ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ ទទួលបាន​ប្រាក់រង្វាន់ ៣១,០០០​ដុល្លារ ពី​សម្តេចនាយក​រដ្ឋមន្ត្រី

ក្រោយ​ត្រឡប់​ពី​បំពេញបេសកកម្ម​ក្នុង​ពានរង្វាន់ AFF U-18 Championship 2019 នៅ​ប្រទេស​វៀតណាម និង​មកដល់​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៦ ខែសីហា​ម្សិលមិញ​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៨​ឆ្នាំ ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដ៏​ថ្លៃថ្លា ពីស​ម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នូវ​ទឹកប្រាក់​សរុប ៣១,០០០​ដុល្លារ សហរដ្ឋអាមេរិក​។

​ក្រោយពី​មកដល់​មាតុប្រទេស​វិញ ក្រុម​កីឡាករ​និង​គ្រូបង្វឹក​នៃ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​នោះ បាន​ជួប​សំណេះសំណាល​ជាមួយនឹង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

ក្នុងឱកាស​សំណេះសំណាល​នោះ​ផងដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ប្រគល់​ថវិកា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់​កីឡាករ និង​ក្រុមការងារ​សរុប​ចំនួន ៣១​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ចំនួន ១,០០០​ដុល្លារ សរុប​ចំនួន ៣១,០០០ ដុល្លារ។

សូម​រំលឹកថា ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​១៨​ឆ្នាំ បញ្ចប់​ទៅក្នុង​ព្រឹត្តិការណ៍​ខាងលើនេះ​ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ លើ​សិង្ហ​បុរី និង​ថៃ ដោយ​កាន់ ៦​ពិន្ទុ​ក្នុង​ដៃ ពី​ការប្រកួត​ឈ្នះ​២ មិនដែល​ស្មើ និង​ចាញ់​៣ ស្របពេល​ដែល​ពូ​ល B នេះ​អូស្ត្រាលី ជាមួយ​ម៉ាឡេស៊ី ជា​ក្រុម​ដែល​ឈរ​នៅ​លេខ​១ និង​លេខ​២ ហើយ​បាន​កៅអី​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផងដែរ​។

​យ៉ាងណាមិញ នៅ​មិនទាន់​ចប់​ឡើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជា ដោយ​ពួកគេ​នឹងត្រូវ​ត្រៀមខ្លួន​ក្នុងការ​ប្រកួត​ជម្រុះ​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី AFC U-19 Championship 2020 Qualifiers នៅ​ដើមខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩​ខាងមុខនេះ ដែល​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ថៃ​, ម៉ាឡេស៊ី​, ព្រុយ​ណេ និង កោះ​ម៉ា​រី​ណា​ខាងជើង ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114