ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​បង្កើត​Telegram Channel មួយ​ដើម្បី​ផ្តល់​ព័ត៌មាន​បន្ទាន់​ស្តីពី​ដំណើរការ​ប្រឡង​បាក់​ឌុប​

​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត Telegram Channel មួយ ដើម្បី​ផ្តល់​ព័ត៌មាន​ជាប្រចាំ និង​ព័ត៌មាន​បន្ទាន់ ស្តី​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​សំណេរ ក្នុងសម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩​សីហា​២០១៩​។

​Telegram Channel​នេះ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​អាច​Subscibe តាមរយៈ​Linkttps:// t.me/ join cha t/A AAAAEt-Bsn4tOxuI9qT-A​នឹង​ទទួល​បាន​ព័ត៌មាន​ជាច្រើន​ទាក់ទិន​នឹង​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ឲ្យ​ដឹង​ថា​ ការ​បង្កើត Telegram Channel​នេះ​គឺ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ផ្សេងៗ​ស្តីពី​វឌ្ឍនភាព​នៃ​ដំណើរការ​សំណេរ ក្នុង​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​១៩​សីហា​២០១៩​ដោយ​គ្រាន់តែ​ចុច​តាមរយៈ​Linkttps:// t.me/ join cha t/A AAAAEt-Bsn4tOxuI9qT-A​តែប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា ​«​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម ដោយ​ស្មារតី​ភាតរភាព​របស់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ក្នុងការ​គាំទ្រ​ដល់​ដំណើរ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩»​។

នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្កើត​Telegram Channel​នេះ​ឡើង​សម្រាប់​ផ្តល់ព័ត៌មាន​ពី​ដំណើរ​ការ​ប្រឡង​បាក់​ឌុប​ខណៈ​ឆ្នាំមុនៗ​ក្រសួង​តែងតែ​បង្ហោះ​នៅ​តាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ប៉ុណ្ណោះ​។

ជាក់​ស្តែង​តាមរយៈ​Telegram Channel​នេះដែរ ​ក្រសួង​អប់រំ​បាន​ណែនាំ​ដល់​ប្អូនៗ​បេក្ខជន​ប្រឡង​ទាំងអស់ ទៅពិនិត្យ​លេខ​តុ លេខ​បន្ទប់ និង​មណ្ឌល​ប្រឡង​របស់ខ្លួន​រៀងៗ​ខ្លួន​កុំបី​ខាន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨ ខែសីហា ឆ្នាំ​២០១៩​ដើម្បី​ឲ្យ​បេក្ខជន​អាច​ប៉ាន់ស្មាន​ចម្ងាយ​ផ្លូវ​និង​រយៈពេល​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់នៅ​ទៅកាន់​មណ្ឌល​ប្រឡង​ហើយ​អាច​ស្គាល់​ស្ថានភាព​ចរាចរណ៍​អាច​ដឹង​ទីតាំង​មណ្ឌល​ប្រឡង កន្លែង​ធ្វើ​កង់​ម៉ូតូ កន្លែង​លក់​បាយ សម្រាប់​ត្រៀមខ្លួន​មុន​ប្រឡង អាច​ស្គាល់​ទីតាំង​បន្ទប់​ប្រឡង នៅក្នុង​មណ្ឌល​ប្រឡង​របស់​ខ្លួ​ឲ្យ​ហើយ​។​អាច​ពិនិត្យ​ព័ត៌មាន​ឯកត្តជន ថ្ងៃខែ​ឆ្នាំ​កំណើត​ឬ​ភាពត្រឹមត្រូវ​នៃ​ឈ្មោះ និង​ភេទ​ខ្លួន​ឯង​បាន​ម្តងទៀត អាច​ដឹងខ្លួន​ទុក​មុន​ថា​អ្វីខ្លះ​ដែល​ត្រូវបាន​អនុញ្ញាត​ឬ​ហាមឃាត់ ក្នុង​បន្ទប់​ប្រឡង​។

គួរ​បញ្ជាក់​ថា ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៩​និង​២០​ ខែសីហា​នេះ មាន​មណ្ឌល​ប្រឡង​សរុប​២០២​មណ្ឌល ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ ៧៥​មណ្ឌល និង​វិទ្យាសាស្ត្រ​សង្គម​១២៧​មណ្ឌល មាន ៤៧២៥​បន្ទប់ ដោយមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៧០២៤​នាក់ ស្រី​៦០៤២១​នាក់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់​មាន​១៨១០​បន្ទប់​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់​មាន​២៩១៥​បន្ទប់​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114