ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​នារី​កម្ពុជា ត្រូវ​ប្រកួត​តតាំង​ជាមួយ ជម្រើសជាតិ​នារី​មី​យ៉ាន់​ម៉ា ក្នុងជំនួប​ទី​២ ប្រចាំ​ពូ​ល B ពានរង្វាន់​ជើងឯក​នារី​អាស៊ីអាគ្នេយ៍

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​បន្ត​ការប្រកួត​ទី​២ របស់ខ្លួន​ក្នុង​ពូ​ល B នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​នារី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Women’s Championship 2019 ) ដោយ​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​មី​យ៉ាន់​ម៉ា នៅ​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។

សម្រាប់​ការប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា ជាមួយ ជម្រើស​ជាតិ​នារី​មី​យ៉ាន់​ម៉ា ក្នុងជំនួប​ទី​២ ប្រចាំ​ពូ​ល​ដដែល​នេះ នឹងធ្វើ​ឡើង នៅវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច នៅ​កីឡដ្ឋាន IPE Chonburi Stadium 1​។​

​មុន​ជួប​គ្នា ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា ទើបតែ​បាន​ទទួលរង​បរាជ័យ​ចាស់ដៃ ប្រកួត​ដំបូង ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើស​ជាតិ​នារី​វៀតណាម និង​បាន​នាំ​ឲ្យ នារី​កម្ពុជា ឈរ​នៅ​លេខ​៤ បាត​តារាង ប្រចាំ​ពូ​ល B ដោយមាន ០​ពិន្ទុ​ហើយ​ដក​គ្រាប់​បាល់ ១០​គ្រាប់​ថែមទៀត​ផង​។ ក្នុង​ពូ​ល B នេះ វៀតណាម ឈរ​នៅ​លេខ​គេ​, លេខ​២ មី​យ៉ាន់​ម៉ា​, ដែល​សុទ្ធសឹង​តែមាន​៣​ពិន្ទុ​ដូចៗ​គ្នា ខណៈ​លេខ​៣ ឥណ្ឌូនេស៊ី និង​កម្ពុជា លេខ​៤ មាន ០​ពិន្ទុ​ដូចគ្នា​។

សូម​បញ្ជាក់​ថា ប្រកួត​ដំបូង ក្រុមបាល់ទាត់​ជម្រើសជាតិ​នារីក​ម្ពុ​ជា ចាញ់ ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​វៀតណាម ១០-០ ខណៈ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​នារី​មី​យ៉ាន់​ម៉ា បានឈ្នះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​ឥណ្ឌូនេស៊ី ៧-០​។

ការ​គណនា​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត គឺ​តម្រូវ​យក​ក្រុម​ចំណាត់ថ្នាក់​លេខ ១ ពូ​ល A ឡើង​ជួប លេខ ២​ពូ​ល B និង​លេខ ១​ពូ​ល B ឡើង​ជួប​លេខ ២ ពូ​ល A ដើម្បី​ប្រកួត​រក​ក្រុម​ឈ្នះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ និង​ក្រុម​ចាញ់​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ ៣​។ សមាសភាព​ក្រុម​ក្នុង​ពូ​ល A វិញ រួមមាន ថៃ​, ទី​ម័​រ​ខាងកើត​, សិង្ហ​បុរី​, ម៉ាឡេស៊ី និង​ហ្វីលីពីន​។

ការប្រកួត​ទាំងអស់​ក្នុង​ពានរង្វាន់​បាល់ទាត់​ជើងឯក​នារី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ( AFF Women’s Championship 2019 ) នឹងមាន​ការផ្សាយ​ផ្ទាល់​នៅលើ​វិ​ប​សាយ mycujoo របស់​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​។

​គួរ​រំលឹក​ថា សម្រាប់​កម្ពុជា ទើបតែ​បាន​ចូលរួម​ក្នុង​ពានរង្វាន់​លក្ខណៈ​អន្តរជាតិ​នេះ ជា​លើក​ទី​២​ប៉ុណ្ណោះ ក្រោយពី​ចូលរួម​លើកដំបូង​ឆ្នាំ ២០១៨ ដែល​កាលនោះ​ប្រកួត ៤​លើក ឈ្នះ ១ និង​ចាញ់ ៣​លើក​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114