត្រូវ​អស់​លក្ខណ៍ ទី​១- បើ​ទណ្ឌិត​នេះ​មក​មែន នឹង​ត្រូវ​ចាប់​ដាក់​ខ្នោះ​បញ្ចូល​គុក​តាម​សា​ក្រម​របស់​តុលាការ និង​ទី​២- បើ​ទណ្ឌិត​មិន​ហ៊ាន​មក​តាម​ការប្រកាស​រួច​ហើយ​នោះ ទណ្ឌិត​រូប​នេះ​នឹង​ត្រូវ​បដិសេធ​ពី​អារ​ម្ម​ណ៍​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ទាំងស្រុង​”​។ លោក​បន្ត​ថា ការប្រកាស​ចូល​ស្រុក​នៅ​ថ្ងៃ​៩ វិច្ឆិកា ខួប​ទី​៦៦​ឆ្នាំ នៃ​ឯករាជ្យ​ជាតិ អត់​មាន​គ្មាន​ពាក់ព័ន្ធ នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នោះទេ​។ ចំពោះ​ជនបរទេស ដែល​ចូលទៅ​ស្រុក​ខ្មែរ​អត់​ទិដ្ឋាការ​នោះ ត្រូវបាន​ចាត់ទុកជា​អ្នក​ចូល​ខុសច្បាប់ ដែល​ត្រូវ​បញ្ចេញ​ជូនទៅ​ប្រទេស​ដើម​វិញ​ហើយ​បើ​នៅតែ​រឹង​ទឹង​នឹងត្រូវ​បញ្ជូនទៅ​តុលាការ ហើយ​នៅពេល​លោក សម រង្ស៊ី ចូលមក​កម្ពុជា​នោះ អ្នក​ហែរ​ហម​នឹងត្រូវ​ចាត់ទុកជា​ជនល្មើស​ច្បាប់ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ពីបទ​ប្រឆាំងនឹង​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក សុខ ឥសាន លើកឡើង​ទៀតថា ក្តីសង្ឃឹម​ដែល​ក្រុម​លោក សម រង្ស៊ី រំពឹងថា ខ្មោច​អតីត​បក្សប្រឆាំង នឹង​រស់​ឡើងវិញ​នោះ គឺ​មិនអាច​ជាដាច់ខាត​។ លោក​បន្តថា តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ត្រូវ​បែងចែក​តាមច្បាប់​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ ដែល​បានធ្វើ​សកម្មភាព​នយោបាយ​ស្របច្បាប់​ទៅហើយនោះ មិនអាច​មានមុខ​ឡើងវិញ​ជាថ្មី​ជាដាច់ខាត។

តាម​លោក សុខ ឥសាន កិច្ចការ​នយោបាយ និង​ការអនុវត្ត​ច្បាប់ គឺជា​រឿង​ដាច់ដោយឡែក​ពីគ្នា គឺ​សកម្មភាព​នយោបាយ ដែល​ជ្រុលនិយម​នាំ​ដល់​ល្មើសច្បាប់​ធ្ងន់ធ្ងរ មិន​អាច​សម្របសម្រួល​ថា ជា​រឿង​នយោបាយ​បានឡើយ​។ បើ​ពុំ​ដូច្នោះ​ទេ គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នឹង​ត្រូវ​បំផ្លាញ​។

សូម​បញ្ជាក់​ថា លោក សម រង្ស៊ី និង​បក្សពួក ដែលជា​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​បានកំណត់​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (៩ វិច្ឆិកា​) ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​អគ្គស្នងការ​នគរបាល​ជាតិ​ថា បាន​អះអាងថា សមត្ថកិច្ច​បាន​ត្រៀម​អស់ហើយ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខ បើសិនជា​ពួកគេ​មក​កម្ពុជា​មែន​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​អះអាង​ប្រាប់​កម្ពុ​ជាថ្មី​ថា កម្លាំង​បាន​ត្រៀម​អស់ហើយ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​។ លោក​ឧ​ត្ត​ម​សេនីយ​បញ្ជាក់​យ៉ាងនេះ​ថា “​បាន​ត្រៀម​អស់ហើយ ផែនការ​ត្រៀមលក្ខណៈ​អស់ហើយ មក​ច្រក​ណា​ក៏បាន ផ្លូវទឹក ផ្លូវគោក មុជ​ក្រោម​ដី ឡើងលើ​អាកាស​ក៏​ចាប់​ដែរ​”​។

ទាក់ទង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៩ អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួម​ជាមួយ​មេបញ្ជាការ​កងទ័ព​គ្រប់​អង្គភាព និង​អភិបាលខេត្ត ដែល​ពាក់ព័ន្ធ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ប្រតិបត្តិការ​អនុវត្ត​តាម​ដីកា​របស់​តុលាការ ក្នុងការ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក នៅពេល​ចូលមក​កម្ពុជា ខាង​នគរបាល​ដឹកនាំ​ដោយ នាយ​ឧត្តម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ហើយ​ខាង​កងទ័ព​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏​ធ្លាប់​បានប្រកាស​ពី​ការ​ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្សី និង​បក្ខពួក​ផងដែរ ដោយ​បញ្ជាក់​ថា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ទទួល​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្សី និង​បក្ខពួក ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស ហើយ​បច្ចុប្បន្ន​កំពុង​គេចខ្លួន រួចហើយ​។ ក្នុង​តួនាទី​ជា​ភ្នាក់ងារ​អនុវត្ត​ច្បាប់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​ស្របតាម​ច្បាប់ ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដីកា​របស់​តុលាការ ក្នុង​ការ​ស្វែងរក និង​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក យកមក​ផ្តន្ទាទោស តាមច្បាប់​ជា​ធរមាន​។

បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក្នុង​ស្មារតី​រួមចំណែក​ពង្រឹង និង​ការពារ​នីតិរដ្ឋ ព្រមទាំង​ធានា​ការ រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ប្រសើរ អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ដល់​សាធារណ​ជនជាតិ និង​អន្តរជាតិ ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​ភារកិច្ច​របស់​កងកម្លាំង​អនុវត្ត​ច្បាប់ និង​កុំ​ធ្លាក់​ក្នុង​ឧបាយកល​ញុះញង់​របស់​ជន​អគតិ​មួយ​ក្តាប់​តូច ដែល​កំពុង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​បះបោរ​ប្រឆាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​សកម្មភាព​នេះ គឺជា​ទង្វើ​ខុសច្បាប់ ហើយក៏​ជា​ទង្វើ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម ហើយ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​ចេតនា​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ ព្រោះ​សកម្មភាព​រារាំង​ការអនុវត្ត​ដីកា​របស់​តុលាការ គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ អគ្គស្នងការ​នគរបាល​ជាតិ​សង្ឃឹមថា សាធារណ​ជនជាតិ និង​អន្តរជាតិ នឹង​ចូលរួម​សហការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114